កែប ៖ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់បានស្លាប់ ចំណែកមនុស្សប្រុសស្រី ចាស់ក្មេង១០នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រថយន្តTACOMA អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូតហោះធ្លាក់ចូលប្រឡាយ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣៣ មុខសកលវិទ្យាល័យចំការដូង ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

រថយន្តជួបគ្រោះថ្នាក់ ម៉ាកTACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-3606 បើកបរដោយឈ្មោះ ម៉ីន អាស៊ី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃសាលាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងអ្នករួមដំណើរ១០នាក់ទៀត សុទ្ធតែបងប្អូន រស់នៅក្នុងភូមិជាមួយគ្នា ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុរថយន្តបើកលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ អ្នកបើកងងុយដេក ងោកមួយភាំង រថយន្តរេចង្កូតហោះធ្លាក់ចូលប្រឡាយ បណ្តាលឲ្យក្មេងប្រុសម្នាក់អាយុ៦ឆ្នាំ ស្លាប់បាត់ជីវិត ចំណែក១០នាក់ទៀតរងរបួសស្រាល ។

ក្រោយមើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ សពម្មេងប្រុសត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងបែប ជាបណ្តោះអាសន្ន ៕

អត្ថបទ៖តាតុងសែនជ័យ

Share.