ឧបករណ៍ល្មើសនេសាទជាច្រើនកន្លែងត្រូវបានបំផ្លាញចោល នៅក្នុងប្រតិបត្តិការចុះបង្រ្កាបទ្រង់ទ្រាយធំ ជាបន្តបន្ទាប់ក្នុងរដូវបិទនេសាទនេះដោយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់។

ប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី 9 រហូតដល់ថ្ងៃទី 12 ខែកក្កដាឆ្នាំ 2021នេះនៅលើផ្ទៃបឹងទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ពោលក្នុងស្រុកក្រគរ ស្រុកបាកាននិងស្រុកកណ្ដៀង។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្នុងយុទ្ធនាការចុះ បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទរយៈពេល 5 ថ្ងៃកន្លងមកនេះជាលទ្ធផល សមត្ថកិច្ចបានបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែងដូចជារបាំងសាច់អួនចំនួន 53 ខ្សែ ដែលមានប្រវែង 8230ម៉ែត្រ របាំងស្បៃមុងចំនួន 15 ខ្សែដែលមានប្រវែង 1850m  បង្គោលចម្រឹង 3540 ដើម រួមទាំងស្បៃមុងនិង អួនជាដើមនិងជាពិសេសបានចាក់លែងកូនត្រីចម្រុះចូលក្នុងទន្លេវិញជិត 100 គីឡូក្រាមផងដែរ។

លោកថាប្រតិបត្តិការនេះនឹងអនុវត្តជាបន្តបន្ទាប់ទៀតឱ្យដូចភ្លៀងរលឹមជាពិសេសក្នុងរដូវត្រីពងកូនសំដៅធ្វើយ៉ាងណាឲ្យពូជមច្ឆាជាតិសម្បូរឡើងវិញ។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តលើកឡើងថា ធនធានមច្ឆាជាតិហាក់ធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារកត្តាមនុស្សនិងកត្តាធម្មជាតិ។ដូច្នេះដើម្បីឲ្យស្ថានភាពពូជមច្ឆជាតិធានាបាននូវនិរន្តរភាពត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋទើបមានប្រសិទ្ធភាព។

លោកនាយខណ្ឌបានអំពាវនាវសូមឲ្យបងប្អូនប្រជានេសាទទាំងអស់កុំប្រើឧបករណ៍នេសាទទាំងឡាយណាដែលច្បាប់ហាមឃាត់បង្កគ្រោះមហន្តរាយដល់ធនធានមច្ឆាជាតិហើយអ្នកប្រព្រឹត្តត្រូវប្រឈមនឹងផ្លូវច្បាប់ផងដែរ៕

អត្ថបទ៖ ភ្នាក់ងារខេត្តពោធិ៍សាត់

Share.