សិល្បៈជាតិ៖ តាមការប្រកាសជាផ្លូវការនៅលើហ្វេសប៊ុកផេក Miss Grand Cambodia នៅថ្ងៃទី ៨ មិថុនា ២០២៣ នេះ បានឱ្យដឹងថា ស្ថាប័នប្រកាសដកបេក្ខភាពឈ្មោះ កែវ ស្រីលីន ដែលតំណាងឱ្យខេត្តកំពត ចេញពីកម្មវិធីប្រកួត Miss Grand Cambodia 2023 នេះ។

ស្ថាប័ន Miss Grand Cambodia បានចេញសេចក្ដីប្រកាសថា ៖ «ជាដំបូងស្ថាប័នយើងខ្ញុំសូមអភ័យទោសដល់ទស្សនិកជន ខាងស្ថាប័នយើងខ្ញុំពិតជាមិនចង់អោយមានបញ្ហាកើតឡើងឡើយ ប៉ុន្តែក្រោយពីទុកឱកាសដល់កញ្ញាច្រើនដង ប៉ុន្តែនៅតែមិនមានការកែប្រែ ស្ថាប័នយើងខ្ញុំខ្លាចមានបញ្ហាដល់ពេលប្រឡងថ្ងៃខាងមុខ យើងសូមប្រកាសដកកញ្ញាពី Miss Grand Cambodia តំណាងខេត្ត កំពត ជាផ្លូវការតែម្តង ។ បញ្ជាក់យើងនឹងប្រកាសបេក្ខភាពដែលមកតំណាងខេត្តកំពត ក្នុងពេលឆាប់ៗនេះ ។ សូមអរគុណ សង្ឃឹមពុកម៉ែបងប្អូននឹងយោគយល់ដល់ខាងស្ថាប័ន»។

ការ​ដក​បេក្ខភាព​តំណាង​ខេត្ត​កំពតនេះ​ធ្វើ​ឡើង​តាម​រយៈ​ហេតុផល​ចំនួន​ពីរគឺ
១- កញ្ញា​មិន​គោរព​តាម​គោលការណ៍​ និង​លក្ខខណ្ឌ​កុងត្រា​របស់​ក្រុមហ៊ុន​
២- កញ្ញា​មិន​គោរព​ពេលវេលា​ ពិបាក​ក្នុង​ការទំនាក់ទំនង​

គួររំលឹកផងដែរថា កញ្ញា កែវ ស្រីលីន ធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ ២០២២ ដែលនៅពេលនោះកញ្ញាទទួលបានតំណែងត្រឹម លំដាប់រងទី ៣ ឬ The 3rd Runner-Up ពីកម្មវិធី​។ ហើយកញ្ញាធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss Cambodia ឆ្នាំ២០២០ ទទួលបានតំណែងលំដាប់រងទី ២ ឬ The 2nd Runner-Up ។

អាន​៖ លោក​ស្រី​ អ៊ឹម​ សុគន្ធា​ ត្រៀមលើស​​​២០​ម៉ឺន​ដុល្លារ ធ្វើ​ឱ្យ​កក្រើក​​​​រាត្រី​បំពាក់​មកុដ Miss Grand Cambodia 2023 ​

Share.