សិល្បៈជាតិ៖ ដោយសារតែរឿង ទំពាំង ដែលកំពុងតែផ្ទុះការវែកញែកនៅលើបណ្ដាញសង្គមអស់មួយ​ប្រ៉ាវ​នោះ​ គេស្រាប់តែឃើញអតីត​តារាសម្ដែង​ស្រី សួង​ សុខា​រ៉ានីត​ ចេញមុខមកវែកញែក​ដូចគ្នា​ឱ្យមហាជន​ពិចារណា​។ នៅក្នុងនោះ អតីតតារាសម្ដែង​រូបនេះ​បានសរសេរជាចំណងជើងរៀបរាប់ថា​៖ « សូម​ផ្ញើ​ទៅ​អ្នក​ដែល​អាណិត​ចោរ​»។

នៅពេលដែលឃើញមតិរបស់អ្នកលេងបណ្ដាញសង្គមមួយចំនួនវែកញែកគាំទ្រអាណិតចោរលួចទំពាំងនោះ អ្នកនាង សួង​ សុខា​រ៉ានីត ក៏បាននិយាយនៅក្នុងវីដេអូខ្លីបង្ហោះនៅលើបណ្ដាញសង្គមថា អ្នកនាងថា ក៏ចេះធ្វើបុណ្យដូចគ្នា ប៉ុន្តែអ្នកនាងបានធ្វើបុណ្យតាមរយៈជួយកុមារកំព្រា ជួយដល់មនុស្សចាស់ជរា អ្នកដែលមានជំងឺ និងជួយអ្នកដែលខ្វះខាតពិតប្រាកដ ហើយការជួយនោះ បើទោះបីជាអ្នកនាងអត់យ៉ាងណា នោះក៏អ្នកនាងត្រូវបេះបោចពីមាត់ពីកមកជួយដែរ។ យ៉ាងណាមិញ អ្នកនាងក៏មិនគាំទ្រចំពោះទង្វើចោរដែលលួចរបស់គេទាល់តែសោះ សូម្បីតែមើលរូបរាងកាយរបស់ចោរមួយនេះរឺងមាំមានមាឌធំ។

អ្នកនាង សួង​ សុខា​រ៉ានីត បានបន្តនិយាយសង្កត់ធ្ងន់ទៀតថា តើដោយសារតែក្រទើបទៅលួចគេមែនទេ? អីចឹងឱ្យតែអ្នកក្រដឹងតែលួចគេហ្មងឬយ៉ាងណា ទាំងមិនបាច់រកស៊ី ឬធ្វើការធ្វើសំណង់អីទេមែនទេ?។ អ្នកនាងបន្តថា អ្នកនាងក៏មិនគាំទ្រចំពោះអ្នកដែលជួយជាថវិកាដោយសារតែអាណិតចោរក្រនោះទេ បើចង់ជួយក៏មិនបាច់បង្ហោះ ឬបង្ហាញគេនោះដែរ។ អ្នកនាងថា អាចជួយជាអាថ៌កំបាំងទៅ មិនបាច់លើកទឹកចិត្តដល់ចោរដោយ​បើក​ចំហរ​បែបនេះនោះដែរ។ អ្នកនាងបន្តថា អ្នកនាងមិនគាំទ្រជាដាច់ខាតចំពោះការជួយដោយគ្មានការគិតពិចារណាបែបនេះ។

អតីតតារាសម្ដែងស្រីបានបន្តលើកជាឧទារហណ៍ទៀតថា នេះចោរមានជីវភាពក្រីក្រ ចុះបើចោរជាក្មេងទៀតនោះ តើមិនរឹតតែលែងប្រកាន់ លែងប្រដៅទៀតមែនទេ? ចុះបើកូនអ្នកលួចរបស់គេ តើ​អ្នកមិន​ប្រដៅ​កូន​មិន​ឱ្យ​លួចរបស់គេទៀតទេមែន​ទេ​? អ្នកនាងនៅតែនិយាយដដែលៗថា អ្នកនាងមិនគាំទ្រទង្វើរបស់ចោរជាដាច់ខាត ហើយរឿងនេះពិតជាធ្វើឱ្យអ្នកនាងក្ដៅក្រហាយខ្លាំង។

បន្ទាប់ពីឃើញការបកស្រាយរបស់អតីតតារាសម្ដែងស្រីរូបនេះដូចខាងលើហើយនោះ គេក៏សង្កេតឃើញមាន​អ្នក​លេងបណ្ដាញ​សង្គម​មួយ​ចំនួន​ក៏​បញ្ចេញ​មតិ​គាំទ្រ​ ដោយអ្នកខ្លះលើកឡើងស្រដៀងៗគ្នាថា ៖ «បងនិយាយត្រូវ ពាក្យក្រ នឹង ពាក្យចោរ គឺខុសគ្នា » «បងក៏មិនទ្រំទ្រដែលអូន» «មែនហ្នឹងចែ ខ្ញុំទើសដែរនឹង» «ខ្វះអីអ្នកវេទនាដែលត្រូវជួយចាំបាច់ច្រើនណាស់» ជាដើម។

ប៉ុន្តែទោះជាយ៉ាងណាមិញ ក៏មានអ្នកលេងបណ្ដាញសង្គមមួយ​ចំនួន​ទៀតក៏បានបង្ហាញ​ក្ដីបារម្ភថា បញ្ហាទំពាំងនេះ កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទ​បំពុលសង្គមទៅវិញ ដោយពួកគេចាត់ទុកថា រឿងនេះគឺមិនប្រយោជន៍ឬផ្ដល់ពុទ្ធិអ្វីនោះទេ គួរតែទុក​ឱ្យ​អ្នក​មាន​ជំនាញពាក់ព័ន្ធជាអ្នកដោះស្រាយទៅ ព្រោះថា អ្នកលេងហ្វេសប៊ុកមិនមែនជាតុលាការដែល​អាច​កាត់សេចក្ដីថា ខុស ឬត្រូវនោះទេ។ ចុះអ្នកវិញយល់យ៉ាងណាចំពោះបញ្ហានេះ?

Share.