សិល្បៈជាតិ៖ ចូលដល់សប្ដាហ៍ទី ២ នៃកម្មវិធីប្រឡងចម្រៀងលំដាប់​ពិភព​លោក The​ Voice​ Cambodia រដូវកាល​ទី ៣ នេះ មានបេក្ខជនមួយរូបបានឆក់យកបេះដូងមហាជនទូទាំងផ្ទៃប្រទេស បើទោះបីជារូបគេមិនបានទទួលការបង្វិលកៅអីពីគ្រូបង្វឹករូបណាមួយក៏ដោយ គេនោះមានឈ្មោះថា សួន ពៅរ័ត្នទ្យា

បេក្ខជនដែលមានវ័យ ២៥ ឆ្នាំមកពីខេត្តកណ្ដាលរូបនេះ គឺពិតជាបេក្ខជនដែលមានច្ឆន្ទៈខ្ពស់ និងមានការតស៊ូនៅក្នុងជីវិត រូបគេបានប្រើប្រាស់វេទិការប្រឡងចម្រៀងមួយនេះ បង្ហាញពីទស្សនៈ ច្ឆន្ទៈនៃការបញ្ឈប់នូវការរើសអើងចំពោះ​ភេទ​ ជាពិសេសគឺក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឬ LGBQ+។

ក្រោយបកស្រាយបទចម្រៀងចប់ បេក្ខជន សួន ពៅរ័ត្នទ្យា មានឱកាសនិយាយនៅចំពោះមុខគ្រូបង្វឹកទាំង ៤ រូប ហើយរូបគេបានទម្លាយរឿងវ៉ាវនៅក្នុងជីវិតយ៉ាងជូរចត់ថា កន្លងមករូបគេធ្លាប់គិតចង់បញ្ចប់ជីវិតខ្លួន ដោយសារតែភាពរើសអើងពីមាត់អ្នកដទៃមកលើភេទ និងរូបរាងរបស់ខ្លួន។ ក៏ប៉ុន្តែ នៅពេលដែលរូបគេបានរកឃើញការពិត ថារូបគេជាអ្នកណា និងចាកចេញពីស្រោមរូបកាយក្លែងក្លាយ ពេលនោះរូបគេបានក្លាយជាមនុស្សក្លាហ៊ានម្នាក់ដែលមិនទន់ជ្រាយដូចពីមុន។

បេក្ខជនមួយរូបនេះបន្តថា មានពេលមួយ រូបគេបានសារភាពទៅកាន់អ្នកម្ដាយជាទីស្រឡាញ់ ហើយបើកចំហរអំពីអ្វីដែលភាពពិតនៃភេទរបស់ខ្លួន រូបគេបានសារភាពថាខ្លួនគេអ្នកនរណា ខ្លួនគេស្រឡាញ់អ្វី គេចូលចិត្តអ្វី ទៅកាន់ម្ដាយឱ្យបានដឹង។ បេក្ខជនរូបនេះបន្តថា គេហ៊ានសារភាពប្រាប់អ្នកម្ដាយដំបូងគេបង្អស់ នៅក្នុងវ័យ ១៨ ឆ្នាំ ដែលគ្រានោះគឺអ្នកម្ដាយព្រមទទួលយកបានគ្រប់យ៉ាង ហើយបេក្ខជនរូបនេះបានទទួលនូវកម្លាំងចិត្តឡើងវិញពីម្ដាយ និងហ៊ានក្រោកឈរតតាំងជាមួយពិភលោក រួមទាំងប្រឆាំងជាមួយការរើសអើងគ្រប់រូបភាព។

បេក្ខជន សួន ពៅរ័ត្នទ្យា បានបង្ហាញមនុស្សនៅក្នុងសង្គមថា ត្បិតបើរូបគេជាមនុស្សស្ថិតនៅក្នុងក្រុមមនុស្ស LGBQ+ ក៏ប៉ុន្តែរូបគេក៏បានសម្រេចគោលដៅជីវិតបានយ៉ាងធំធេង ហើយបានបំពេញក្ដីស្រម៉ៃរបស់ខ្លួនដូចជាមនុស្សដទៃទៀតដែរ។ បេក្ខជនរូបនេះបន្តថា បើទោះបីជារូបគេមានភេទបែបណាក៏ដោយ តែរូបគេក៏មានតំណែងធំក្នុងការងារ រូបគេគឺជាប្រធានផ្នែកលក់និងទីផ្សារ ដែលជាតួនាទីនេះពិតសំខាន់នៅក្នុងក្រុមហ៊ុនមួយ។ ហើយនេះក៏សារមួយដែលរូបគេផ្ទាល់ចង់និយាយលើកទឹកចិត្តទៅកាន់មនុស្សទាំងអស់គ្នា។

រឿងរ៉ាវជីវិតរបស់បេក្ខជនរូបនេះពិតជាអ្នកឱ្យមហាជនអ្នកទស្សនាក្ដុកក្ដួលក្នុងអារម្មណ៍រហូតទប់ទឹកភ្នែកមិនជាប់។ ជាពិសេសរូបគេបានអរគុណដល់អ្នកនាង ឱក សុគន្ធកញ្ញា ចំពោះបទចម្រៀង «រស់ជាខ្លួនឯង» ដែលមួយបទនេះបានលើកទឹកចិត្តឱ្យរូបគេឆ្លងផុតគ្រប់ឧបសគ្គក្នុងជីវិតកន្លងមក។ សារពិសេសដែលបេក្ខជនរូបនេះចង់ផ្ដាំទៅគ្រប់គ្នាថា បើថ្ងៃនេះបរាជ័យ កុំភ្លេចថាមានថ្ងៃស្អែកនឹងជោគជ័យជាបន្ត។ ហើយរូបគេបានសន្យាថា រូបគេនឹងវិលមកប្រឡងចម្រៀងជាថ្មីម្ដងទៀតនៅរដូវកាលក្រោយៗទៀត៕

ប្រភព៖ The Voice Cambodia

Share.