ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារតែ រ៉ឺម៉កម៉ូតូមួយគ្រឿង កំពុងបើកសុខៗ បានដាច់ទម្ពក់អូសណ្ដោង ធ្វើឲ្យរេចង្កូតចូលទៅបំណែកផ្លូវម្ខាង ស្របពេលដែលរថយន្ដហ៊ីយ៉ាន់ដាយឃ្លប់ កំពុងបើកបញ្ច្រាស់ទិស បានជ្រុលបុកដាច់រ៉ឺម៉កម៉ូតូជា២។

យ៉ាងណាមិញគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានអ្នករបួស ឬស្លាប់នោះទេ ដោយសារតែម្ចាស់រ៉ឺម៉កលោតចេញពីម៉ូតូផុត ទើបមិនគ្រោះថ្នាក់ដល់រាងកាយ ហើយហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

តាមសម្តីអ្នកបើករ៉ឺម៉ក ម៉ូតូ ម៉ាកវីវ៉ា (ចាស់) ពាក់ស្លាកលេខ តាកែវ 1A-0320 បានឲ្យដឹងថា មុនកើតហេតុ គាត់ទើបវិលត្រឡប់មកពីដឹកឥវ៉ាន់ឲ្យម៉ូយវិញ បើកតាមផ្លូវបេតុង ពីលិចទៅកើត ដល់ចំណុចកើតហេតុ រ៉ឺម៉កសណ្តោងមានបញ្ហា បាក់ដាច់ទម្ពក់ ទើបរេចង្កូតចូលទៅពីមុខរថយន្ត កូរ៉េ ឃ្លប់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6281 កំពុងបើកច្រាសទិស បណ្តាលឲ្យជួបបញ្ហាគ្រោះថ្នាក់បែបនេះ ។

ឯភាគីរថយន្ត បានបញ្ជាក់ថា លោកបានព្យាយាមចាប់ហ្វ្រាំងដែរ តែមិនទាន់ទើបបុក រេចង្កូតធ្លាក់ចូលប្រឡាយតែម្តង កល់ជាប់ទាំងម៉ូតូ នៅជាប់ពីមុខរថយន្ត ។

ប្រភពបានឲ្យដឹងថា ភាគីរថយន្តបានឲ្យភាគីខាងរ៉ឺម៉ក ជួយចេញថ្លៃខូចខាត ។

ជុំវិញករណី សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ហើយប្រមូលយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅផ្នែកជំនាញ រងចាំដោះស្រាយនៅពេលក្រោយ ៕

Share.