សិល្បៈជាតិ៖ តាមការប្រកាសរបស់អ្នកនិពន្ធ យូ សុភា បានឱ្យដឹងថា លោកកំពុងតែត្រៀមបញ្ចេញស្នាដៃ រសជាតិភាពយន្តភាគបែប BL ​និង​ GL ដែលជាវណ្ណកម្មរួមដៃគ្នាជាមួយអ្នកដឹកនាំរឿង កៅ សីហា ដើម្បីបំពេញតម្រូវការទីផ្សារភាពយន្តឱ្យទាន់សម័យកាល។

លោក យូ សុភា បានប្រកាសនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា ៖ «លោក កៅ សីហា ឱ្យសរសេររឿងបែប BL មួយរឿង បែប GL មួយរឿង។ អត់ដឹងថាមានន័យថាយ៉ាងណាសោះពាក្យហ្នឹង ទាល់តែបញ្ជាក់សួរបានយល់ ? បង្ខំចិត្តសរសេរតម្រូវតាមទីផ្សារបានពីររឿង។ សូមរងចាំរឿងភាគខ្នាតខ្លីនេះ តើមានរសជាតិបែបណា ? នេះគាត់ !»។

បើតាមការធ្លាប់លើកឡើងរបស់លោក កៅ សីហា បានឱ្យដឹងថា ការបញ្ចេញស្នាដៃប្រភេទភាពយន្ត BL និង GL មិនមែនត្រឹមតែជាការបំពេញតម្រូវការទីផ្សារភាពយន្តនោះទេ ប៉ុន្តែជាការលើកកម្ពស់ដល់សហគមន៍ LGBTQ និងការលុបបំបាត់ការរើសអើងភេទ។ ជាក់ស្ដែងដូចជាវណ្ណកម្មភាពយន្តភាគរឿង «បាបប្រពន្ឋដើម វគ្គ២»។

យ៉ាងណាមិញ គេអាចនិយាយបានថា ការបង្ហាញពីស្នាដៃវណ្ណកម្មថ្មីៗខាងលើនេះ គឺជាការបើកទំព័រទីផ្សារភាពយន្តថ្មីសន្លាងនៅលើកញ្ចក់ទូរទស្សន៍របស់ហង្សមាស ហើយយើងនឹងរង់ចាំមើលថា តើភាពយន្តភាគថ្មីនេះនឹងល្អមើលកម្រិតណា?

Share.