សិល្បៈ​អន្តរជាតិ​៖ ​ឈ្មោះ​​និង​ប្រវត្តិ​រូប​សង្ខេប​របស់​ G-Dragon ត្រូវ​បាន​ផលិតកម្ម​ YG ដក​ចេញ​វែបសាយ​ ​​និង​របាយការណ៍​ពាណិជ្ជកម្ម​ ធ្វើ​ឱ្យ​ផ្ទុះ​ដំណឹង​ចចាមអារ៉ាម​ជុំវិញ​​ការ​ចាក​ចេញ​​ពី​ទ្រនំ​ចាស់​​របស់​កំពូល​តារា​ចម្រៀង​រូប​នេះ​។

ដំណឹង​ចាក​ចេញ​របស់​លោក​កាន់​​តែ​លេច​ឮ​ខ្ចរខ្ចាយ​ខ្លាំង​ថែម​ទៀត​ដោយ​សារប្រវត្តិរូប​សង្ខេប​របស់​លោក​ស្រាប់​តែ​បាត់​ចេញ​ពី​វែបសាយ​របស់​ផលិតកម្ម​ YG ខណៈ​ដែល​ឈ្មោះ​របស់​លោក​ក៏​បាន​បាត់​ចេញ​ពី​របាយការណ៍​ពាណិជ្ជកម្ម​របស់​ក្រុម​ហ៊ុន​នៅ​ដើម​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​២០២៣​ផង​ដែរ។​​​​​

ប៉ុន្តែ​ផលិតកម្ម​ YG Entertainment បាន​ចេញ​មក​បញ្ជាក់​ចំពោះ​ករណី​នេះ​ថា​ការ​ដែល​ G-Dragon បាត់​ឈ្មោះ​និង​ប្រវត្តិរូប​ពី​ក្រុមហ៊ុន​ដោយ​សារតែ​បញ្ហា​បច្ចេកទេស​ ចំណែក​កុងត្រា​របស់​ G-Dragon ជាមួយ​ក្រុមហ៊ុន​ក៏​​​អស់​សុពលភាព​ហើយ​ដែរ​។

តំណាង​របស់​ផលិតកម្ម​ YG Entertainment បាន​ចេញ​​មក​ទម្លាយ​​ពី​​ការ​ផុត​កុង​ត្រា​ G-Dragon ព្រោះ​ទាំង​លើក​ថា​​ក្រុមហ៊ុន​កំពុង​ពិភាក្សា​ជាមួយ​នឹង​លោក​ឡើងវិញ​ដើម្បី​ធ្វើ​កុង​ត្រា​ថ្មី​ ប្រសិន​បើ​តារា​ចម្រៀង​រូប​នេះ​មាន​បំនង​ចង់​ត្រលប់​មក​ចាប់​អាជីព​សិល្បៈ​ចម្រៀង​ឡើង​វិញ​។

ខណៈ​ដែល​កុង​ត្រា​រយៈ​ពេល​១៧​ឆ្នាំ​របស់​ G-Dragon និង​ទ្រនំ​ចាស់​ YG Entertainment បាន​​អស់​សុពលភាព​ក្ដី​ ប៉ុន្តែ​ការចរចា​កុងត្រាថ្មី​ជាមួយ​នឹង​ក្រុមហ៊ុន​ចាស់ ឬ​​ចូលរួម​ជាមួយ​នឹង​ក្រុមហ៊ុន​ ឬក៏​ដើរ​តួ​ជា​តារា​ឯករាជ្យ​នៅ​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​បាន​បញ្ជាក់​ជា​សាធារណៈ​នៅ​ឡើយ​ទេ​។

តើ​នៅ​ពេល​នេះ​​សមាជិក​ Big Bang ដទៃ​ទៀត​នៅ​ឯណា?

ដើម​ឆ្នាំ​នេះ​ T.O.P បាន​បញ្ជាក់​ពី​ការ​ចាកចេញ​ពី​ភាព​ជា​សមាជិក​ក្រុម​ ខណៈ​ដែល​ Taeyang និង​ Daesung ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ផលិតកម្ម​ The Black Label ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ YG Entertainment៕

Share.