បាត់ដំបង÷ កសិករបាននាំគ្នាសម្រុកចុះបង្កបង្កើនផលដំណាំស្រូវបានជាង ៧ម៉ឺនហិកតា ក្នុងរដូវវស្សាឆ្នាំនេះ ដោយតែអាកាសធាតុ និងរបបទឹកភ្លៀងបានធ្លាក់រាយប៉ាយល្អ បង្កលក្ខណះងាយស្រួលដល់បងប្អូនប្រជាកសិករក្នុងខេត្តបាត់ដំបង ក្នុងការដាំដុះបានលឿនទាន់ពេលវេលាព្រមៗគ្នា ។

មន្ត្រីការិយាល័យស្ថិតិ របស់មន្ទីរកសិកម្មខាងលើបញ្ជាក់ឲ្យដែរថា ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០២៣នេះប្រជាកសិករបានសម្រុកចុះភ្ជួររាស់ ដាំដុះដំណាំស្រូវលើផ្ទៃដីសរុបទូទាំងខេត្តបាត់ដំបង សរុបចំនួន ៧១.៧១៧ហិកតា ក្នុងនោះស្រូវស្រាលកសិករអនុវត្តបានចំនួន ៦៣,០៣៤ហិកតា ស្រូវកណ្តាលធ្វើបានចំនួន ១,៤៥២ហិកតា ប្រភេទស្រូវធ្ងន់ចំនួន ៦,៨៥៨ហិកតា ស្រូវឡើងទឹកដាំដុះបានចំនួន ៣៧៣ហិកតា ព្រមទាំងស្រូវក្រអូបមានចំនួនសរុប ៣៩,៥៤៤ហិកតាផងដែរ។

មន្ត្រីមន្ទីរជំនាញដដែលបន្តទៀតថា ឆ្នាំនេះកសិករចាប់ផ្តើមសម្រុកចុះបន្តលើការងារដាំដុះបានសមស្របទាន់ពេលវេលាបើប្រៀបធៀបទៅនឹងឆ្នាំ ២០២២កន្លងទៅរួមមាន: ស្រូវស្រាល, ស្រូវកណ្តាល, ស្រូវធ្ងន់, ស្រូវឡើងទឹក និងប្រភេទស្រូវក្រអូប មានចំនួនជាង ៧ម៉ឺនហិកតាប្រហាក់ប្រហែលគ្នា៕

អត្ថបទ៖ ដំបងក្រញូង

Share.