ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋបង្កើនការប្រុតប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ចាប់ពីថ្ងៃទី ១៥-២០ ខែ កក្កដា ឆ្នាំ ២០២១ ខណៈដែលប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ សារជាថ្មី ហើយបង្កើនឥទិ្ធពលរបស់ខ្លួនជាលំដាប់ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបណ្តាញ GNTIMES ទទួលបាននៅព្រឹកនេះ ។

ក្រសួងធានទឹកបានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៣-១៤ ខែ កក្កដា នេះទៅ ប្រទេសកម្ពុជា បាននិងកំពុងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប។ បន្តពីថ្ងៃទី ១៥-២០ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងសារជាថ្មី ហើយបង្កើនឥទិ្ធពលរបស់ខ្លួនជាលំដាប់ ដោយអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជា គួបផ្សំនឹងខ្យល់មូសុងនិរតី ក៏មានល្បឿនជាបង្គួរផងដែរ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ និងអតិបរមា មានពី ៣១-៣៣ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ក្នុងអំឡុងពេលជាមួយគ្នាផងដែរ ផ្នែកខ្លះនៃបណ្តាខេត្តមួយចំនួន ក៏នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង ។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ និងអតិបរមា មានពី ៣០-៣២ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។

ចំពោះតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ទន្ទឹមនឹងនោះនៅលើផ្ទៃសមុទ្រក៏នឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ ៕

Share.