អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានសារភាពទោសកំហុសនៅថ្ងៃអង្គារសប្ដាហ៍នេះ ចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសហព័ន្ធដែលថាលោកបានរក្សាទុកឯកសារសន្តិសុខជាតិដោយខុសច្បាប់ នៅពេលដែលលោកចាកចេញពីតំណែង និង កុហកមន្ត្រីដែលស្វែងរកឯកសារទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ការសារភាពរបស់លោក ត្រាំ ដែលបានចូលនៅចំពោះមុខចៅក្រមអាមេរិក លោក ចូណាថាន ហ្គូតមេន (Jonathan Goodman) នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង ម៉ាយ៍អាមី (Miami) បង្កើតការតស៊ូផ្លូវច្បាប់ដែលទំនងជាសេណារីយ៉ូនៅប៉ុន្មានខែខាងមុខនេះ នៅពេលដែលគាត់ធ្វើយុទ្ធនាការដើម្បីឈ្នះតំណែងជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតនាខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ត្រាំ ដែល​ពាក់​ឈុត​ពណ៌​ខៀវ និង​ក្រវ៉ាត់ក​ពណ៌​ក្រហម បាន​ងឿង​ឆ្ងល់ ហើយ​ផ្អៀង​ទៅ​លើ​កៅអី ប៉ុន្តែ​មិន​បាន​និយាយ​អ្វីក្នុង​អំឡុង​ពេល​សវនាការ​រយៈពេល ៤៧នាទី​នោះ​ទេ។ លោកត្រូវបានអនុញ្ញាតឲ្យចាកចេញពីតុលាការដោយគ្មានលក្ខខណ្ឌ ឬការរឹតត្បិតការធ្វើដំណើរឡើយ ហើយមិនចាំបាច់មានមូលបត្របំណុលទេ។

ចៅក្រមអាមេរិក លោក ហ្គូតមេន បានសម្រេចថា លោក ត្រាំ មិនត្រូវបានអនុញ្ញាតឲ្យមានទំនាក់ទំនងជាមួយសាក្សីដែលមានសក្តានុពលក្នុងសំណុំរឿងនោះទេ។

ទាក់ទិននឹងបញ្ហានេះជំនួយការរបស់លោក ត្រាំ គឺលោក វ៉ល៍ ណូតតា (Walt Nauta) ដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងនេះផងដែរ បានបង្ហាញខ្លួននៅក្នុងតុលាការជាមួយនឹងលោក ត្រាំ ប៉ុន្តែនឹងមិនត្រូវអនុញ្ញាតឲ្យចូលសវនាការរហូតដល់ថ្ងៃទី២៧ ខែមិថុនា ដោយសារតែលោក ណូតតា មិនមានមេធាវីក្នុងស្រុក។

បន្ទាប់​ពី​សវនាការ លោក ត្រាំ បាន​ដើរ​ចេញ​ពី​តុលាការ ឆ្ពោះ​ទៅ​ភោជនីយដ្ឋាន​មួយ ​ដើម្បី​ជួប​ជាមួយ​​អ្នក​គាំទ្រ​របស់​លោក។ លោក​​និយាយ​ថា ​ការ​ចោទ​ប្រកាន់​នេះ​ គឺ​ជារឿងក្លែងបន្លំ ​និង​ ជារឿង​នយោបាយ​ ហើយ​ថា ​សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេសពុក​រលួយ។ លោក​បាន​ថ្លែង​ថា​៖ «​យើង​មាន​រដ្ឋាភិបាល​ដែល​នៅ​ក្រៅ​ការ​គ្រប់​គ្រង​»។ សហគមន៍ជនជាតិគុយបា-អាមេរិកនៅរដ្ឋផ្លរីដា គឺជាប្លុកបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋដ៏ច្រើននៅក្នុងរដ្ឋប្រកួតប្រជែងខាងនយោបាយ។

ដោយឡែកអ្នកគាំទ្រលោក ត្រាំ បានស្រែកថា «យើងស្រឡាញ់ Trump» នៅពេលដែលលោកបានចាកចេញពីតុលាការនៅម៉ោង ៣:៥៥នាទីល្ងាច(ម៉ោងកក្នុងស្រុក)។

យ៉ាងណាម៉ិញ អាជ្ញាធរបានត្រៀមខ្លួនសម្រាប់ទប់ទល់អំពើហឹង្សាដែលអាចកើតមាន ដោយរំលឹកឡើងវិញនូវការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ មកលើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ប៉ុន្តែអភិបាលក្រុង ម៉ាយ៍អាមី (Miami) លោក ហ្វ្រេនស៊ីស ស៊ូអារ៉េស (Francis Suarez) បានប្រាប់អ្នកយកព័ត៌មានថា មិនមានបញ្ហាសន្តិសុខអ្វីនោះទេ។

កាលពីខែមេសា លោកបានសារភាពថា មិនមានកំហុសចំពោះការចោទប្រកាន់របស់រដ្ឋក្នុងទីក្រុងញូវយ៉ក ដែលផ្តើមចេញពីការបង់ប្រាក់បំបិតមាត់ទៅឲ្យតារាថតកុនកូនជ្រូកម្នាក់ (តារាអាសអាភាស)។

ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានប្រកាសម្តងហើយម្តងទៀតអំពីភាពគ្មានកំហុសរបស់គាត់ ហើយបានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីប្រជាធិបតេយ្យបច្ចុប្បន្ន លោក ចូ បៃដិន ថា បានកំណត់គោលដៅលើរូបលោក។

លោក ត្រាំ បានប្រឈមមុខនឹងបទល្មើសចំនួន៣៧ រួមទាំងការលាក់បាំងឯកសារការពារជាតិ សមត្ថភាពយោធារបស់ប្រទេសផ្សេងៗ និង អាថ៌កំបាំងនុយក្លេអ៊ែរផងដែរ។ កាលពីខែសីហាឆ្នាំមុន ភ្នាក់ងារ FBI បានរឹបអូសឯកសាររាប់រយ ពីអចលនទ្រព្យរបស់លោក នៅរដ្ឋ Florida។

សូមជម្រាបថា លោក ត្រាំ គឺជាអតីតប្រធានាធិបតីដំបូងគេដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសហព័ន្ធ។ ការចូលខ្លួនមកបំភ្លឺនៅតុលាការនាពេលនេះ ​ជា​ដំណើរ​ការក្ដីនៅ​បន្ទប់​សវនាការ​លើក​ទី​២ សម្រាប់​លោក Trump ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ៕

ប្រភព៖ CNA

Share.