ពីវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថាលោក គ្រូ សាន សុជា ក៏បានបន្តជួបជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ដែរ។ សម្ដេចតេជោ មិនបានបញ្ជាក់បន្ថែមអំពីខ្លឹមសារនៃជំនួបរវាងលោកគ្រូ សាន សុជា និងឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេច និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃគណបក្សប្រជាជនកម្ពុជានាពេលអនាគតនោះទេ។

ប៉ុន្តែសម្ដេចបានឱ្យដឹងថាបន្ទាប់ពីជួបឯកឧត្តម ហ៊ុន ម៉ាណែត រួចហើយនោះ លោកគ្រូ សាន សុជា បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន ដោយមានការជូនដំណើរពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ និងមានការរង់ចាំទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងការទទួលទានអាហារជុំគ្នាផងដែរ។ សម្ដេចតេជោ ក៏បានបន្ថែមថាក្នុងដំណើរទៅខេត្តមាត់សមុទ្រនោះ លោកគ្រូ សាន សុជា មានបំណងធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដើម្បីចង់ស្គាល់ពីរសជាតិនៃការធ្វើដំណើរលើផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាមួយខ្សែនេះ។

ដោយឡែកសម្រាប់ជំនួបផ្ទាល់ជាមួយសម្ដេចកាលពីថ្ងៃម្សិលមិញនោះ សម្ដេចបានមានប្រសាសន៍ថា«ពីដើមធ្លាប់តែទេសនា ហើយឥលូវស្វែងរកការគាំទ្រ ហើយយើងក៏ត្រូវការដើម្បីព្រះសង្ឃដែលលាចាកសិក្ខាបទហើយដែលមានចេះធម៌អារ្យ ត្រូវបន្តដើរតាមផ្លូវជួយអប់រំផ្លូវចិត្តដើម្បីធ្វើយ៉ាងម៉េច គឺប្រើប្រាស់ធម៌អារ្យខ្លះសម្រាប់ការរក្សាសន្តិភាព រក្សាស្ថេរភាពនយោបាយ និងជាពិសេសការកសាងអំពើល្អក្នុងចំណោមប្រជាជនរបស់យើង»។

សូមបញ្ជាក់ថា ក្រោយជំនួបនោះ លោកគ្រូ សាន សុជា បានមានប្រសាសន៍៍ថាជំនួបសម្តែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន កើតមានភ្លាមៗនៅពេលដែលលោកអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើលិខិតឆ្លង​ដែន និងអត្តសញ្ញាណបណ្ណសញ្ជាតិកម្ពុជា ពោលមិនមែនជាការគ្រោងទុកអ្វីនោះ​ឡើយ។ នាយឧត្តមសេនីយ៍ ខេង សុមេធ បានបន្ថែមដែរថាសម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញ​ចិត្ត ចំពោះការផ្សព្វផ្សាយព្រះធម៌អប់រំចិត្ត របស់លោកគ្រូ សាន សុជា និងលើកទឹកចិត្តលោកគ្រូ សាន សុជា បន្តការផ្សព្វផ្សាយព្រះអប់រំ​ចិត្ត​នេះ បន្តទៅទៀត។

បើតាមនាយឧត្តមសេនីយ៍ ខេង សុមេធ ជំនួបនោះមិនមានការជជែកអ្វីច្រើនពីការសួរសុខទុក្ខ និងការជជែកពីរឿងផ្សព្វផ្សាយព្រះធម៌នោះឡើយ។ នាយឧត្តមសេនីយ៍ ខេង សុមេធ បានអះអាងដែរថា ក្នុងជំនួបនោះ មិនមានការជជែកដល់ការផ្តល់តួនាទី ឬឋានៈអ្វីមួយដល់គ្រូលោកគ្រូ សាន សុជា ក្នុងជួររាជរដ្ឋាភិបាលនោះឡើយ៕

Share.