ព្រះចៅអធិការវត្តគិរីរុក្ខរាមថ្មរមៀល ស្ថិតនៅខេត្តបន្ទាយមានជ័យ កំពុងព្រួយព្រះទ័យ ដោយសារថ្មីៗនេះ វត្តបានទទួលរងការប្រព្រឹត្តសកម្មភាពខុសច្បាប់ពីសំណាក់ញាតិញោមមួយចំនួននៅតំបន់នោះ ដែលខ្លះបានចូលមកលួចកាប់ឈើដែលព្រះសង្ឃខំដាំ និងថែទាំ ហើយខ្លះទៀតបានចូលមកលួចអំពូលសូឡាបំភ្លឺផ្លូវក្នុងវត្តតែម្ដង។

ព្រះចៅអធិការវត្ត បានបង្ហោះវីដេអូ និងរូបភាពបង្ហាញអំពីករណី ដែលព្រះសង្ឃ បានតាមទាន់ញាតិញោមចូលមកលួចកាប់ឈើក្នុងវត្តទាំងយប់ ក្នុងនោះក៏មានឈើធ្នុងដ៏កម្រផងដែរ។ ក្នុងវីដេអូដែលបង្ហោះផ្សាយ ​ព្រះចៅអធិការមានសង្ឃដីការណែនាំជនល្មើសឱ្យឈប់កាប់ឈើវត្ត ហើយគួរតែមានក្ដីអាណិតចំពោះព្រះសង្ឃដែលខំដាំ និងថែទាំឈើ។

«កាប់ដើមឈើនេះ ញោមគួរតែស្រណោះលោក លោកខំដាំ ខំថែរក្សាហើយ ញោមជួយថែរក្សាបរិស្ថានជាមួយលោកផង ញោមលួចរបស់លោក សប្បាយចិត្តទេ?» នេះជាព្រះសង្ឃដីការព្រះចៅធិការណែនាំទៅកាន់អ្នកកាប់ឈើ ហើយជនល្មើសនោះក៏ទូលព្រះអង្គវិញថា«កុណាសូមអភ័យទោស កុណាមុខជាឈប់ហើយ កុណានឹងទៅឆ្ងាយៗតែម្ដង»។

បើតាមព្រះគ្រូចៅអធិការ ជនល្មើសដែលព្រះអង្គកំពុងណែនាំនោះ បានប្រព្រឹត្តសកម្មភាពចូលលួចកាប់ឈើលោកជាច្រើនដងហើយ។ ព្រះអង្គបានណែនាំឱ្យជននោះ ត្រូវទៅធ្វើកិច្ចសន្យាជាមួយមេភូមិនៅព្រឹកបន្ទាប់ពីព្រះអង្គតាមទាន់ និងបានណែនាំឱ្យសូមខមាលទោសព្រះសង្ឃទាំងឡាយចំពោះអំពើខុសឆ្គងរបស់ខ្លួន។

រំលងបានមួយសប្ដាហ៍ក្រោយករណីកាប់ឈើវត្ត ព្រះគ្រូចៅធិការដែលមានព្រះនាមគណនីហ្វេសប៊ុកថា «លោកតាខ្មៅ ម្ចាស់ភ្នំដងរែក» បានបង្ហោះករណីមួយចោរលួចអំពូលសូឡាស្រូបថាមពលព្រះអាទិត្យនៅក្នុងវត្ត។ ភ្ជាប់ដោយរូបភាពដែលសល់តែបង្គោលអំពូល ព្រះអង្គបានព្រះសំណេរថា«គេលួចយកសូឡា៥ដើម បើសិនតាមទាន់ឱ្យស្ពៃ»។

សូមបញ្ជាក់ថា ព្រះចៅអធិការវត្តគិរីរុក្ខរាមថ្មរមៀលដែលមានព្រះកាយធំមាំ សម្បុរខ្មៅ និងឆាន់ស្លាជាប់ជាប្រចាំ បានបង្ហាញព្រះសកម្មភាពច្រើនលើបណ្ដាញសង្គម ទាំងព្រះសកម្មភាពក្នុងព្រះពុទ្ធសាសនា និងសង្គមកិច្ច។ ព្រះអង្គបានបំផុសការថែទាំបរិស្ថាននៅក្នុងវត្ត និងសហគមន៍ ព្រមទាំងរំលែកទានបានពីពុទ្ធបរិស័ទជូនអ្នកខ្វះខាត៕

Share.