ការវាយប្រហារដោយមីស៊ីលរបស់រុស្សី ទៅលើស្រុកកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសម្លាប់មនុស្ស ១១នាក់ នៅព្រឹកថ្ងៃអង្គារ សប្ដាហ៍នេះ ខណៈដែលទីក្រុងម៉ូស្គូ បាននិយាយថា ខ្លួនបានរឹបអូសយករថពាសដែកលោកខាងលិច ពីកងកម្លាំងរបស់ទីក្រុង Kyiv។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ការវាយប្រហារពេញ១យប់ បានវាយប្រហារទីតាំងជាច្រើន ហើយបានវាយកម្ទេចអគារ ផ្ទះល្វែងកម្ពស់៥ជាន់ នៅកណ្តាលទីក្រុង Kryvyi Rig ភាគកណ្ដាលអ៊ុយក្រែន ដោយបន្សល់ទុកនូវផ្សែងហុយចេញពីប្លុកផ្ទះដែលដួលរលំ។

លោក Sergiy Lysak អភិបាលតំបន់ Dnipropetrovsk បាននិយាយថា «ក្នុងអំឡុងពេលយប់ដ៏អាក្រក់នេះ សត្រូវបានសម្លាប់ជនស៊ីវិល ១១នាក់ នៅក្នុងទីក្រុង»។

ក្រុមមន្ត្រី​បានឲ្យដឹងថា មានចំនួន​អ្នក​ស្លាប់​នៅ​មុន​នេះ​តែ ១០​នាក់ប៉ុណ្ណោះ ប៉ុន្តែ​លោក Lysak បាន​និយាយ​ថា មនុស្ស​ម្នាក់​ទៀត​ត្រូវ​បាន​ទាញ​មក​ពី​ក្រោម​គំនរ​បាក់បែក។ លោក​បាន​បន្ថែម​ថា​៖ «​ប្រតិបត្តិការ​ស្វែងរក និង​ សង្គ្រោះ​ត្រូវ​បាន​បញ្ចប់​ហើយ»។

ទន្ទឹមនោះ លោក Zelenskyy បាននិយាយបន្ទាប់ពីការវាយប្រហារនេះថា កងកម្លាំងរុស្ស៊ីកំពុងធ្វើសង្គ្រាមប្រឆាំងលើ «អគារលំនៅដ្ឋាន ទីក្រុងធម្មតា និងប្រជាជន»។

លោក Zelenskyy បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយលើប្រព័ន្ធផ្សព្វផ្សាយថា «ភេរវករនឹងមិនត្រូវបានលើកលែងទេ ហើយនឹងទទួលខុសត្រូវចំពោះរាល់មីស៊ីលដែលពួកគេបានបាញ់»។

កងកម្លាំងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះមីស៊ីលឆ្លងទ្វីបចំនួន ១៤គ្រាប់ និង យន្តហោះគ្មានមនុស្សបើកចំនួន ៤គ្រឿងផលិតដោយអ៊ីរ៉ង់ ពេញមួយយប់ ដោយកាំជ្រួចមីស៊ីលចំនួន ១០គ្រាប់ និងយន្តហោះគ្មានមនុស្សបើក១គ្រឿង ត្រូវបានស្ទាក់ចាប់។

នៅពេលព្រឹក មីស៊ីល ១គ្រាប់ទៀត ត្រូវបានបាញ់ដោយកងកម្លាំងរុស្ស៊ី មុនពេលត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។

សូមជម្រាបថា​ សំឡេងស៊ីរ៉ែន​វាយឆ្មក់​តាម​អាកាស​បាន​បន្លឺ​ឡើង​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ខណៈ​ដែល​រដ្ឋធានី Kyiv និង​ទីក្រុង Kharkiv ភាគ​ឦសាន​ក៏​រង​ការ​វាយ​ប្រហារ​ដោយមីស៊ីល និង ​យន្តហោះ​គ្មាន​មនុស្ស​បើក៕

ប្រភព៖ CNA

Share.