យោធាបាននិយាយថា ទាហានថ្មីម្នាក់ បានបាញ់សម្លាប់ទាហាន ២នាក់ និងរបួសទាហានម្នាក់ នៅឯកន្លែងហ្វឹកហាត់មួយនៅកណ្តាលប្រទេសជប៉ុន នាថ្ងៃពុធ សប្ដាហ៍នេះ ដោយជនសង្ស័យអាយុ ១៨ឆ្នាំ ត្រូវបានឃុំខ្លួននៅកន្លែងកើតហេតុ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

កងកម្លាំងស្វ័យការពារដីគោក (GSDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងអំឡុងពេលសមយុទ្ធបាញ់គ្រាប់កាំភ្លើងពិតជាផ្នែកមួយនៃការបណ្តុះបណ្តាលនាយទាហានថ្មី ហើយបេក្ខជនកងកម្លាំងស្វ័យការពារម្នាក់បានបាញ់ទៅលើទាហាន៣នាក់ នាពេលនោះ»។

ប្រធានកងកម្លាំងស្វ័យការពារដីគោក (GSDF) លោក Yasunori Morishita បានប្រាប់អ្នកយកព័ត៌មានថា ជនល្មើស គឺជាបេក្ខជន SDF អាយុ ១៨ឆ្នាំ ដែលបានចូលបម្រើយោធាក្នុងខែមេសា។

លោក Morishita បាននិយាយថា «ឧបទ្ទវហេតុបែបនេះពិតជាមិនអាចអត់ឱនឲ្យបានទេ សម្រាប់អង្គការដែលមានភារកិច្ចគ្រប់គ្រងអាវុធ ហើយខ្ញុំយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងខ្លាំង»។ លោកបន្ថែមថា «ជន​រង​គ្រោះ​ទាំង​ ៣​នាក់ រួម​ទាំង​អ្នក​វាយប្រហារ​ ​ត្រូវ​បាន​ផ្តល់​អនុញ្ញាតទទួលឲ្យចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​អ្នក​ជំនាន់​ថ្មី ប៉ុន្ដែ​មិន​បាន​បញ្ជាក់​លម្អិត​ពី​ទំនាក់ទំនង​របស់​ពួកគេ​ឡើយ»។

អ្នកនាំពាក្យប៉ូលិសក្នុងតំបន់បានប្រាប់ AFP ដោយបដិសេធថា ជនសង្ស័យដែលកំពុងត្រូវបានឃុំខ្លួនសម្រាប់ពេលនេះ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្មលើទាហានអាយុ ២៥ឆ្នាំម្នាក់។ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​និយាយ​ថា កម្មាភិបាល បាន​បាញ់​កាំភ្លើង​ទៅ​លើ​ជន​រង​គ្រោះ​ដោយ​មាន​ចេតនា​សម្លាប់។

ទូរទស្សន៍ជាតិជប៉ុន NHK បានរាយការណ៍ថា អ្នកបាត់បង់ជីវិត គឺជា បុរសអាយុ៥០ឆ្នាំ និងបុរស២នាក់ផ្សេងទៀតមានអាយុ ២០ឆ្នាំ យ៉ាងណាម៉ិញព័ត៌មាន​លម្អិត​អំពី​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

រូបភាពពីលើអាកាសដែលចាក់ផ្សាយដោយស្ថានីយ៍ទូរទស្សន៍ជប៉ុន បានបង្ហាញឲ្យឃើញទាហាន និង ជនស៊ីវិល បានប្រមូលផ្តុំគ្នាជុំវិញរថយន្តសង្គ្រោះបន្ទាន់ ហើយប៉ូលិសបានបិទផ្លូវនៅក្បែរនោះ។ អ្នកស្រុកម្នាក់បានប្រាប់ NHK ថា គាត់បានឃើញរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងបានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះនៅម៉ោងប្រហែល ៩:30នាទីព្រឹក (ម៉ោងក្នុងស្រុក)។

បើតាម លោក Morishita បាននិយាយថា តាមដែលគាត់ដឹង អំពើហឹង្សាដោយកាំភ្លើងរបស់ទាហាន GSDF ដែលបណ្តាលឲ្យមានរបួស ឬស្លាប់ចុងក្រោយបានកើតឡើងនៅឆ្នាំ១៩៨៤ នៅជំរុំមួយនៅទីក្រុង Yamaguchi របស់ប្រទេសជប៉ុន៕

ប្រភព៖ CNA

Share.