អាជ្ញាធរបាននិយាយថា ទូកនេសាទដែលដឹកជនចំណាកស្រុក ១គ្រឿង បានក្រឡាប់ និងលិចនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសក្រិក កាលពីថ្ងៃពុធ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៩នាក់ស្លាប់ និងជាច្រើននាក់ទៀតបានបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NBC News នាថ្ងៃ ពុធ ទី១៤ ខែ មិថុនា ឆ្នាំ២០២៣។

នាវាឆ្មាំឆ្នេរសមុទ្រ កងទ័ពជើងទឹក និងនាវាពាណិជ្ជករ បានចេញដំណើរសម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដែលរួមមានយន្តហោះ និងឧទ្ធម្ភាគចក្រផងដែរ។

អាជ្ញាធរបាននិយាយថា មនុស្សចំនួន ១០៤នាក់ ត្រូវបានជួយសង្គ្រោះមកទល់ពេលនេះ បន្ទាប់ពីទូកបានលិចពេញ១យប់ ក្នុងដែនទឹកអន្តរជាតិចម្ងាយប្រហែល ជាង ៧២ម៉ែត្រភាគនិរតីនៃតំបន់ Peloponnese ភាគខាងត្បូងនៃប្រទេសក្រិក។ កន្លែងនេះ គឺនៅជិតតំបន់ជ្រៅបំផុតមួយនៃសមុទ្រមេឌីទែរ៉ាណេ។

គេមិនច្បាស់ទេថា តើអ្នកដំណើរប៉ុន្មាននាក់អាចកំពុងតែនៅក្នុងទឹក ឬ ជាប់នៅក្នុងកប៉ាល់ដែលលិចនោះ ប៉ុន្តែរបាយការណ៍ដំបូងមួយចំនួនបានណែនាំថា មនុស្សរាប់រយនាក់ប្រហែលជានៅលើនោះ។ ​ប៉ុន្ដែអ្នករស់រានមានជីវិតចំនួន ៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរោគសញ្ញានៃការថយចុះកម្តៅ។

នៅឯកំពង់ផែភាគខាងត្បូងនៃទីក្រុង Kalamata មនុស្សរាប់សិបនាក់ផ្សេងទៀត ត្រូវបានគេនាំទៅកាន់តំបន់ជម្រកដែលបង្កើតឡើងដោយសេវារថយន្តសង្គ្រោះបន្ទាន់ និង ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ដើម្បីទទួលបានសម្លៀកបំពាក់ និង ការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រ។

ឆ្មាំ​ឆ្នេរសមុទ្រ​ក្រិក​បាន​និយាយ​ថា សាកសព​ចំនួន ៧៩នាក់​ ត្រូវ​បាន​រក​ឃើញ​មក​ទល់​ពេល​នេះ។ ឆ្មាំសមុទ្របាននិយាយថា អ្នកនៅរស់រានមានជីវិតមកពីប្រទេស អេហ្ស៊ីបមានចំនួន ៣០នាក់, មកពីប៉ាគីស្ថាន ១០នាក់, មកពីស៊ីរី ៣៥នាក់ និង មនុស្ស ២នាក់ទៀតមកពីប៉ាឡេស្ទីន។

ទូក​ដែលធ្វើដំណើរឆ្ពោះទៅប្រទេសអ៉ីតាលីនេះ ​ត្រូវ​បាន​គេ​ជឿ​ថា ​បាន​បើក​ចេញ​ពី​តំបន់ Tobruk ភាគ​ខាងកើត​ប្រទេស​លីប៊ី។

ឆ្មាំឆ្នេរសមុទ្រអ៉ីតាលី បានជូនដំណឹងជាលើកដំបូងដល់អាជ្ញាធរក្រិក និង ទីភ្នាក់ងារការពារព្រំដែនសហភាពអឺរ៉ុប Frontex អំពីនាវាជិតមកដល់កាលពីថ្ងៃអង្គារ។

ទីភ្នាក់ងារចំណាកស្រុករបស់អង្គការសហប្រជាជាតិ IOM បាននិយាយថា របាយការណ៍ដំបូងបានឲ្យដឹងថា មានមនុស្សរហូតដល់ ៤០០នាក់នៅលើទូកនោះ។

បណ្តាញសកម្មជនបាននិយាយថា ខ្លួនបានទទួលការហៅទូរស័ព្ទពីទូកមួយនៅក្នុងតំបន់ដូចគ្នា ដែលអ្នកដំណើរបាននិយាយថា មនុស្ស ៧៥០នាក់ នៅលើទូកនោះ ប៉ុន្តែវាមិនច្បាស់ថា តើនោះជាទូកដែលបានលិច ឬអត់នោះទេ។

បន្ទាប់ពីការប្រកាសអាសន្នដំបូងនោះ ឧទ្ធម្ភាគចក្ររបស់ ទីភ្នាក់ងារការពារព្រំដែនសហភាពអឺរ៉ុប Frontex និង នាវាពាណិជ្ជករចំនួន ២ បានប្រទះឃើញទូកដែលកំពុងធ្វើដំណើរទៅភាគខាងជើងក្នុងល្បឿនលឿន នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រក្រិក។ ទន្ទឹមនោះ ឧទ្ធម្ភាគចក្រ និងនាវាជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ។

សូមជម្រាបថា ប្រទេសនោះបានធ្លាក់ចូលទៅក្នុងភាពវឹកវរ បន្ទាប់ពីការបះបោរដែលគាំទ្រដោយអង្គការណាតូ ដែលបានផ្តួលរំលំ និង សម្លាប់មេដឹកនាំផ្តាច់ការដ៏យូរ គឺ លោក Moammar Gadhafi ក្នុងឆ្នាំ២០១១។ អ្នកជួញដូរមនុស្សបានទទួលផលប្រយោជន៍ ហើយបានធ្វើឲ្យប្រទេសលីប៊ី ក្លាយជាចំណុចចេញដំណើរដ៏សំខាន់មួយសម្រាប់មនុស្សដែលព្យាយាមធ្វើចំណាកស្រុក ទៅដល់តំបន់ អឺរ៉ុបតាមទូករបស់អ្នករត់ពន្ធ៕

ប្រភព៖ NBC News

Share.