សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។ពិធីប្រគល់ និងទទួលសញ្ញាបត្របណ្ឌិត កិត្តិយសនេះ ប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ គឺជាការទទួលស្គាល់នៃកម្រិតអប់រំខ្ពស់បំផុត របស់សាកលវិទ្យា​​ល័យជាតិ ជាស៊ីម កំចាយមារ ដែលត្រូវបានផ្តល់ជូនដល់ឥស្សរជន និងបុគ្គល ដែលមានកិត្តិយសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធផលសំខាន់ៗ ដែលស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ។

ឯកឧត្តមថា គណៈកម្មការវាយតម្លៃថ្នាក់បណ្ឌិត បានពិនិត្យយ៉ាងហ្មត់ចត់នូវស្នាដៃទាំងឡាយរបស់បេក្ខជន និងបានឯកភាពគ្នាជាឯកច្ឆន្ទសម្រេចនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ថា ស្នាដៃរបស់​បេក្ខជន សម្តេចក្រឡាហោម ស ខេង ក្នុងផ្នែកអភិវឌ្ឍន៍ជនបទ មានលក្ខណៈខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម និងមានតម្លៃដ៏លើស​លប់ ​ទាំងផ្នែកសិក្សា សេដ្ឋកិច្ច និង​សង្គមក្នុងកម្រិតខ្ពស់ សម្រាប់ទទួលនូវការប្រគល់ជូន​ពី សាកល​វិទ្យាល័យ​ជាតិ ជាស៊ីមកំចាយមារនូវសញ្ញា​បត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ។

សម្រាប់រដ្ឋមន្ត្រីក្រសួងអប់រំ សម្តេចក្រឡាហោមជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់ជាតិ ដែលបានរួមចំណែកយ៉ាងជ្រាលជ្រៅក្នុងការអភិវឌ្ឍជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងពង្រឹងអភិបាលកិច្ចល្អនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងការអភិវឌ្ឍនានានៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម សាសនា ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ដែលធ្វើឱ្យប្រជាជនទទួលបាននូវការអប់រំប្រកប ដោយគុណភាពខ្ពស់ សេវាសុខភាពប្រកបដោយគុណភាព មានផ្លូវថ្នល់ខ្វាត់ខ្វែង ទីផ្សារលក់ដូរគ្រប់កន្លែង ដែលប្រការទាំងនេះបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ និងល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ពីពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយផ្នែកអភិវឌ្ឍន៍ជនបទនោះ សម្ដេចក្រឡាហោម ស ខេងមានបានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាវិទ្យាសាស្រ្ដ គណៈកម្មការវាយតម្លៃថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលបានវាយតម្លៃ និងគាំទ្រចំពោះស្នាដៃរបស់សម្តេច ហើយសម្រេចផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទជូនសម្តេច។

ជាមួយគ្នានេះសម្តេចក៏បានថ្លែងអំណរព្រះគុណថ្វាយព្រះករុណាព្រះមហាក្សត្រ ក៏ដូចជាសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គបានគាំទ្រចំពោះការងាររបស់សម្តេច ផ្តល់ឱកាសសម្រាប់សម្តេចបម្រើជាតិ និងបានផ្សារភ្ជាប់ខ្លួនជាមួយនឹងប្រជាជាតិ។ ក្នុងនោះសម្តេចក៏បានអរគុណ ចំពោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលបានប្រគល់ភារកិច្ចជូនសម្តេចផងដែរ។

សាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ដែលមានឈ្មោះដើមថា សាកលវិទ្យាល័យមហាឥសីវេទ ជាគ្រឹះស្ថានឧត្ដមសិក្សារដ្ឋមួយ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការផ្ដួចផ្ដើមរបស់ឥស្សរជនដែលរួមមាន សម្ដេចអគ្គមហាធម្មពោធិសាល         ជា ស៊ីម និង សម្ដេចក្រឡាហោម ស ខេង ។ គោលបំណងរបស់ឥស្សរជនកំពូល    ទាំងពីររូប  ក្នុងការបង្កើតសាកលវិទ្យាល័យនៅស្រុកកំចាយមារ គឺចង់ឱ្យសិស្សដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ អាចមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ហើយម្យ៉ាងទៀតក៏ចង់ឱ្យសាកលវិទ្យាល័យរួមចំណែកក្នុងការអភិវឌ្ឍស្រុកកំចាយមារ ក៏ដូចជាស្រុកនានាជុំវិញ ព្រោះនាពេលនោះ តំបន់នេះជាតំបន់ដាច់ស្រយាលនៃប្រទេស។គិតត្រឹមឆ្នាំសិក្សា ២០២១-២០២២ ​​សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ បានបណ្ដុះបណ្ដាលនិស្សិតបញ្ចប់ការសិក្សាចំនួន ២៥ ជំនាន់រួចមកហើយ ដែលស្មើនឹង ១៥,៩៨១ នាក់ ហើយកំពុងបម្រើការងារក្នុងស្ថាប័នរដ្ឋ ឯកជន សង្គមស៊ីវិល និងបានបង្កើតជាសហគ្រាស ក្រុមហ៊ុន និងអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្ដមភាព សេចក្ដីថ្លៃថ្នូរ និងកិត្តិយស។បច្ចុប្បន្ន សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ មាននិស្សិតដែលកំពុងសិក្សាចំនួនសរុប ៣.៧១៥ នាក់ ក្នុងនោះស្រីចំនួន ២.២៣៧ នាក់។ សាកលវិទ្យាល័យមានបុគ្គលិក     ក្របខណ្ឌកំពុងបម្រើការងារសរុបចំនួន ៨៤ នាក់ ក្នុងនោះស្រី ១៧ នាក់ គ្រូបង្រៀនវេលាការចំនួន ១២០ នាក់ និងបុគ្គលិកកិច្ចសន្យាចំនួន ៥០ នាក់៕

អត្ថបទ៖ត្រយង

Share.