កាលពីថ្ងៃ ពុធ តុលាការនៃប្រទេសក្វាតេម៉ាឡា បានកាត់ទោស លោក Jose Zamora វ័យ ៦៦ឆ្នាំ ជាអ្នកកាសែតជើងចាស់ដ៏ល្បីឈ្មោះដែលតែងតែរិះគន់រដ្ឋាភិបាល ឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទលាងលុយកខ្វក់ នៅក្នុងករណីដែលក្រុមអ្នកការពារសិទ្ធិមនុស្ស បានចាត់ទុកសាលក្រមនេះ ជាការវាយប្រហារលើសេរីភាពនៃការបញ្ចេញមតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។

តុលាការបាននិយាយថា លោក Zamora ក៏ត្រូវរងការផាកពិន័យជាប្រាក់ប្រហែល ៣៨,៣០០ដុល្លារផងដែរ។ តុលាការបាននិយាយថា លោក Zamora ធ្លាប់​ត្រូវ​បានពី​បទ​ចោទ​ប្រកាន់​ពី​បទ​បង្ខូច​កេរ្តិ៍​ឈ្មោះ និង ការលួច​ ប៉ុន្ដែគ្រានោះលោកត្រូវបានដោះលែងវិញ។

ដោយឡែក លោក Zamora បាននិយាយថា ករណីប្រឆាំងនឹងរូបលោកបែបនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយប្រធានាធិបតីក្វាតេម៉ាឡា​​ លោក Alejandro Giammattei ដោយសារតែសេចក្ដីរាយការណ៍នៅក្នុងកាសែត El Periodico របស់លោក បានផ្សាយអំពីអំពើពុករលួយដែលពាក់ព័ន្ធនឹងប្រធានាធិបតី និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ត្រូវបានបិទកាលពីខែឧសភា។

យោងតាមការិយាល័យរបស់អគ្គមេធាវី លោក Zamora ត្រូវបានគេចោទប្រកាន់ថា បានទទួលប្រាក់ចំនួន ៣៨,៤៦១ដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រព័ន្ធផ្សព្វផ្សាយរបស់លោក ដែលមិនត្រូវបានបញ្ចូលជាទៀងទាត់ទៅក្នុងប្រព័ន្ធធនាគារ។

នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអាមេរិក អ្នកនាង Juanita Goebertus បាននិយាយថា «ការស្នើសុំការកាត់ទោសរយៈពេល ៤០ឆ្នាំ គឺពិតជាមិនសមហេតុផល និងបង្ហាញពីភាពសាហាវឃោរឃៅដែលសារព័ត៌មានកំពុងត្រូវបានធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសក្វាតេម៉ាឡា»។ ការលើកឡើងរបស់ អ្នកនាង Goebertus ទំនងជាចង់សំដៅលើសំណើរបស់ព្រះរាជអាជ្ញាសម្រាប់ការកាត់ទោសដ៏តឹងរ៉ឹងនេះ។

អ្នកនាង Goebertus បានបន្ថែមថា ក្រុមសិទ្ធិមនុស្សមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលការិយាល័យរដ្ឋអាជ្ញារបស់ប្រទេសក្វាតេម៉ាឡា កំពុងស៊ើបអង្កេតលើអ្នកកាសែតនានា និង អ្នកកាសែតមកពីអង្គភាព El Periodico ដែលបានរាយការណ៍ពីករណីរបស់លោក Zamora។

សូមជម្រាបថា លោក Zamora បានបង្កើតអង្គភាពកាសែត El Periodico ដែលជាប្រព័ន្ធផ្សព្វផ្សាយស៊ើបអង្កេតឈានមុខគេមួយរបស់ប្រទេសក្វាតេម៉ាឡា ក្នុងឆ្នាំ ១៩៩៦។ លោក ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០២២ ​ក្នុង​អំឡុងពេលនៃ​ការ​បង្ក្រាប​លើ​ព្រះរាជអាជ្ញា ចៅក្រម សកម្មជន​សិទ្ធិ​មនុស្ស អ្នក​កាសែត និង​មន្ត្រី​បក្ស​ប្រឆាំង៕

ប្រភព៖ Reuters

Share.