ថ្ងៃនេះ កាលពី៦១ឆ្នាំមុន ពោលគឺ១៥ មិថុនា ១៩៦២ ជាថ្ងៃដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ពោលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

តើរឿងក្តីនោះមានសាវតារយ៉ាងដូចម្តេច?

ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារបានចាប់ផ្ទុះឡើងខ្លាំង នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំងដែលបានដាក់អាណានិគមលើដែនដីនេះជិត១០០ឆ្នាំពោលគឺចន្លោះពីឆ្នាំ ១៨៦៣ដល់ឆ្នាំ ១៩៥៤។ កាលនោះថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធជាច្រើន ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។

ក្នុងអំឡុងពេលកាន់កាប់របស់ទាហានថៃនោះ រូបចម្លាក់ សិលាចារឹក បំណែកនៃប្រាសាទ គំរូថ្មភក់និងកុលាលភាជន៍បុរាណ ត្រូវបានយកចេញពីប្រាសាទដោយ អាជ្ញាធរថៃ។

ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទព្រះវិហារ។

នៅក្នុងការជំនុំជម្រះលើអង្គសេចក្ដីនោះ កម្ពុជា និងថៃ បានលើកបង្ហាញទឡ្ហីកររៀងៗខ្លួន ដើម្បីទាមទារជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ កម្ពុជា បានលើកយកផែនទីដងរែក (ផែនទីឧបសម្ព័ន្ធទី១) ដែលជាផែនទីកើតចេញពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ មកធ្វើជាមូលដ្ឋានច្បាប់។ តាមរយៈបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះ បង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា។

រីឯថៃវិញ បានលើកឡើងនូវទឡ្ហីករណ៍មួយចំនួន ដើម្បីច្រានចោលខ្សែបន្ទាត់ព្រំដែន ក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលកម្ពុជាបានលើកឡើងនោះ។ ថៃបានលើកហេតុផលថា ខ្សែបន្ទាត់ព្រំដែននៅក្នុងផែនទីនេះ ខុសពីអ្វីដែលបានចែងក្នុងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤។ ថៃអះអាងថា យោងតាមមាត្រា ១ នៃសន្ធិសញ្ញានេះ សៀម និងបារាំង បានព្រមព្រៀងគ្នាថា ខ្សែបន្ទាត់ព្រំដែននៅតំបន់ដងរែក គឺត្រូវយកតាមខ្សែបែងចែកផ្លូវទឹក។ ភាគីថៃយល់ថា បើមើលទៅលើដីជាក់ស្តែង ខ្សែបែងចែកផ្លូវទឹក គឺស្ថិតនៅខាងត្បូងប្រាសាទព្រះវិហារ។ ដូច្នេះប្រាសាទព្រះវិហារត្រូវស្ថិតនៅក្នុងទឹកដីថៃ។

នៅពេលសវនាការតំណាងភាគីកម្ពុជាបានស្នើសុំទៅតុលាការដូចខាងក្រោម៖

១. វិនិច្ឆ័យសេចក្តីនិងប្រកាសថា ផែនទីតំបន់ដងរែក(ឧបសម្ព័ន្ធ១នៃដំណើរការ នីតិវិធីរបស់ភាគីកម្ពុជា) បានត្រូវគូសឡើងនិងបោះពុម្ពផ្សាយក្នុងនាមនិងជា

ប្រយោជន៍ដល់គណៈកម្មការចម្រុះកំណត់ព្រំដែន ដែលបានបង្កើតឡើងដោយ អនុសញ្ញាចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ថាផែនទីនេះ តំណាងឱ្យសេចក្តី សម្រេចរបស់គណៈកម្មការខាងលើនេះ និងដោយសារហេតុការណ៍និងតាមហេតុផលនៃកិច្ចព្រមព្រៀងនិងឥរិយាបថបន្តបន្ទាបរបស់គូភាគី ផែនទីនេះ

មានលក្ខណៈជាសន្ធិសញ្ញា។

២. វិនិច្ឆ័យសេចក្តីនិងប្រកាសថា ខ្សែព្រំដែនរវាងកម្ពុជានិងថៃនៅក្នុងតំបន់ ជម្លោះនេះក្នុងបរិវេណប្រាសាទព្រះវិហារ គឺជាខ្សែព្រំដែនដែលបានគូសនៅលើ ផែនទីរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម (ឧបសម្ព័ន្ធ ១ នដំណើរការនីតិវិធីរបស់កម្ពុជា)។

៣. វិនិច្ឆ័យសេចក្តីនិងប្រកាសថា ប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅក្នុង ដែនដីក្រោមអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា។

៤. វិនិច្ឆ័យនិងប្រកាសថា រាជាណាចក្រថៃមានកាតព្វកិច្ចត្រូវដកចេញនូវកង កម្លាំងប្រដាប់អាវុធ ដែលខ្លួនបានបោះទីតាំងនៅវិកិណ្ណដ្ឋាននៃប្រាសាទព្រះវិហារ នៅក្នុងដែនដីកម្ពុជា ចាប់តាំងពីឆ្នាំ១៩៥៤មក។

៥. វិនិច្ឆ័យសេចក្តីនិងប្រកាសថា រាល់រូបចម្លាក់ សិលាចារឹក បំណែកនៃប្រាសាទ គំរូថ្មភក់និងកុលាលភាជន៍បុរាណ ដែលត្រូវបានយកចេញពីប្រាសាទដោយ អាជ្ញាធរថៃ តាំងតែពីឆ្នាំ១៩៥៤ រដ្ឋាភិបាលថៃត្រូវតែប្រគល់មកឱ្យរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាវិញ។”

ផ្អែកលើសំអាងហេតុនានា តុលាការដោយមានសំឡេង៩ទល់នឹង៣សម្រេចថា ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដី ក្រោមអធិបតេយ្យរបស់ប្រទេសកម្ពុជា។សម្រេចបន្ទាប់មកទៀតថាដោយមានសំឡេង៩ទល់នឹង៣ប្រទេសថៃមានកាតព្វកិច្ចដកកងកម្លាំងទ័ព ឬប៉ូលីស ឬអ្នកថែរក្សា ឬឆ្នាំដទៃទៀត ដែលថៃបានដាក់ក្នុងប្រាសាទឬក្នុងតំបន់ក្បែរប្រាសាទដែលស្ថិតក្នុងទឹកដីកម្ពុជា។

ដោយសំឡេង៧ទល់នឹង៥សម្រេចថា ប្រទេសថៃមានកាតព្វកិច្ចប្រគល់មកឱ្យប្រទេសកម្ពុជាវិញ នូវវត្ថុទាំងឡាយ តាមប្រភេទដែលបានបញ្ជាក់នៅក្នុងសេចក្ដីស្នើសុំឱ្យវិនិច្ឆ័យទី៥របស់កម្ពុជា ដែលត្រូវ បានយកចេញពីប្រាសាទឬតំបន់ប្រាសាទដោយអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ចាប់តាំងពី កាលបរិច្ឆេទនៃការកាន់កាប់ប្រាសាទនេះដោយប្រទេសថៃ នៅឆ្នាំ១៩៥៤។

យ៉ាងណាក៏ ភាគីថៃ មិនបានអនុវត្តឲ្យបានគ្រប់ចំណុចដូចមានចែងនៅក្នុងដីការបស់តុលាការយុត្តិធម៌ទីក្រុងឡាអេនោះឡើយ។សម្រាប់ថៃ អ្វីដែលតុលាការអន្ដរជាតិកាត់សេចក្ដីនោះ គឺតួប្រាសាទព្រះវិហារ។ ដោយឡែកបរិវេណជុំវិញប្រាសាទ ដែលមានទំហំ ៤.៦គីឡូម៉ែត្រការ៉េនោះ គឺជាកម្មសិទ្ធិរបស់ថៃ ហើយថៃមានសិទ្ធិដាក់កងកម្លាំងរបស់ខ្លួននៅទីនោះ។

ដោយសារប្រកាន់ជំហបែបនេះ នៅខែកក្កដា ឆ្នាំ២០០៨ ថៃបានលើកទ័ពចូលលុកលុយវត្តកែវសិក្ខាគិរីស្វារៈ ជាប់ប្រាសាទព្រះវិហារជាថ្មីម្ដងទៀត។ ការចេញមកប៉ុនប៉ងដណ្តើមទឹកដីនៅតំបន់ប្រាសាទព្រះវិហារនេះ បានកើតមានឡើង បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិពិភពលោកនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨នោះ។

ជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើងម្ដងទៀតរហូតឈានដល់ការផ្ទុះអាវុធដាក់គ្នា។ កម្ពុជាបានប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិទីក្រុងឡាអេជាថ្មី ឱ្យបកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ។

ជាលទ្ធផលនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ ឡើងវិញ និងបានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចឱ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ៕

អត្ថបទ៖ត្រយង

Share.