ភ្នំពេញ ៖នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ  បានបញ្ជូនស្ត្រីម្នាក់ជាកូនតុងទីនម្នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ពន្ធករណីចេញមូលប្បទានប័ត្រគ្មានសាច់”សែកស្អុយ”ប្រមាណ៣០ ម៉ឺនដុល្លារ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចហាងកាហ្វេក្រោន ពោធិ៍ចិនតុង សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ពាក់ពន្ធពីបទ  មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺប្រើ ប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់”សែកស្អុយ”ចំនួន៣០ ម៉ឺនដុល្លារអាមេរិក ។ ជនសង្ស័យមានឈ្មោះ សារ៉ាន សុជាតា ភេទស្រី អាយុ៣៦ ឆ្នាំ មុខរបរ អ្នករកស៊ី ស្នាក់នៅផ្ទះលេខB៦០.៦២ ផ្លូវលេខ៧២២A សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសមត្តកិច្ចឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យគឺបានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹង របស់ឈ្មោះ គង់ ណាក់នីន ។

យោងតាមអង្គហេតុក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០២២ ឈ្មោះ សារ៉ាន សុជាតា បានទំនាក់ទំនងជាមួយដើមបណ្តឹង ដោយនិយាយអង្វរសុំខ្ចីប្រាក់ចំនួន៣០ ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនរកស៊ីជាបន្ទាន់ ហើយឈ្មោះ សារ៉ាន សុជាតា បានចេញមូលប្បទានប័ត្រមួយសន្លឹកដែលមានទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារអាមេរិក ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ។ មូលប្បទានប័ត្រនោះតម្រូវឲ្យដើមបណ្តឹងទៅបើកប្រាក់ នៅធនាគារវឌ្ឍនៈអាស៊ីចំកាត់។ ដោយមាន ការជឿទុកចិត្តរាប់អានគ្នា ទើបដើមបណ្តឹងបានប្រគល់ប្រាក់ឲ្យទៅជនសង្ស័យគ្រប់ចំនួន ។ លុះដល់ថ្ងៃកំណត់ ដើមបណ្តឹងបានយកមូលប្បទានប័ត្រនោះទៅបើកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រនេះពុំមានសាច់ប្រាក់ទេ ។ ចាប់ពីពេលនោះមកដើមបណ្តឹងបានទំនាក់ទាក់ទៅជនសង្ស័យ តែមិនអាចទាក់ទងបាន ព្រមទាំងគេចខ្លួនមិនចូលដោះស្រាយបំណុល ដែលខ្ចីដើមបណ្តឹងនោះទេ ម្លោះហើយទើបដើមបណ្តឹងដាក់ពាក្យប្តឹងសមត្តកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។ លើសពីនេះជនសង្ស័យឈ្មោះ សារ៉ាន សុជាតា ជាកូនតុងទីនម្នាក់ ដែលលេងជាមួយដេីមបណ្តឹង  និងបានដេញប្រមូលយកប្រាក់អស់ ហើយគេចខ្លួន ដោយមិនបានបង់ឲ្យមេវិញទេ ធ្វើឲ្យមេតុងទីនរកលុយសងជំនួសអស់ជាច្រើន  រហូតដល់មានពាក្យថាមេតុងទីនបោកកូនតុងទីន ។

កន្លងមកជនសង្ស័យត្រូវបានសមត្ថកិច្ចទុកពេល ឲ្យជួបដោះស្រាយបំណុលជាមួយដើមបណ្តឹងដែរ តែទំនងដោយគ្មានលទ្ធភាពរកប្រាក់ពុំបាន ទើបត្រូបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

អត្ថបទ៖ចតុមុខ

Share.