យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ បានវាយប្រហារនៅជិតប្រទេសដែនកោះតុងហ្គា ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង នាថ្ងៃសុក្រ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NDTV នាថ្ងៃ សុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយប្រហែល២៨០គីឡូម៉ែត្រ ពីភាគនិរតីនៃប្រទេសតុងហ្គា មានជម្រៅរញ្ជួយ ១៦៧.៤គីឡូម៉ែត្រ នេះបើយោងតាម ​​USGS ។

ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិកបាននិយាយថា មិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិ សម្រាប់តំបន់ US West Coast, British Columbia ឬ Alaska បន្ទាប់ពីការរញ្ជួយដីនោះទេ។

ទន្ទឹមនោះ ការិយាល័យឧតុនិយមរបស់អូស្ត្រាលីក៏បាននិយាយផងដែរថា មិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិមកលើប្រទេសអូស្ត្រាលីនោះទេ។

ដោយឡែក មជ្ឈមណ្ឌលរញ្ជួយដីសមុទ្រមេឌីទែរ៉ាណេអឺរ៉ុប (EMSC) ដំបូងបានរាយការណ៍ពីគ្រោះរញ្ជួយដីកម្រិត ៧រ៉ិចទ័រ នៅជិតតំបន់ភាគខាងត្បូងនៃកោះហ្វីជីផងដែរ៕

ប្រភព៖ NDTV

Share.