ក្រោយទទួលបានសិទ្ធិជាផ្លូវការពីសហព័ន្ធកីឡាហុកគីអាស៊ី ក្រុមកីឡាហុកគីនារីកម្ពុជាបាន​ក្លាយ​ជាបេក្ខភាពមួយ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ (ASIAN Games) ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Hangshou សាធារណរដ្ឋប្រជាមានិតចិន ដែល​ប្រព្រឹត្តិទៅចាប់ពី​ថ្ងៃ​ទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។

លោក កាំង សុធា អគ្គលេខាធិការ​ សហព័ន្ធកីឡាហុកគីកម្ពុជាគូសបញ្ជាក់ថា៖ «ក្រុមជម្រើស​ជាតិ​ហុកគីនារីកម្ពុជាបានក្លាយជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពជាច្រើនទៀត ក្នុងអាស៊ីទាំង​មូល សម្រាប់ការប្រកួតកីឡាអាស៊ី ឆ្នាំ២០២៣ គឺដោយសារក្រុមហុកគីនារីកម្ពុជា​បានឆ្លងកាត់​ការ​ប្រកួត​អន្តរជាតិនានា កន្លងមក បូករួមទាំងការទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី​០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយក្រុមកម្ពុជាទទួលបានមេដាយសំរឹទ្ធ​លើវិញ្ញា សា​ហុក​គីនា​រីនេះ»។

ក្រោយពីវត្តមានប្រភេទកីឡាហុកគី នៅកម្ពុជា ជិត២០ឆ្នាំមកនេះ លោក កាំង សុធា បាន​បង្ហាញ​ពី​ការ​ខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះកាន់តែមានល្អប្រសើរបន្តិចម្តងៗ បើ​ទោះបីជាការអភិវឌ្ឍនេះមានដំណើរយឺតក្តី ក៏លោកចាត់ទុកថា នេះជាមោទនភាព​មួយ ដែល​យើង​ដើរឆ្ពោះ​ទៅមុខជានិច្ចមិនថយក្រោយ ពោលគឺពីការប្រកួតអន្តរជាតិពី​ការចាញ់​គ្រាប់​ច្រើន​មក​គ្រាប់តិច ហើយពេលខ្លះមានស្មើ ហើយក៏មានឱកាសឈ្នះខ្លះ។

រំលឹកថា នៅក្នុងព្រឹត្តិការណ៍ប្រកួត​កីឡា ស៊ីហ្គេម លើកទី៣២ ក្នុងនាមជាម្ចាស់ផ្ទះ ជា​ប្រវត្តិសា​ស្រ្តដំបូង គឺប្រភេទកីឡាហុកគីទទួលបាន​មេដាយសំរឹទ្ធ ដែលជាក្តីសង្ឃឹម និងមោទនភាព បន្ត ដំណើរឆ្ពោះទៅមុខមិនរាថយ។

គួរបញ្ជាក់ថា កីឡាអាស៊ី គឺជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំជាងគេប្រចាំទ្វីបអាស៊ី ដែលធ្វើ​ឡើង​រៀងរាល់៤ឆ្នាំម្តង ដោយកីឡាអាស៊ីនេះបានប្រារព្ធបាន១៨លើក ស្មើនឹង ៧២ឆ្នាំមកហើយ ខណៈព្រឹត្តិការណ៍បន្ទាប់ លើកទី១៩ នឹងធ្វើឡើងនៅទីក្រុមទីក្រុង Hangshouសាធារណរដ្ឋ​ប្រជា​មានិតចិន ដោយម្ចាស់ផ្ទះមួយនេះបានប្រកាសពីចំនួន ៤០ប្រភេទកីឡា ស្មើនឹង ៤៨២វិញ្ញាសា៕

ប្រភព៖ AKP

Share.