យោធាកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រ នេះថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក បានមកដល់កំពង់ផែមួយក្នុងទីក្រុងប៊ូសានរបស់កូរ៉េខាងត្បូងហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

នេះជាលើកដំបូងក្នុងរយៈពេលជិត ៦ឆ្នាំ ដែលនាវាមុជទឹកដែលចាត់ថ្នាក់ជានាវាមុជទឹកប្រភេទ «SSGN» ដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឈប់ចតនៅកូរ៉េខាងត្បូង។

ការមកដល់របស់នាវាមុជទឹករបស់អាមេរិកនេះ គឺបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយបន្ទាប់ពីការប៉ុនប៉ងក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីខែមុនដោយទីក្រុងព្យុងយ៉ាងបាន​​​បរាជ័យ។

កាលពីខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និងប្រធានាធិបតីអាមេរិក Joe Biden បានព្រមព្រៀងគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បី «ពង្រឹងបន្ថែមទៀតនូវភាពមើលឃើញទៀងទាត់នៃទ្រព្យសម្បត្តិយុទ្ធសាស្ត្រ» នៅលើឧបទ្វីបកូរ៉េ។

ទន្ទឹមនោះ មេដឹកនាំទាំង២ ក៏បានព្រមព្រៀងគ្នាថា នាវាមុជទឹកមីស៊ីលបំពាក់អាវុធនុយក្លេអ៊ែរ «SSBN» របស់កងទ័ពជើងទឹកអាមេរិក នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីជួយបង្ហាញពីការតាំងចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារប្រទេសពីការវាយប្រហាររបស់កូរ៉េខាងជើង ប៉ុន្ដែមិនមានកាលវិភាគសម្រាប់ដំណើរទស្សនកិច្ចបែបនេះទេ៕

ប្រភព៖ CNA

Share.