ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​បង្ហាញ​ខ្លួនជាថ្មី​ ក្រោយ​ចាយពេល៥៣២ថ្ងៃ ដើម្បី​អាច​វិល​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជាវិញ បន្ទាប់ពីរបួសដាច់សសៃជង្គង់ ACL ខាងស្ដាំ ដើម្បី​ជួយ​ក្រុម​ជម្រើស​ជាតិ ក្នុងជំនួប​ទល់ និងបង់​ក្លាដេស​ នា​រាត្រី​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៣ លើ​ទីលាន​ពហុកីឡដ្ឋានជាតិ ក្នុង​រាជធានី​ភ្នំពេញ ។

ក្រោយចាញ់បង់ក្លាដេស នៅព្រឹក​ថ្ងៃទី១៦ មិថុនា នេះ​​​កីឡាករ​ ចាន់ វឌ្ឍនាកា បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់ខ្លួន ក្រោយ​ក្រុមជម្រើសជាតិកម្ពុជា ចាញ់​បង់ក្លាដេស កាលពី​រាត្រីថ្ងៃទិ១៥ មិថុនា ដូច្នេះថា៖«យើង​បាន​ដឹង​ថា​មិន​មែន​ជា​លទ្ធផល​ដែល​យើង​ចង់​បាន​ពីការ​ប្រកួត​ម្សិលមិញ​សូម្បី​តែ​រូប​ខ្ញុំ​ផ្ទាល់ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បន្ត​គឺសិក្សា​កែ​ប្រែ​ពី​កំហុស»។

ខ្សែប្រយុទ្ធរូបនប្ថែមថា៖ «សម្រាប់កីឡាបាល់ទាត់​គឺគ្មាន​កីឡាករ​ម្នាក់​ណា​អាច​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ ពួក​យើង​ពិត​ជា​សុំ​ទោស ក៏ដូចជាអរគុណសម្រាប់ការគាំទ្រក្រុមទាំងមូល អ្វី​ដែល​យើង​ត្រូវ​ចង​ចាំនោះគឺពាក្យថា ឆន្ទៈ ប្រឹងប្រែង ព្យាយាម អត់ធ្មត់ នឹង ត្រូវចេះមានឈឺចាប់។ ពួក​យើង​​ពិត​ជា​អរគុណ​អ្នកគាំទ្រទាំងអស់គ្នាដែលតែងអត់ធ្មត់ គាំទ្រ នឹង នៅជាមួយពួកយើង»។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដេស​ ក្នុង​ជំនួប​ចុងក្រោយកាលពីថ្ងៃទី១៥ ខែមិថុនា ម្សិលមិញ។ ខណ:កម្ពុជា និង​ក្រុម​បង់ក្លាដេស ធ្លាប់​ជួប​គ្នា​៦លើក​ហើយ​ទាំង​លើក​នេះ គិត​ពី​ឆ្នាំ​២០០៦ មក ខណៈ​ក្រុម​បង់ក្លាដេស ឈ្នះ​បាន​៥ លើក​និង​ស្មើ​គ្នា​១លើក៕

Share.