អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍នេះថា ការស្លាប់របស់សត្វស្លាបរាបរយក្បាលនៅតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៉ិក ទំនងជាបណ្ដាលមកពីបាតុភូតអាកាសធាតុ El Niño ខណៈដែលប្រទេសនេះ និងមហាសមុទ្រជុំវិញ ប្រឈមនឹងរលកកំដៅខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ សុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

សត្វស្លាបជាច្រើនប្រភេទប្រហែល ៣០០ក្បាល ត្រូវបានគេប្រទះឃើញងាប់នៅចុងសប្តាហ៍ នៅតាមបណ្តោយឆ្នេរសមុទ្រនៃរដ្ឋភាគខាងលិច នៃប្រទេសម៉ិកស៊ិក ដូចជា៖ Chiapas, Oaxaca, Guerrero, Michoacan, Jalisco, Sonora និង Baja California Sur។

ដំបូងឡើយ អាជ្ញាធរបានសង្ស័យថា មានជំងឺផ្តាសាយបក្សី ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីក្រសួងកសិកម្ម និងបរិស្ថាន របស់ប្រទេសនេះ បានសន្និដ្ឋានថា មូលហេតុដែលទំនងបំផុតគឺ មហាសមុទ្រប៉ាស៊ីហ្វិកកាន់តែក្តៅដែលបណ្តាលមកពីបាតុភូត El Niño។

បាតុភូតធម្មជាតិតាមកាលកំណត់ ដែលមានរយៈពេលចន្លោះពីច្រើនខែ ដល់ ឆ្នាំនោះ នឹងធ្វើឲ្យមហាសមុទ្រប៉ាស៊ីហ្វិកឡើងកំដៅជាងមុន ដែលជំរុញឲ្យមានព្យុះស៊ីក្លូនត្រូពិច ទឹកជំនន់ និងទឹកភ្លៀងនៅទូទាំងទ្វីបអាមេរិក និងកន្លែងផ្សេងទៀត។

ទន្ទឹមនោះ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) នៅដើមខែនេះ បានប្រកាសថា បាតុភូតអាកាសធាតុ El Nino ឥឡូវនេះបានចាប់ផ្ដើមហើយ បន្ទាប់ពីធ្លាប់គ្របដណ្ដប់ដោយបាតុភូតត្រជាក់ជាងនេះ គឺ បាតុភូត La Nina អស់រយៈពេល៣ឆ្នាំ។

អ្នកវិទ្យាសាស្ត្របាននិយាយថា ឆ្នាំនេះមើលទៅជាឆ្នាំគួរឲ្យព្រួយបារម្ភ ជាពិសេស គួបផ្សំនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលបច្ចុប្បន្នគួរតែមើលឃើញថា ពិភពលោកទាំងមូលកំពុងជួបជាមួយនឹងសីតុណ្ហភាពនៃការឡើងកំដៅខ្ពស់បំផុត។

ក្រសួង កសិកម្ម និងបរិស្ថានរបស់ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើទឹកកាន់តែក្តៅ ត្រីនានាមានទំនោរហែលចុះទៅកាន់តែជ្រៅ ដើម្បីស្វែងរកទឹកដែលត្រជាក់ជាងនេះ ហើយធ្វើឲ្យពិបាកក្នុងការនេសាទ។

អាជ្ញាធរម៉ិកស៊ិកបាននិយាយថា សត្វស្លាបសមុទ្រក៏ត្រូវបានគេប្រទះឃើញងាប់នៅលើឆ្នេរសមុទ្រនៃប្រទេសប៉េរូ និងឈីលី ផងដែរ។

បើតាមការបូកសរុបពីក្រសួងសុខាភិបាលនាពេលថ្មីៗនេះ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦នាក់ បានស្លាប់នៅក្នុងប្រទេសម៉ិកស៊ិក ដោយសារតែកំដៅឡើងខ្លាំងក្នុងរដូវក្ដៅនេះ ខណៈប្រទេស​នេះ​កំពុង​ប្រឈម​នឹង​រលក​កម្ដៅ​ខ្ពស់ ដែល​មាន​សីតុណ្ហភាព​លើស​ពី ៤៣អង្សារសេ នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស៕

ប្រភព៖ Reuters

Share.