នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦នៃរដ្ឋសភា និងលើកទិសដៅបន្ត។​ កិច្ចប្រជុំនឹងត្រូវធ្វើឡើងនៅវិមានសន្តិភាព។ កិច្ចប្រជុំនេះ អាចនិយាយបានថាជាកិច្ចប្រជុំចុងក្រោយហើយសម្រាប់យន្តការថ្នាក់ជាតិមួយនេះ មុនពេលរាជរដ្ឋាភិបាលត្រូវបញ្ចប់អាណត្តិរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទទួលភារកិច្ចដឹកនាំសម្របសម្រួលយន្តការមួយតាមការប្រគល់ភារកិច្ចពីសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើឯកសារពាក់ព័ន្ធសម្រាប់បម្រើដល់ការងាររៀបចំកិច្ចនៅថ្ងៃនេះ ដោយមានការអញ្ជើញចូលរួមជាសហអធិបតីពី សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅក្រសួងមហាផ្ទៃនោះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានធ្វើបទបង្ហាញស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ប្រចាំអាណត្តិទី៦ ក្នុងនោះឯកឧត្តមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់បានខិតខំបំពេញបេសកកម្មចុះមូលដ្ឋានដល់ភូមិ-ឃុំ-សង្កាត់ ដើម្បីស្ដាប់ក្ដីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍បង្ហាញការកត់សម្គាល់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នាពេលកន្លងមកនេះ មានភាពល្អប្រសើរ ហើយក៏ជាផ្នែកមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹងសុខទុក្ខ និងជីវីភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋផងដែរ។ សម្ដេចក្រឡាហោម បន្ដទៀតថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត តែងតែចុះសួរសុខទុក្ខ ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយក្រុមការងារ ក៏បានចូលរួមចំណែក អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋានដោយបានកសាងសមិទ្ធផលជាច្រើនផងដែរ។

គួរកត់សម្គាល់ថាយន្តការក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់នេះ គឺជាយន្តការដាច់ដោយឡែកពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ ក្នុងនាមជាមន្រ្តីរាជការសាធារណៈ ថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារមួយនេះ ប្រើប្រាស់ថ្ងៃបំពេញការងាររាជការ និងមធ្យោបាយរដ្ឋដើម្បីចុះទៅកាន់មូលដ្ឋានដែលខ្លួនទទួលបន្ទុក ដើម្បីធ្វើសកម្មភាពស្វែងយល់ ដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងវិស័យរបស់ខ្លួន ហើយបញ្ហាណាអាចដោះស្រាយបាន ក្រុមការងារនឹងដោះស្រាយជូនពលរដ្ឋភ្លាម ប្រសិនបើលើសសមត្ថភាព ឬលទ្ធភាព ក្រុមការងារទាំងនោះនឹងរាយការណ៍ជូនថ្នាក់ដឹកនាំដោះស្រាយ។

ពាក់ព័ន្ធនឹងប្រវត្តិក្រុមការងារមួយនេះ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យបរវេល ស្រុកបរវេលថា«មែនទែនទៅ យើងមានវប្បធម៌ការងាររបៀបនេះ ហើយគណបក្សយើងមានវប្បធម៌មួយនេះតាំងពីក្រោយឆ្នាំ១៩៧៩មកម្លេះ។ ពេលហ្នុងយើងមានក្រុមប្រតិបត្តិការចុះមូលដ្ឋាន ហើយកាលហ្នុងគឺចុះជំរុញពលរដ្ឋបង្កបង្កើនផល និងវាយខ្មាំងសត្រូវ និងការងារប៉ុន្មានចំណុចទៀត។ រហូតក្រោយការបោះឆ្នោត១៩៩៣ ខ្ញុំក៏ស្នើសុំបែងចែកថ្នាក់ដឹកនាំ និងមន្រ្តីបង្កើតជាក្រុមការងារគណបក្ស រហូតឈានទៅបង្កើតបានជាក្រុមការងាររាជរដ្ឋាភិបាល។ ក្រុមការងារនេះជួយឱ្យមូលដ្ឋានយើងទទួលផលប្រយោជន៍ច្រើនណាស់។ មើលតែសាលាបរវេលយើងនេះទៅ ភាគច្រើនសាងសង់ដោយសប្បុរសជនដែលជាក្រុមការងាររាជរដ្ឋាភិបាលនេះឯង»។

សូមបញ្ជាក់ថា សម្រាប់នីតិកាលទី៦ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣នេះ ប្រធានក្រុមការងាររថ្នាក់ជាតិចុះមូលដ្ឋាន រាជធានី ខេត្ត មានដូចខាងក្រោម៖

  • សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារ ខេត្តបាត់ដំបង និងខេត្តព្រៃវែង
  • សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារ ខេត្តសៀមរាប និងខេត្តកោះកុង
  • សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន ប្រធានក្រុមការងារ រាជធានីភ្នំពេញ និងខេត្តស្វាយរៀង
  • ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារ ខេត្តបន្ទាយមានជ័យ
  • ឯកឧត្ត ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានក្រុមការងារ ខេត្តតាកែវ
  • ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមការងារ ខេត្តកំពង់ចាម
  • ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារ ខេត្តកណ្ដាល
  • ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ប្រធានក្រុមការងារ ខេត្តត្បូងឃ្មុំ
  • ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ប្រធានក្រុមការងារ ខេត្តកំពត
  • ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងារ ខេត្តកំពង់ស្ពឺ
  • ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ ខេត្តព្រះសីហនុ
  • ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារ ខេត្តព្រះវិហារ
  • ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងារ ខេត្តឧត្តរមានជ័យ
  • ឯកឧត្តម ទេសរដ្ឋមន្រ្តី ជិន ប៊ុនស៊ាន ប្រធានក្រុមការងារ ខេត្តកែប
  • ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច ប្រធានក្រុមការងារ ខេត្តរតនគិរី
  • ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុយ សែម ប្រធានក្រុមការងារ ខេត្តពោធិ៍សាត់
  • ឯកឧត្តម ទេសេរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារ ខេត្តកំពង់ឆ្នាំង
  • ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងារ ខេត្តស្ទឹងត្រែង
  • ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារ ខេត្តប៉ៃលិន

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា បើប្រៀបធៀបពីសង្គមមុន មន្រ្តីនៅថ្នាក់ជាតិ កម្រប្រើពេលទំនេរពីការងារនៅថ្ងៃសៅអាទិត្យ ឬថ្ងៃសំរាកបុណ្យជាតិ អន្តរជាតិណាមួយចុះទៅកាន់មូលដ្ឋានណាស់។ ផ្ទុយទៅវិញ ពួកគេច្រើនតែជួបជុំគ្នាហូបចុក សប្បាយរាំរែកតាមរបៀបមន្រ្តីអភិជន ខុសពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលភាគច្រើនបំផុត បានប្រើប្រាស់ពេលវេលាថ្ងៃសំរាកចុះទៅកាន់មូលដ្ឋានតាមមុខព្រួញរៀងៗខ្លួនដើម្បីផ្សារភ្ជាប់ជីវភាពការងារទៅនឹងជីវភាពពលរដ្ឋ ក្នុងន័យដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងធ្វើឱ្យពលរដ្ឋមានភាពកក់ក្ដៅ។

សម្ដេចបានរម្លឹកថា« ឯកឧត្តម សេង សំអ៊ាត គាត់ទើបស្លាប់ឆ្នាំ ២០១៥ ហើយគាត់និយាយថាណ្ហើយ…សម័យពួកខ្ញុំ ឯកឧត្តមអើយ…គ្មានទេ គ្មានចុះមូលដ្ឋានមូលអីទេ! ល្ងាចថ្ងៃសុក្ររហូតថ្ងៃអាទិត្យ គ្មានអីក្រៅពីរាំរែកហ្នឹងទេ! គ្មានចុះមូលដ្ឋានចុះស្អីទេ! គាត់និយាយត្រង់អ៊ីចឹងហ្មង។ តែយើងមិនអ៊ីចឹងទេ យើងយកថ្ងៃសម្រាកចុះមូលដ្ឋាន។ ចុះទៅនេះ មិនមែនចុះទៅរាំរែក ចុះទៅកាប់ជ្រូក កាប់មាន់ បេះដូង បេះស្វាយប្រជាជនមកដាក់ផ្ទះទេ គឺចុះទៅជួយគាត់ ជួយអ្វីបានជួយហ្នុងទៅ! ដោះស្រាយអ្វីបានដោះស្រាយហ្នុងទៅ យើងរួមគ្នាធ្វើអ៊ីចឹង ចាត់ទុកប្រជាជនជាចៅហ្វានាយ ហើយយើងជាអ្នកបម្រើ យើងទទួលយកសំណើរ សំណូមពរចាំបាច់របស់ពួកគាត់មកដោះស្រាយដោយយកចិត្តទុកដាក់ និងយុត្តិធម៌»៕

Share.