សៀមរាប ៖ រថយន្តរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ រស្មីភ្នំពេញ អ្នកបើកបរងងុយដេក រេចង្កូតធ្លាក់ផ្លូវក្រឡាប់ចូលទឹកស្រែ បណ្តាលឲ្យរងរបួស១៤នាក់ ធ្ងន់៣នាក់ ស្រាល១១នាក់ ចំណែកមនុស្សចំនួន៩នាក់ទៀតមិនមានរងរបួស ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣ នៅតាមបណ្តោផ្លូវជាតិលេខ៦ ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៤០-៣៤១ ភូមិប៉ាក់ប៉ាន់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរខាងលើ កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ៤៥កៅអី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-4999 របស់ក្រុមហ៊ុនរស្មីភ្នំពេញ ដឹកអ្នកដំណើរ ចំនួន២៣នាក់ ស្រី១២នាក់ ។

ប្រភពបន្តទៀតថា មុនកើតហេតុរថយន្តបើកតាមបណ្តោយផ្លូវជាតិលេខ៦ ពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងងុយដេក ទើបរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ខ្លួនឯងចូលទឹកស្រែ បណ្តាលឲ្យរងរបួសមនុស្ស១៤នាក់ របួសធ្ងន់៣នាក់ ស្រី២នាក់ រងរបួសស្រាល១១នាក់ ស្រី៤នាក់ ចំណែកមនុស្ស៩នាក់ទៀត ស្រី៦នាក់ មិនមានរងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានសមត្ថកិច្ច យករថយន្តស្ទូចទៅលើកនៅព្រឹកថ្ងៃដដែល យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំម្ចាស់ក្រុមហ៊ុនដោះស្រាយផលប៉ះពាល់ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.