ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយថា មនុស្ស ១២០នាក់ នៅលើស្រឡាងដែលបានឆេះនៅលើផ្ទៃសមុទ្រ ក្នុងប្រទេសហ្វីលីពីន ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃអាទិត្យ។

ឆ្មាំសមុទ្របាននិយាយថា ស្រឡាង M/V Esperanza Star បានដឹកអ្នកដំណើរសរុបចំនួន ៦៥នាក់ និងបុគ្គលិកស្រឡាងសរុប ៥៥នាក់ បានឆាបឆេះនៅពេលព្រឹកព្រលឹម ខណៈកំពុងធ្វើដំណើរពីកោះ ស៊ីគីច័រ (Siquijor) នៅភាគខាងត្បូងទៅកាន់កោះ បូហូល (Bohol) នៅភាគកណ្ដាលប្រទេស។

រូបថត និង វីដេអូដែលចេញផ្សាយដោយឆ្មាំសមុទ្របង្ហាញឲ្យឃើញថា មានអណ្តាតភ្លើង និង ផ្សែងខ្មៅហុយចេញពីនាវា២ នៅចុងម្ខាងនៃស្រឡាង ខណៈដែលបុគ្គលិកឆ្មាំសមុទ្រនៅលើនាវាមួយទៀត បានប្រើកាណុងបាញ់ទឹកដើម្បីព្យាយាមពន្លត់ភ្លើង។ គេបានឃើញទូកនេសាទមួយ និងកប៉ាល់មួយទៀតនៅក្បែរនោះ។

អ្នកនាំពាក្យម្នាក់បាននិយាយថា ឆ្មាំសមុទ្របានប្រកាសថា ភ្លើងបានរលត់នៅម៉ោងប្រហែល ២នាទីព្រឹក(ម៉ោងក្នុងស្រុក)។ ចំពោះមូលហេតុ​នៃ​ការ​ឆេះ​នេះ​ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ។

នាវាឆ្មាំសមុទ្រចំនួន២ ដែលចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យ និង ជួយសង្គ្រោះនៅតែស្ថិតតំបន់ជុំវិញនោះ។ យ៉ាងណាម៉ិញ មិនទាន់មានការបញ្ជាក់ពីចំនួនមនុស្សដែលត្រូវបានជួយសង្រ្គោះចេញពីស្រឡាងថា មានចំនួនប៉ុន្មាននាក់ ឬ ក៏អាចមានអ្នកបាត់បង់ជីវិតឬក៏អត់នៅឡើយទេ។

ឧបទ្ទវហេតុតាមសមុទ្រ គឺជារឿងធម្មតានៅក្នុងប្រជុំកោះហ្វីលីពីន ដោយសារតែមានព្យុះជាញឹកញាប់ ស្ថានភាពស្រឡាង កប៉ាល់ ឬ នាវាថែទាំមិនបានល្អ ការផ្ទុកមនុស្សលើសចំណុះ និងការអនុវត្តច្បាប់សុវត្ថិភាពមិនមានការរឹតបន្ដឹង ជាពិសេសនៅតាមខេត្តឆ្ងាយដាច់ស្រយាល។

ឆ្មាំសមុទ្របាននិយាយថា កាលពីខែមីនា អគ្គីភ័យបានឆាបឆេះ ពេញមួយយប់នៅលើស្រឡាងដែលដឹកមនុស្សប្រហែល ២៥០នាក់ ដោយបានបណ្ដាលឲ្យអ្នកដំណើរ និងសមាជិកនាវិកយ៉ាងហោចណាស់ ៣១នាក់ស្លាប់ នៅខេត្តភាគខាងត្បូងកោះ បាស៊ីឡាន់ (Basilan)។

សូមជម្រាបថា កាលពីខែធ្នូ ឆ្នាំ១៩៨៧ ស្រឡាង Dona Paz បានលិចបន្ទាប់ពីបុកជាមួយនាវាដឹកប្រេង ដោយបានសម្លាប់មនុស្សជាង ៤,៣០០នាក់ នៅក្នុងគ្រោះមហន្ដរាយដែនសមុទ្រដ៏អាក្រក់បំផុតរបស់ពិភពលោក៕

ប្រភព៖ CNA

Share.