ភ្នំពេញ ៖ ភ្លៀង ខ្យល់កន្ត្រាក់បក់បោកបាក់រលំបង្គោលភ្លើងអស់ចំនួន៣០ដើម បាក់ផ្ទាំងបាណូអស់ចំនួន២ផ្ទាំង បណ្តាលឲ្យសង្កត់ប៉ះម៉ូតូកង់បីមួយគ្រឿង រងរបួសអ្នកដំណើរម្នាក់ផងដែរ ក្នុងនោះមានបង្គោលភ្លើងចំនួន១១ដើម បាក់រលំកាត់ទទឹងផ្លូវ ដែលមិនអាចឲ្យធ្វើចរាចរណ៍ឆ្លងកាត់បាន ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងចូលវត្តពោធិ៍ ក្នុងភូមិត្រពាំងធ្នង់ និង នៅតាមសងខាងមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដោយសារភ្លៀងខ្យល់កន្ត្រាក់ កាច់បាក់បង្គោលភ្លើង ចំនួន១១ដើម រលំកាត់ទទឹងផ្លូវបេតុង ចូលវត្តពោធិ៍ ក្នុងភូមិត្រពាំងធ្នង់ និង បាក់ផ្ទាំងប៉ាណូអស់ចំនួន២ផ្ទាំង ដែលមិនអាចធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវខាងលើបានឡើយ។ ចំណែកនៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិស្រែតេជៈ ខ្យល់បោកបក់កាច់បាក់បង្គោលភ្លើង សងខាងផ្លូវ អស់ចំនួន១៩ដើម រលំមកលើបំណែកផ្លូវ សង្កត់ប៉ះលើម៉ូតូកង់បីមួយគ្រឿង រងខូចខាត វ័ធត្រូវបុរសម្នាក់ កំពុងជិះម៉ូតូ បណ្តាលឲ្យរងរបួសក្បាល ខណៈកំណាត់ផ្លូវខាងលើ ត្រូវបានកកស្ទះចរាចរណ៍ ដាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច កម្លាំងអាជ្ញាធរ សង្កាត់ ខណ្ឌ ចុះទៅសម្រួលចរាចរណ៍ និងមន្ត្រីខាងអគ្គិសនីចុះទៅកាត់ខ្សែភ្លើងចេញពីបង្គោល ដើម្បីយកបង្គោលបាក់ចេញពីលើដងផ្លូវ នឹងរៀបចំតម្លើងបង្គោលថ្មីឡើងវិញ៕

អត្ថបទ៖តាតុងសែនជ័យ

Share.