ស្ថានភាពសុខភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល កាន់តែមានភាពល្អប្រសើរច្រើនឡើងហើយ។ លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែក ខេត្តកណ្ដាល ដែលទើបវិលត្រឡប់ពីសួរសុខទុក្ខឯកឧត្តមអភិបាលខេត្ត នៅទីក្រុងបាងកកប្រទេសថៃ បានមានប្រសាសន៍ប្រាប់គេហទំព័រសារព័ត៌មានត្រយងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះថា«សុខភាពឯកឧត្តមអភិបាលខេត្តល្អប្រសើរច្រើនណាស់ អាចនិយាយបានថាមានភាពល្អប្រសើរ៨០ភាគរយហើយ បើធៀបនឹងពេលលោកអញ្ជើញទៅដំបូង គឺប្រសើរច្រើន»។

បើតាមលោកអភិបាលស្រុកលើកដែក ក្នុងអំឡុងពេលលោកទៅសួរសុខទុក្ខនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អាចនិយាយស្ដី និងមានចលនាដៃជើងបានជាធម្មតា ហើយថាប្រសិនបើគ្មានការប្រែប្រួលទេ ឯកឧត្តមអភិបាលខេត្តអាចនឹងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រុងបាងកកនោះចន្លោះពី១ ទៅ២សប្ដាហ៍ មុនមាតុភូមិនិវត្តន៍ ដើម្បីបន្តដឹកនាំការងារដ្ឋបាលសាលាខេត្តវិញ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានវិលមុខដួលក្នុងអំឡុងពេលប្រារព្ធពិធីមួយនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ការស្រុតចុះសុខភាពរបស់ឯកឧត្តមអភិបាលខេត្ត គឺដោយសារមួយរយៈចុងក្រោយនេះ ឯកឧត្តមមានភាពមមារញឹកខ្លាំងទាំងកិច្ចការដ្ឋបាលសាលាខេត្ត កម្មវិធីជាមួយថ្នាក់ដឹកនាំ និងការងារគណបក្សក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមមន្រ្តីជំនិតរបស់ឯកឧត្តមបង្ហើបប្រាប់សារព័ត៌មានត្រយង។

បើតាមលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ដំបូងឡើយឯកឧត្តមអភិបាលខេត្តបានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល ហើយក៏ត្រូវបានក្រុមគ្រួសារ និងថ្នាក់ដឹកនាំសាលខេត្តបញ្ជូនបន្តមកព្យាបាលនៅរាជធានីភ្នំពេញ និងឆ្ពោះទៅទីក្រុងបាងកក ប្រទេសថៃ។

ឯកឧត្តម គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល តាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ មុនកាន់មុខតំណែងជាអភិបាលខេត្តកណ្ដាល ឯកឧត្តមបានកាន់មុខតំណែងជាអភិបាលស្រុកខ្សាច់កណ្ដាល និងផ្ទេរមកធ្វើអភិបាលស្រុកល្វាឯមមួយរយៈខ្លី ក៏ត្រូវបានសម្ដេចតេជោ តែងតាំងជាអភិបាលរងខេត្តកណ្ដាល ហើយបន្តទទួលបានសេចក្ដីទុកចិត្តតែងតាំងជាអភិបាលខេត្តជំនួសឯកឧត្តម ម៉ៅ ភិរុណ៕

សូមបញ្ជាក់ថា ក្នុងអំឡុងពេលឯកឧត្តម គង់ សោភ័ណ្ឌ សំរាកព្យាបាលសុខភាពនៅប្រទេសថៃនោះ នាថ្ងៃទី១៩ ខែមិថុនា ម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចប្រគល់ភារកិច្ចជូន ឯកឧត្តម នូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្ដីទី នៃគណៈអភិបាលខេត្តកណ្ដាល៕

Share.