សមាជិកសភាដែលទើបជាប់ឆ្នោតថ្មីទាំង ៥០០អាសនៈ ត្រូវបានអនុម័តដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រទេសថៃ កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បន្ទាប់ពីការបោះឆ្នោតទូទាំងប្រទេសកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

សមាជិកសភាចំនួន ៥០០រូប រួមមាន ៤០០នាក់ មកពីការបោះឆ្នោតតាមមណ្ឌល និង ១០០នាក់ទៀតមកពីបញ្ជីគណបក្សជាតិ ដែលបេក្ខជនជាច្រើនត្រូវបានជ្រើសរើសចេញពីបញ្ជីដែលរៀបចំដោយគណបក្សរៀងៗខ្លួន ដោយផ្អែកលើសំឡេងសរុបដែលគណបក្សបានទទួល។

យោងតាមលោក Sawaeng Boonmee អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោតបានឲ្យដឹងថា ការយល់ព្រមនេះធ្វើឡើងមុនពេលស្ថាប័នរៀបចំការបោះឆ្នោតបញ្ចប់ការស៊ើបអង្កេតលើបណ្តឹងពាក់ព័ន្ធ ព្រោះចង់ផ្តល់ឱកាសឲ្យភាគីទាំងអស់ការពារខ្លួន។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា «ការស៊ើបអង្កេតត្រូវតែបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោត»។ លោក Sawaeng បានពន្យល់ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅតែមានសិទ្ធិអំណាចបន្តការស៊ើបអង្កេតរបស់ខ្លួនបន្ទាប់ពីការអនុម័ត។ ប្រសិនបើមានភ័ស្តុតាងការក្លែងបន្លំការបោះឆ្នោតណាមួយ ពាក់ព័ន្ធនឹងសមាជិកសភានោះ វាអាចស្នើសុំឲ្យតុលាការកំពូលដកហូតសិទ្ធិបោះឆ្នោតរបស់ពួកគេបាន។

Thai Enquirer on Twitter: "The Election Commission (EC) is expected to  certify the election results on June 21, according to news reports. Earlier  reports this week stated that the EC is still

ប្រទេស​ថៃ​បាន​រៀបចំ​ការ​បោះ​ឆ្នោត​នៅទូទាំងប្រទេស​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៤ ខែឧសភា ដោយ​គណបក្ស Move Forward បាន​ជាប់ឆ្នោតជា​អ្នក​ឈ្នះសំឡេងគាំទ្រច្រើនជាងគេ។ ក្រោមការដឹកនាំរបស់អនាគតនាយករដ្ឋមន្ត្រី Pita Limjaroenrat គណបក្សនេះទទួលបានសំឡេង ១៥១អាសនៈ ក្នុងសភា ហើយបានបង្កើតក្រុមចម្រុះជាមួយសម្ព័ន្ធមិត្តនយោបាយចំនួន៧គឺ៖ គណបក្ស Pheu Thai, Prachachat, Thai Liberal Party, Thai Sang Thai, Fair, Plung Sungkom Mai និង Pue Thai Rumphlang។

ក្រោយការរួបរួមគ្នា ពួកគេមានសមាជិក ៣១២អាសនៈ នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិក ៥០០រូប។ ប៉ុន្តែដើម្បីឲ្យលោក Pita ក្លាយជានាយករដ្ឋមន្ត្រី លោកត្រូវការទទួលការយល់ព្រមពីសមាជិកច្រើនជាងពាក់កណ្តាលនៃរដ្ឋសភាដែលមានអាសនៈចំនួន ៧៥០ ឬ យ៉ាងហោចណាស់ ៣៧៦សំឡេងនៅក្នុងសភាតំណាង ឬ ព្រឹទ្ធសភាផងដែរ។

សមាជិកព្រឹទ្ធសភាជាច្រើនរូប នៅតែមិនទាន់សម្រេចចិត្តថា តើពួកគេនឹងគាំទ្រតំណែងនាយករដ្ឋមន្ត្រីរបស់ពួកគេទេ ខណៈដែលអ្នកផ្សេងទៀតបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងបោះឆ្នោតប្រឆាំងនឹងលោក ភីថា។

បច្ចុប្បន្ននេះ លោក Pita ត្រូវបានជាប់នៅក្នុងភាពចម្រូងចម្រាសមួយពាក់ព័ន្ធនឹងភាគហ៊ុនចំនួន ៤២,០០០ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ITV ដែលលោកបានអះអាងថា លោកគ្រប់គ្រងក្នុងនាមមូលនិធិមរតករបស់គ្រួសារលោកប៉ុណ្ណោះ។

លោក ភីថា ត្រូវបានចោទប្រកាន់ពីបទរំលោភរដ្ឋធម្មនុញ្ញ ដែលហាមបុគ្គលមិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភា ប្រសិនបើពួកគេជាម្ចាស់ភាគហ៊ុននៃអង្គភាពសារព័ត៌មាន ឬ អាជីវកម្មប្រព័ន្ធផ្សព្វផ្សាយណាមួយ។

កាលពីសប្តាហ៍មុន គណបក្ស Move Forward បានលើកឡើងនូវសំណួរអំពីការប៉ុនប៉ងដែលអាចកើតមានក្នុងការធ្វើទុកបុកម្នេញមេដឹកនាំរបស់ខ្លួន បន្ទាប់ពីរបាយការណ៍ព័ត៌មានកាលពីថ្ងៃទី១១ ខែមិថុនា បានបង្ហាញពីភាពមិនដូចគ្នានៃឯកសារដែលប្រើប្រាស់ដើម្បីប្រឆាំងនឹងបេក្ខភាពរបស់គាត់៕

ប្រភព៖ CNA

Share.