សមាគមបាល់ទះវិសាខា នឹង​ចេញ​ទៅ​ប្រកួត​ក្នុងព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​រសៀលថ្ងៃ​​នេះ។ ព្រឹត្តិការណ៍នេះមាន​ការ​ចូល​រួម​ពី​ក្លិប​មក​ពី ៧ចូលរួម។ ការ​ប្រកួត​គ្រោង​ចាប់​ផ្ដើម​ចាប​ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាល MBJB Arena។

ជុំវិញដំណើរទៅកាន់​ប្រទេស​ម៉ាឡេស៊ី​លើកនេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គ​លេខា​ធិការ​សហព័ន្ធ​កីឡាបាល់ទះកម្ពុជា បានលើកឡើងថា៖ «នេះ​គឺ​ជា​ផែនការ​របស់​សហព័ន្ធ​ក្រោយ​ចប់​ព្រឹត្តិការស៊ីហ្គេម ២សប្ដាហ៍។ ក្នុង​នាម​សហព័ន្ធកីឡាបាល់ទះ​កម្ពុជា យើង​ធ្វើ​យ៉ាង​ណាឲ្យ​ កីឡាករ​កម្ពុជា​យើង​ប្រឡូកក្នុងការប្រកួតអន្ដរជាតិឲ្យបានច្រើន ដូច​ជាជំនួបមិត្តភាព ដើម្បីជំ​រុញ​ដុសខាត​សមត្ថភាព​កីឡាករ​តាមបណ្ដាក្លិបពិសេសក្លិបវិសាខានិងក្រសួងមហាផ្ទៃ ដែល​សម្បូរ​ដោយ​ធនធាន​កីឡាករ​ជម្រើសជាតិ​ត្រៀមការប្រកួតអន្ដរជាតិនានា»។

លោកបានបន្ថែមថា៖«កម្ពុជានៅតែមានមហិច្ឆតាឈានឆ្ពោះទៅសម្រេចមេដាយមាសស៊ីហ្គេម ​ប៉ន្តែវាមិន​ងាយ​ស្រួល​ទេ​ព្រោះដឹងហើយថា ប្រទេសឥណ្ឌូនេស៊ីខ្លាំងណាស់។​ ហេតុ​នេះដើម្បី​អាច​ដណ្ដើម​មេដាយមាសបានទាល់តែយើងជំរុញការអភិវឌ្ឍន៍កីឡាករបន្ថែមទៀត។មួយទៀត គឺការត្រៀមស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ»។

រំលឹកថា មុន​ចេញទៅ​ប្រកួត​ក្នុងព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 នៅប្រទេសម៉ាឡេស៊ី សមាគមបាល់ទះ​វិសាខាបានធ្វើការប្រកួតកម្ដៅសាច់ដុំជាមិត្តភាពជាមួយសមាគមកីឡាបាល់ទះ
ក្រសួង​មហាផ្ទៃកាល ពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅ​ និង​បាន​បញ្ចប់ដោយ​វិសាខា​ឈ្នះ​៣សិត​ទល់២​សិត(២៥-២២,២៥-២៣, ២២-២៥, ២១-២៥ និង ១៦-១៤៕

Share.