សិល្បៈ​ជាតិ​៖​ ទើប​តែ​ទទួល​តំណែង​ជា​ Miss​ Fabulous​ Cambodia​ ថ្មី​ៗ​នេះ​សោះ​ ស្រាប់​តែ​ពេល​នេះ​ កក្កដា​ សុភ័ណ្ឌ​ ត្រូវ​បាន​ក្រុមហ៊ុន​ដែល​រៀប​ចំ​កម្មវិធី​ខាង​លើ​ដក​ចេញ​ពី​តំណែង​។​

អាន៖ កក្កដា សុភ័ណ្ឌ ទទួល​តំណែង​ជា​ Miss​ Fabulous​ Cambodia​ 2023​ ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​

មូលហេតុ​នៃ​ការ​ដក​ហូត​តំណែង​លើក​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជាក់​មូលហេតុ​យ៉ាង​ខ្លី​ថា​៖​ មិន​អាច​បំពេញ​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​បាន​។ នេះ​បើ​តាម​លិខិត​ដែល​ទើប​តែ​ផ្សាយ​នឹង​បង្ហោះ​ចេញ​ក្ដៅ​ៗ​ នា​រាត្រី​ថ្ងៃ​ទី​១៩ ​ខែ​មិថុនា​ ឆ្នាំ​២០២៣​ នេះ​។​

ក្រោយ​ត្រូវ​ដក​តំណែង​ Miss​ Fabulous​ Cambodia​ កក្កដា​ សុភ័ណ្ឌ​ បាន​ចេញ​មក​ Live​ បកស្រាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​បាន​ទម្លាយ​ពី​មូលហេតុ​ការពិត​ជា​ច្រើន​ប្រាប់​ទៅ​មហាជន​ឱ្យ​បាន​ដឹង​ច្បាស់​។​ កក្កដា ​សុភ័ណ្ឌ​ បាន​អះអាង​ថា​ ខ្លួន​មិន​ពេញចិត្ត​ចំពោះ​ក្រុមហ៊ុន​ដែល​ប្រើ​ពាក្យ​ថា​ ដក​តំណែង​ ទាំង​ដែល​ការពិត​គឺ​ខ្លួន​ជា​អ្នក​សូម​លាលែង​ពី​តំណែង​មួយ​នេះ​សោះ​។​

កក្កដា​ សុភ័ណ្ឌ​ បាន​ទម្លាយ​មូល​ហេតុ​ថា​ ខ្លួន​មិន​សុខចិត្ត​ដោយ​មាន​ហេតុផល​ ៣​ យ៉ាង​។​ ទី១​ នោះ​គឺ​ ខ្លួន​បាន​ទិញ​ license​ របស់​កម្មវិធី​ Miss​ Fabulous ​Cambodia​ ចំនួន​ ៣០០០​ ដុល្លារ ​ដោយ​បាន​ទាំង​កញ្ចប់​ដូច​ជា​ កមុដ​ ឈាង​ សំបុត្រយន្តហោះ ​និង​ពានរង្វាន់​ ព្រម​ទាំង​ក្លាយ​ជា​បេក្ខភាព​តំណាង​ឱ្យ​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ Miss​ Fabulous​ នៅ​ប្រទេស​ថៃ​។​

ប៉ុន្តែ ​ សុភ័ណ្ឌ​ បាន​អះអាង​ថា​ ការ​ប្រគល់​ប្រាក់​ ៣០០០ ​ដុល្លារ​ នោះ​គឺ​ត្រូវ​ឱ្យ​ជា​ដំណាក់​កាល​ ហើយ​ក្នុង​ ១​ខែ​ ៥០០​ដុល្លារ​។​ យ៉ាងណាមិញ​ សុភ័ណ្ឌ​ បាន​ឱ្យប្រាក់​​ទៅ​ក្រុមហ៊ុន​តែ​ ៤០០​ដុល្លារ​ប៉ុណ្ណោះ​ ហើយ​បង្កក​ ១០០​ សិន​ ក្រោម​ហេតុផល​ថា​ ខ្លួន​ពិបាក​រក​លុយ​យក​មក​បង់​បង្គ្រប់​។

កក្កដា​ សុភ័ណ្ឌ​ បាន​ប្រាប់​មូល​ហេតុ​ទី​ ២​ថា ​ខ្លួន​ពិត​ជា​អន់​ចិត្ត​ចំពោះ​អ្នក​រៀបចំ​កម្មវិធី​ដែល​ប្រគល់​ពាន​រង្វាន់​មិន​ទាន់​ពេល​វេលា​ ហើយ​ទាំង​មកុដ​ និង​ឈាង​ គឺ​មិន​មាន​ស្អាត​ និង​មាន​តម្លៃ​ដូចជា​អ្វី​ដែល​ក្រុមហ៊ុន​បាន​សន្យា​ចំពោះ​ខ្លួន​នៅ​ថ្ងៃ​បំពាក់​មកុដ​នោះ​ទេ​។​ សុភ័ណ្ឌ​ បន្ត​ថា​ ខ្លួន​បាន​ចំណាយ​លុយ​ធ្វើ​ឆៀង​ប្រណិត​មួយ​ថ្មី​ទៀត​ ដោយ​ចំណាយ​អស់​ ៥០​ ដុល្លារ​ និង​បាន​ទិញ​ប្រអប់​ឆៀង​ថ្មី​មួយ​ទៀត​អស់​ ៥០​ ដុល្លារ​ថែម​ទៀត​។​

សុភ័ណ្ឌ​ លើក​ឡើង​ទៀត​ថា​ ហេតុផល​ទី​ ៣​ ដែល​ខ្លួន​មិន​ពេញចិត្ត​នោះ​គឺ​ ការ​មិន​គោរព​សន្យា​ ដោយ​បាន​យល់​ព្រមគ្នា​ថា​ នឹង​កាត់​ ២០​ ភាគរយ​ នៃ​លុយ​ដែល​ទទួល​បាន​ការងារ​ច្រើន​។ ប៉ុន្តែ​ សុភ័ណ្ឌ​ ថា​ តាំង​ពី​ទទួល​តំណែង​រហូត​មក​ទល់​ពេល​នេះ​ ខ្លួន​ទើប​តែ​ទទួល​បាន​ការងារ​ត្រឹម​តែ​មួយ​ប៉ុណ្ណោះ​ ហើយ​ក្រុមហ៊ុន​ស្រាប់​តែ​ទាក់ទង​មក​កាត់​ថ្លៃ​ ២០​ ភាគរយ​ភ្លាមៗ​ ទាំង​ដែល​ការងារ​នោះ​មិន​បាន​ផ្ដល់​កម្រៃ​រហូត​ដល់​រួច​ថ្លៃ​សាំង​ឡាន​ផង​នឹង​។​

ជាចុងក្រោយ ​កក្កដា​ សុភ័ណ្ឌ​ បាន​បញ្ជាក់​សង្កត់​ធ្ងន់​ៗ​ថា​ ខ្លួន​សុំ​ឱ្យ​ក្រុមហ៊ុន​លុប​ពាក្យ​ថា​ ដក​តំណែង​ Miss​ Fabulous​ Cambodia​ ចេញ​វិញ​ ដោយ​ជំនួស​ដោយ​ពាក្យ​ថា​ ខ្លួន​ជា​អ្នក​សូម​លាលែង​ពី​តំណែង​វិញ​ ទើប​ខ្លួន​សុខ​ចិត្ត​នឹង​បញ្ចប់​រឿង​នេះ​៕​

Share.