ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅថ្ងៃចន្ទ សប្ដាហ៍នេះថា ការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន គឺជា «ការពិតប្រាកដ» ប៉ុន្មានថ្ងៃ បន្ទាប់ពីលោកត្រូវបានថ្កោលទោសពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរប្រភេទនេះ នៅក្នុងប្រទេសបេឡារុស្ស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក Biden បានហៅការប្រកាសរបស់លោក ពូទីន ដែលថា រុស្ស៊ីបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់ខ្លួនជាលើកដំបូងទៅកាន់ប្រទេសបេឡារុស្សថា «ជាទង្វើគ្មានការទទួលខុសត្រូវទាំងស្រុង»។

លោក Biden បានប្រាប់ក្រុមម្ចាស់ជំនួយនៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃចន្ទ ថា «នៅពេលដែលខ្ញុំចេញពីទីនេះ កាលពី ២ឆ្នាំមុន ខ្ញុំព្រួយបារម្ភអំពីទន្លេនៃរដ្ឋ Colorado រីងស្ងួត មនុស្សគ្រប់គ្នាមើលមកខ្ញុំដូចជាខ្ញុំឆ្កួត»។ លោក Biden បានបន្ដថា «ពួកគេបានមើលមកខ្ញុំក្នុងន័យបែបនេះ នៅពេលខ្ញុំបារម្ភអំពីលោក ពូទីន អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក។ វាជាការពិត»។

កាលពីសប្តាហ៍មុន ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយថា ប្រទេសរបស់លោក បានចាប់ផ្តើមទទួលបានអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ី ដែលក្បាលគ្រាប់នុយក្លេអ៊ែរខ្លះ មានកម្លាំងខ្លាំងជាងគ្រាប់បែកបរមាណូដល់ទៅ៣ដង បើធៀបនឹងគ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុង ណាហ្គាសាគី ក្នុងឆ្នាំ ១៩៤៥។

ការដាក់ពង្រាយនេះ គឺជាចលនាដំបូងរបស់រុស្សីចំពោះក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិក ដែលជាអាវុធនុយក្លេអ៊ែររយៈចម្ងាយខ្លីជាង និង មិនសូវមានថាមពលខ្លាំង ដែលអាចត្រូវបានប្រើនៅលើសមរភូមិ – នៅខាងក្រៅប្រទេសរុស្ស៊ីចាប់តាំងពីការដួលរលំនៃសហភាពសូវៀត។

សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមិនមានចេតនាផ្លាស់ប្តូរគោលជំហររបស់ខ្លួន លើអាវុធនុយក្លេអ៊ែរតាក់ទិក ដើម្បីឆ្លើយតបនឹងការដាក់ពង្រាយនោះទេ ហើយក៏មិនបានឃើញសញ្ញាណាមួយដែលបង្ហាញថា រុស្ស៊ីកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរដែរ។

កាលពីខែឧសភា រុស្ស៊ីបានច្រានចោលការរិះគន់របស់លោក Biden អំពីផែនការរបស់រុស្ស៊ី ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនៅក្នុងប្រទេសបេឡារុស្ស ដោយនិយាយថា សហរដ្ឋអាមេរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរបែបនេះជាច្រើនទសវត្សរ៍មកហើយនៅអឺរ៉ុប។

សូមជម្រាបថា ការដាក់ពង្រាយអាវុធរបស់រុស្ស៊ី កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏ដូចជាប្រទេសចិន ដែលបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមនៅអ៊ុយក្រែន៕

ប្រភព៖ CNA

Share.