យន្តហោះ Scoot ដែលធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូង ទៅកាន់ប្រទេសសិង្ហបុរី ត្រូវបានគេប្រទះឃើញថា បានបាត់កង់ខាងមុខផ្នែកខាងឆ្វេង បន្ទាប់ពីវាបានចុះចតនៅទីក្រុងតៃប៉ិ អំឡុងពេលឈប់សម្រាកនៅព្រឹកថ្ងៃចន្ទ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

ក្រុមហ៊ុនអាកាសចរណ៍របស់យន្ដហោះ Scoot បាននិយាយថា ជើងហោះហើរ TR897 បានរកឃើញថាមានកំហុសបច្ចេកទេស នៅពេលចុះចតក្នុងអាកាសយានដ្ឋានអន្តរជាតិតាយយាន (Taoyuan)។

ក្រុមហ៊ុនខាងលើបានបន្ថែមថា «ជើងហោះហើរ ដែលដើមឡើយគ្រោងនឹងចេញដំណើរពីទីក្រុងតៃប៉ិ ទៅកាន់ប្រទេសសិង្ហបុរី នៅម៉ោង ១:២០ទាបភ្លឺ ត្រូវបានលុបចោលជាបន្តបន្ទាប់»។

យោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក ​​Focus Taiwan បានឲ្យដឹងថា អ្នកដំណើរជាង ៣០០នាក់បានជិះនៅលើយន្តហោះនោះ។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា កង់ខាងមុខផ្នែកខាងឆ្វេង បានធ្លាក់ក្នុងអំឡុងពេលចុះចតនៅម៉ោង ១២និង០៦នាទីកណ្ដាលអធ្រាត បន្ទាប់ពីឧបករណ៍ចាប់សញ្ញាបានរកឃើញសម្ពាធកង់យន្ដហោះខុសប្រក្រតីមុនពេលយន្តហោះចុះចត។

សារព័ត៌មានតៃវ៉ាន់បានរាយការណ៍ទៀតថា «នៅពេលដែលយន្តហោះចុះចត សំបកកង់ខាងឆ្វេង និង គែមដែកនៅលើផ្នែកខាងមុខត្រូវបានជ្រុះចេញ ដោយបន្សល់ទុកតែសំបកកង់ខាងមុខផ្នែកខាងស្តាំប៉ុណ្ណោះ ដើម្បីរក្សាយន្តហោះឲ្យរក្សាលំនឹង និង ផ្លាស់ទី»។ សារព័ត៌មាន Focus Taiwan ក៏បានរាយការណ៍ពីអាកាសយានដ្ឋានអន្តរជាតិ Taoyuan ដោយនិយាយថា មិនមានសញ្ញារកឃើញកង់យន្ដហោះនោះជ្រុះនៅលើផ្លូវរត់ ឬ ផ្លូវរថយន្ដនោះទេ។

បើតាមភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ SKYbrary បានឲ្យដឹងថា កង់ផ្នែកខាងមុខរបស់យន្ដហោះ ជួយដល់ការគ្រប់គ្រងទិសដៅក្នុងអំឡុងពេលហោះឡើង និងចុះចត និង ជាកង់សំខាន់អនុញ្ញាតឱ្យយន្តហោះរត់ពេលនៅលើដី។

ដោយឡែករដ្ឋមន្ត្រីដឹកជញ្ជូន និងទំនាក់ទំនងរបស់តៃវ៉ាន់ លោក Wang Kwo-tsai បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ឧបទ្ទវហេតុនេះនឹងត្រូវបានស៊ើបអង្កេតដោយរដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់ខ្លួន និងអាជ្ញាធរពាក់ព័ន្ធ។

ក្រុមហ៊ុនអាកាសចរណ៍ Scoot បាននិយាយថា «ការស្នាក់នៅសណ្ឋាគារ និងការបង្វិលសងជើងហោះហើរត្រូវបានរៀបចំសម្រាប់អ្នកដំណើររបស់យើងតាមដែលអាចធ្វើបាន។ Scoot នឹងផ្តល់ជំនួយគ្រប់បែបយ៉ាងដល់អតិថិជន ជាមួយនឹងជើងហោះហើរតភ្ជាប់បន្ដពីសិង្ហបុរី»។

ក្រុមហ៊ុនបន្ថែមថា ជើងហោះហើរ TR897D ត្រូវបានគេរៀបចំ និង ត្រៀមសម្រាប់អ្នកដំណើរដែលត្រូវបន្ដដំណើរ ដើម្បីចាកចេញពីទីក្រុងតៃប៉ិ ទៅកាន់ប្រទេសសិង្ហបុរីនៅវេលាម៉ោង ៨:៤៥នាទីយប់ថ្ងៃដដែល។

ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុនអាកាសចរណ៍ Scoot សូមអភ័យទោសដោយស្មោះចំពោះការរអាក់រអួល ដែលបង្កឡើងដោយចៃដន្យ។ សុវត្ថិភាពរបស់អតិថិជន និង ក្រុមការងាររបស់យើង គឺជាអាទិភាពចម្បងរបស់ក្រុមហ៊ុនអាកាសចរណ៍ Scoot ហើយយើងនឹងបន្តផ្តល់ជំនួយដល់អតិថិជនដែលរងផលប៉ះពាល់ក្នុងករណីចាំបាច់»៕

ប្រភព៖ CNA

Share.