សិល្បៈ​ជាតិ​៖​ ថ្មីៗ​នេះ​លោក​ ប៊ឺត​ សំរេច​​ ចេញ​វីដេអូ​ថា​ លោក​មិន​ញញើត​នឹង​ធ្វើ​តេស្ត​ DNA​ បញ្ជាក់​ថា​លោក​ជា​តំណក់​ឈាម​ពិត​របស់​លោក​ ស៊ីន​ ស៊ីសាមុត​ នោះ​ទេ​។​

ប្រធាន​បទ​លោក ​ ប៊ឺត​ សំរេច​​ ទម្លាយ​ថា​ខ្លួន​ជា​តំណក់​ឈាម​ពិត​របស់​លោក​ ស៊ីន​ ស៊ីសាមុត​ និង​បាន​លាក់​បាំង​រឿង​នេះ​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​នោះ គឺ​នៅ​តែ​ជា​ប្រធានបទ​ក្ដៅ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​អ្នក​បន្ត​វែកញែក​មិន​ដាច់​ រហូត​ដល់​អ្នកស្រាវជ្រាវ​ខ្លះ​ថា​នឹង​ឱ្យ​លោក​ធ្វើ​តេស្ដ​ DNA​ ខ្លះ​ទៀត​ប្រកាស​ថា​និង​បើក​ការ​ស្រាវជ្រាវ​​ប្រវត្តិ​ពិត​របស់​លោក​ឱ្យ​កាន់​តែ​ច្បាស់​ដើម្បី​បញ្ជាក់​ពី​ការ​ពិត​។

អាន៖ ៤៩​ឆ្នាំ​ក្រោយ​ទើប​អតីត​កីឡាករ​ ប៊ឺត សំរេច​​ ​ដាច់​ចិត្ត​ទម្លាយ​​ថា​ខ្លួន​​​ជា​​ដំណក់​ឈាម​​​​អធិរាជ​សំឡេង​មាស​ ស៊ិន ស៊ីសាមុត

អតីត​កីឡាករ​ ប៊ឺត​ សំរេច​ បាន​សម្រក់​ទឹកភ្នែក​និយាយ​នៅក្នុង​វីដេអូ​បង្ហោះ​នៅ​លើ​បណ្ដាញសង្គម​ថា ​ការ​ដែល​លោក​ចេញ​មក​បក​ស្រាយ ​និង​និយាយ​ការ​ពិត​នេះ​ គឺ​លោក​មិន​ចង់​បាន​អ្វី​នោះ​ទេ​ លោក​ស៊ូ​ទ្រាំ​មក​ជាង​ ៤៩​ ឆ្នាំ​ហើយ​។​ លោក​បន្ត​ថា​ លោក​មិន​ចង់​បរិយាយ​អ្វី​ទេ​ គ្រាន់​តែ​ចង់​ឱ្យ​មហាជន​បាន​ដឹង​ថា​ លោក​គឺ​កូន​ប្រុស​របស់​ម្ដាយ​ ដែល​គាត់​ធ្លាប់​រួម​រស់​រួម​មេត្រី​ជាមួយ​លោក​ ស៊ីន​ ស៊ីសាមុត​ និង​បន្សល់​ទុក​តំណក់​ឈាម​មួយ​នេះ​។​ លោក​ថា​ ជីវិត​លោក​រស់​មក​វេទនា​យូរ​ណាស់​ហើយ​ លោក​មិន​ចង់​តោង​កាលីប​ ឬ​តោង​ល្បី​ ឬ​ចង់​បាន​ទ្រព្យ​សម្បត្តិ​អ្វី​នោះ​ទេ​។​

លោក​ ប៊ឺត​ សំរេច​ និយាយ​ទៀត​ថា​ ដោយ​សារ​តែ​ម្ដាយ​របស់​លោក​សូម​អង្វរ​លោក​ឱ្យ​និយាយ​រឿង​នេះ ​ព្រោះ​គាត់​មាន​វ័យ​កាន់​តែ​ចាស់​ហើយ​ គាត់​ពិត​ជា​ស្ដាយ​បើ​មិន​បាន​ទម្លាយ​រឿង​នេះ​។​ លោក​បន្ត​ថា​ អ្នក​ទាំងអស់​គ្នា​មិន​យល់​ពី​អារម្មណ៍​ដែល​កំព្រា​ឪពុក​ កំព្រា​ម្ដាយ​ដូចជា​រូប​លោក​នោះ​ទេ​ ហើយ​លោក​ទម្លាយ​ពី​រឿងនេះ​ក៏​ព្រោះតែ​លោក​ចង់​បំពេញបំណង​ម្ដាយ​របស់លោកផងដែរ​។​ លោកថា​ លោក​មិន​ដែល​ចង់​បាន​ទ្រព្យ​សម្បត្តិ​អ្វី​ពី​ខាង​លោក​ ស៊ីន​ ស៊ីសាមុត​ នោះ​ទេ​ បើទោះ​លោក​គ្មាន​ទ្រព្យ​យ៉ាង​ណា​ក៏​ដោយ​។​ លោក​គ្រាន់​តែ​ចង់​បាន​សេចក្ដី​សុខ​ចំពោះ​ក្រុម​គ្រួសារ​ និង​ចង់ឃើញ​សាច់ឈាម​ប្អូន​របស់​លោក​ដែល​នៅ​សល់​ទទួល​បាន​សេចក្ដី​សុខ​តែ​ប៉ុណ្ណោះ​។​

លោក ​ប៊ឺត ​សំរេច​ ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ រឿង​ទាំង​អស់​ដែល​លោក​បាន​ទម្លាយ​នោះ​ គឺ​ជា​រឿង​ពិត​ មិន​បាន​ប្រឌិត​ មក​បំពុល​សង្គម​ទេ​។​ លោក​ថា​ លោក​ចង់​ជួប​មុខ​អ្នក​ដែល​ចោទ​ប្រកាន់​លោក​ រួច​ទៅ​ធ្វើ​តេស្ដ​ DNA ​ឈាម​ជាមួយ​នឹង​លោក​ផ្ទាល់​ ដើម្បី​បញ្ជាក់​ភាព​ស្អាត​សំ​ដែល​លោក​មាន​។​ លោក​ថា​ លោក​មិន​ព្រមាន​នោះ​ទេ​ ប៉ុន្តែ​បើ​លោក​ពិត​ជា​តំណក់​ឈាម​ពិត​របស់​លោក ​ស៊ីន​ ស៊ីសាមុត​ មែន​នោះ ​អ្នក​ដែល​ចោទ​ប្រកាន់​លោក​គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ​៕

យ៉ាងណាមិញ លោក ប៊ឺត សំរេច ចុងក្រោយថា សម្រាប់អ្នកដែលចង់ជួបលោក និងក្រុមគ្រួសារក្នុងការស្វែងរកការពិត លោកថាលោកស្វាគមន៍គ្រប់ពេលវេលា។ លោកថា ការឈឺចាប់នៅក្នុងចិត្តនេះគឺធ្វើឱ្យលោកចងចាំមិនភ្លេចនោះទេ លោកមានកេរ្តិ៍ឈ្មោះជាកីឡាករល្បីមួយរូបដែរ ដូច្នោះហើយលោកមិនលក់កិត្តិយសមកប្រឌិតរឿងបែបនេះដូចគេចោទប្រកាន់នោះទេ៕

ប្រភពវីដេអូ

Share.