ក្រុមអ្នកជួយសង្គ្រោះបានស្វែងរក នាវាមុជទឹកនោះនៅមហាសមុទ្រអាត្លង់ទិកខាងជើង រយៈពេល ៣ថ្ងៃ ដែលបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុន នៅពេលដែលកំពុងដឹកអ្នកដំណើរដែលសុទ្ធសឹងតែជាអ្នកមានទ្រព្យសម្បត្តិមហាសាល និង បុគ្គលល្បីឈ្មោះ ក្នុងការធ្វើដំណើរទៅទស្សនាខ្មោចកប៉ាល់ទីតានិក នៅក្នុងតំបន់ទឹកជ្រៅនៃឆ្នេរសមុទ្ររបស់ប្រទេសកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។

នាវាមុជទឹក Titan ខ្នាតតូចនេះ មានប្រវែងជាង ៦.៤ម៉ែត្រ លក្ខណៈពិសេសរបស់នាវាមុជទឹកនេះ អាចស្ថិតនៅ​ក្រោម​ទឹក​រយៈពេល ៩៦ម៉ោង អាចផ្ទុក​​មនុស្ស ៥ នាក់​ ហើយនាវាមុជទឹកនេះអាចបន្ដដំណើរការ​រហូត​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ មុន​ពេល​អស់ខ្យល់អុកស៊ីសែន។

អ្នកបើកនាវាមុជទឹកម្នាក់ និង អ្នកដំណើរ ៤នាក់ បានស្ថិតនៅក្នុងនាវាមុជទឹកខ្នាតតូច កាលពីព្រឹកថ្ងៃអាទិត្យ នៅពេលដែលពួកគេបានបាត់បង់ទំនាក់ទំនងជាមួយកប៉ាលមេមួយទៀត នៅលើផ្ទៃទឹកប្រហែល ១ម៉ោង៤៥នាទី ពេលនាវា Titan ចេញដំណើរចុះក្នុងទឹករយៈពេល ២ម៉ោង។

កប៉ាល Titanic បានចេញដំណើរពីទីក្រុង Southampton របស់ចក្រភពអង់គ្លេស ទៅកាន់សហរដ្ឋអាមេរិក ហើយបានបុកផ្ទាំងទឹកកក និង បានលិចក្នុងខែមេសា ឆ្នាំ១៩១២ ស្ថិតនៅចម្ងាយប្រហែល ១,៤៥០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Cape Cod រដ្ឋ Massachusetts និង មានចម្ងាយ ៦៤៤គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង St John’s រដ្ឋ Newfoundland នៃប្រទេសកាណាដា និងនៅជម្រៅប្រហែល ៣,៨០០ម៉ែត្រក្រោមសមុទ្រ។

មេបញ្ជាការឆ្មាំសមុទ្រអាមេរិក លោក Jamie Frederick បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃ អង្គារ ថា យន្ដហោះអាមេរិក និង កាណាដា បានព្យាយាមស្វែងរកនៅពីលើអាកាសតាមផ្ទៃទឹករបស់មហាសមុទ្រ។ លោក Frederick បានបន្ដថា យោធាកាណាដា បានទម្លាក់ឧបករណ៍សូណា ចូលក្នុងទឹក ដើម្បីស្តាប់សំឡេងណាមួយដែលអាចចេញមកពីកប៉ាល់ Titan ហើយកប៉ាល់ពាណិជ្ជកម្មមួយដែលមានឧបករណ៍មុជទឹកក្នុងទឹកជ្រៅ ដែលអាចបញ្ជាពីចម្ងាយក៏កំពុងស្វែងរកនៅជិតកន្លែងនោះដែរ។

វិទ្យាស្ថានស្រាវជ្រាវ Ifremer បាននិយាយថា ដោយឡែក កប៉ាល់យន្ដស្រាវជ្រាវរបស់បារាំងមុជទឹកក្នុងសមុទ្រជ្រៅត្រូវបានបញ្ជូនទៅកាន់តំបន់ស្វែងរកតាមសំណើរបស់កងទ័ពជើងទឹកអាមេរិក ហើយត្រូវបានគេរំពឹងថា នឹងមកដល់នៅយប់ថ្ងៃពុធ (ម៉ោងក្នុងស្រុក)។

អ្នកដែលជិះនៅក្នុងនាវាមុជទឹក Titan សម្រាប់ដំណើរទេសចរណ៍ដែលមានតម្លៃ ២៥ម៉ឺនដុល្លារអាមេរិក ក្នុងមនុស្ស១នាក់នោះ រួមមានដូចជា៖ មហាសេដ្ឋីអង់គ្លេស ឈ្មោះ Hamish Harding អាយុ ៥៨ឆ្នាំ , មហាសេដ្ឋីប៉ាគីស្ថាន ឈ្មោះ Shahzada Dawood អាយុ ៤៨ឆ្នាំ ជាមួយកូនប្រុសរបស់គាត់ ឈ្មោះ Suleman អាយុ ១៩ឆ្នាំ បច្ចុប្បន្នពួកគេមានសញ្ជាត្តិអង់គ្លេស , អ្នករុករកជនជាតិបារាំងឈ្មោះ Paul-Henri Nargeolet អាយុ ៧៧ឆ្នាំ និង លោក Stockton Rush ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន OceanGate Expeditions ពួកគេទាំង ៥នាក់ ត្រូវបានគេរាយការណ៍ថាមានវត្តមាននៅក្នុងនាវានោះទាំងអស់គ្នាផងដែរ។ យ៉ាងណាម៉ិញ អាជ្ញាធរ​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នក​ដំណើរ​ណា​ម្នាក់​ឡើយ។

យោងតាមអ្នកជំនាញបានឲ្យដឹងថា អ្នកជួយសង្គ្រោះប្រឈមនឹងឧបសគ្គយ៉ាងសំខាន់ទាំងក្នុងការស្វែងរកនាវាមុជទឹក Titan និង ក្នុងការជួយសង្គ្រោះមនុស្សនៅក្នុងនាវានោះ។

បើតាម លោក ​​Alistair Greig សាស្ត្រាចារ្យវិស្វកម្មសមុទ្រនៅសាកលវិទ្យាល័យ University College London បានឲ្យដឹងថា ប្រសិនបើនាវាមុជទឹកជួបគ្រោះអាសន្ននៅពាក់កណ្តាលផ្លូវ នោះអ្នកបើកនាវាទំនងជាបានសម្រាល​​​ទម្ងន់នាវា ដើម្បីឲ្យវាអណ្តែតទៅលើផ្ទៃទឹកវិញ។

ប្រសិនបើនាវាមុជទឹក Titan ស្ថិតនៅលើបាតសមុទ្រ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនឹងកាន់តែមានការលំបាកជាងមុន ដោយសារតែត្រូវចុះទៅក្នុងទឹកជាង ៣,២១៨ម៉ែត្រ ខណៈកប៉ាល់ទីតានិក ស្ថិតនៅក្រោមទឹកដ៏ជ្រៅ ជម្រៅ ៣,៨១០ម៉ែត្រ។

ទាក់ទិននឹងបញ្ហានេះ អ្នកជំនាញបានលើកឡើងថា មានតែឧបករណ៍ឯកទេសទេ ដែលអាចឈានចុះទៅដល់ជម្រៅបែបនេះ ដោយមិនត្រូវបានរំខានដោយសម្ពាធទឹកដ៏ធំ។

សូមជម្រាបថា សម្រាប់ដំណើរកម្សាន្ដបែបផ្សងព្រេងនៅក្រោមទឹកសមុទ្ររយៈពេល ៨ថ្ងៃ អ្នកទេសចរម្នាក់ត្រូវទិញសំបុត្រតម្លៃ ២៥ម៉ឺនដុល្លារ ដោយក្នុងនោះបូករួមទាំងការជ្រមុជទឹកទៅកាន់កប៉ាល់ខ្មោច Titanic នៅជម្រៅ ៣,៨០០ម៉ែត្រផងដែរ៕

ប្រភព៖ CNA

Share.