នៅពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភាកាន់តែខិតជិតចូលមកដល់ ការណ៍នេះក៏មានន័យថារដ្ឋសភានីតិកាលទី៦ដែលរាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣នេះកាន់ជិតបញ្ចប់អាណត្តិដែរ។ ក្នុងនីតិកាលទី៦នេះ ក្បាលម៉ាស៊ីនសំខាន់ៗ ឬនិយាយបែបន័យត្រង់ថាថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័នជាតិមួយនេះមានការប្រែប្រួលខ្លះៗ ក្នុងនោះក៏ដោយសារមរណភាពថ្នាក់ដឹកនាំមួយចំនួន។

សម្រាប់នីតិកាលទី៦ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តកាន់មុខតំណែងជាប្រធានរដ្ឋសភា អមដោយអនុប្រធាន២រូប។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានចូលកាន់តំណែងអនុប្រធានទី១រដ្ឋសភា ជំនួសឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញិល ដែលបានទទួលមណភាព កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានកាន់មុខតំណែងអនុប្រធានទី២។

នៅក្រោមរចនាសម្ព័ន្ធប្រធាន និងអនុប្រធានទាំង២នៃរដ្ឋសភា គឺគណៈកម្មការជំនាញរដ្ឋសភាដែលមាន១០គណៈកម្មការ រួមមាន​៖

១.គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា។ ឯកឧត្តម ស ចំរុង បានចូលកាន់មុខតំណែងជាប្រធានគណៈកម្មកានេះជំនួសឯកឧត្តម ប្រាជ្ញ ចន្ទ ដែលទៅកាន់មុខតំណែងជាប្រធាន គ.ជ.ប កាលពីខែមិថុនា ឆ្នាំ២០២១។

២.គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។ គណៈកម្មការនេះដឹកនាំដោយឯកឧត្តម ឈាង វុន អតីតប្រធានគណៈកម្មការព័ត៌មាន។ ឯកឧត្តមបានមកកាន់មុខតំណែងជាប្រធានគណៈកម្មការសេដ្ឋកិច្ចជំនួសឯកឧត្តម ជាម យៀប ដែលទៅកាន់មុខតំណែងជាអនុប្រធានទី១រដ្ឋសភា។

៣.គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។ គណៈកម្មការនេះដឹកនាំដោយឯកឧត្តម ឡូយ សុផាត។

៤.គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ។ គណៈកម្មការនេះដឹកនាំដោយឯកឧត្តម កែប ជុតិមា ក្រោយមរណភាពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង អតីតប្រធានគណៈកម្មការមួយនេះ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

៥.គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ ឃោសនាការ និងព័ត៌មាន។ គណៈកម្មការនេះ ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ជំនួសឯកឧត្តម ឈាង វុន ដែលទៅកាន់មុខតំណែងជាប្រធានគណៈកម្មការសេដ្ឋកិច្ច។

៦.គណៈកម្មការនីតិកម្ម និងយុត្តិធម៌។ គណៈកម្មការនេះ ដឹកនាំដោយឯកឧត្តម ប៉ែន បញ្ញា។ ឯកឧត្តម គឺជាបងប្រុសបង្កើត លោក ប៉ែន សមិទ្ធិ អតីតប្រធានក្លឹបអ្នកកាសែតកម្ពុជាដ៏មានប្រជាប្រិយភាព។

៧.គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។ គណៈកម្មការនេះដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី។

៨.គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី។ គណៈកម្មការនេះ ដឹកនាំដោយលោកជំទាវ ឡោក ខេង។

៩.គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គណៈកម្មការនេះដឹកនាំដោយលោកជំទាវ និន សាផុន។

និងទី១០. គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។ គណៈកម្មការនេះដឹកនាំដោយឯកឧត្តម​ បណ្ឌិត ប៉ែន ស៊ីម៉ន។

សូមបញ្ជាក់ថាក្បាលម៉ាស៊ីនសំខាន់ៗរដ្ឋសភាដូចបានរៀបរាប់មកនេះ ស្ថិតក្នុងយន្តការគណៈកម្មាធិការជាអន្ត្រៃយ៍នៃរដ្ឋសភា។ គណៈកម្មាធិការអចិន្ត្រៃយ៍នេះ មានសម្ដេចពញាចក្រី ហេង សំរិន ជាប្រធាន អមដោយអនុប្រធានទី១ និងទី២នៃរដ្ឋសភា ជាអនុប្រធាន ហើយប្រធានគណៈកម្មការជំនាញទាំង១០ជាសមាជិក។

គណៈកម្មាធិការអចិន្ត្រៃ៍មានតួនាទី និងភារកិច្ច រៀបចំរបៀបវារៈសម្រាប់ប្រជុំរបស់រដ្ឋសភា ពិនិត្យសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ឲ្យគណៈកម្មការតាមមុខជំនាញពិនិត្យ ទទួលភារកិច្ចចាត់ចែងការងារនៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា សម្រេចលើគំរោងថវិការបស់រដ្ឋសភា កំណត់ប្រាក់បំណាច់ផ្សេងៗរបស់តំណាងរាស្រ្ត លើកសរសើរ និងដាក់វិន័យ និងជំរុញទំនាក់ទំនងតំបន់ និងអន្តរជាតិ ជាមួយសភានានា។

នៅស្ថាប័នរដ្ឋសភា មានអគ្គលេខាធិការដ្ឋានមួយ ដើរតួនាទីជាសេនាធិការផ្ទាល់របស់រដ្ឋសភា ផ្ដល់សេវាទ្រទ្រង់លើកិច្ចការទូទៅ ដើម្បីធានាឱ្យមាននិរន្តរភាពនៃកិច្ចការនានារបស់រដ្ឋសភា។ ឯកឧត្តម ឡេង ប៉េងឡុង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕

Share.