ប្រធានាធិបតីអាមេរិក លោក Joe Biden បានហៅសមភាគីចិន លោក Xi Jinping ជា «ជនផ្តាច់ការ» កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ នៅពេលលោកថ្លែងសុន្ទរកថាក្នុងពិធីទទួលម្ចាស់ជំនួយរបស់គណបក្សប្រជាធិបតេយ្យ នៅចំពោះមុខអ្នកសារព័ត៌មាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងនៅឯកម្មវិធីរៃអង្គាសថវិកា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយ នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា លោក Biden បាននិយាយថា «លោក Xi បានខឹងសម្បារចំពោះឧប្បត្តិហេតុមួយកាលពីខែកុម្ភៈ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន បាញ់ទម្លាក់បាឡុងរបស់ចិន ដែលត្រូវបានប្រើប្រាស់សម្រាប់ស៊ើបការណ៍នោះ បានហោះពីលើសហរដ្ឋអាមេរិក មុនពេលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះយោធាអាមេរិក»។

លោក Biden បាននិយាយថា «ហេតុផលដែលលោក Xi Jinping មានការខឹងសម្បារយ៉ាងខ្លាំង គឺដោយសារខ្ញុំបានបាញ់ទម្លាក់បាឡុងនោះ ហើយខ្ញុំមិនបានដឹងអ្វីទេ…នេះជារឿងអាម៉ាសបំផុតសម្រាប់ជនផ្ដាច់ការ នៅពេល​ពួកគេ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង»។

ការលើកឡើងរបស់លោក ចូ បៃដិន កើតឡើងត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជួបជាមួយលោក ស៊ី ជិនពីង អំឡុងបំពេញទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសចិន ក្នុងគោលបំណងកាត់បន្ថយកម្ដៅនៃភាពតានតឹងរវាងប្រទេសមហាអំណាចពិភពលោកទាំង២។ ហើយការលើកឡើងនេះ ទំនងជាបង្កើនការជំទាស់យ៉ាងខ្លាំងពីទីក្រុងប៉េកាំង។

នៅតែស្ថិតក្នុងប្រធានបទរបស់ប្រទេសចិន និង លោក Xi , លោក Biden បាននិយាយថា «យើងស្ថិតនៅក្នុងស្ថានភាពមួយដែលគាត់ចង់មានទំនាក់ទំនងម្តងទៀត។ លោក Blinken «​ធ្វើ​ការងារ​បានល្អ» ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង ប៉ុន្តែ​លោក Biden បាន​បន្ថែមថា «វា​នឹង​ត្រូវ​ចំណាយ​ពេលបន្ថែម»។

សូមជម្រាបថា លោក Antony Blinken និង លោក ស៊ី ជិនពីង កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ បានព្រមព្រៀងគ្នាក្នុងការរក្សាស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំង ២ ដើម្បីបញ្ចៀសកុំឲ្យជម្លោះណាមួយផ្ទុះឡើង។ ប៉ុន្តែដំណើរទស្សនកិច្ច ២ថ្ងៃរបស់លោក Blinken មិនអាចស្វែងរកច្រកចេញ ឬក៏សម្រេចបានលទ្ធផលជាផ្លែផ្កាធំដុំ អ្វីឡើយ៕

ប្រភព៖ CNA

Share.