នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នេះសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បាន​ប្រាកាស​ទទួ​លស្គាល់ក្លិបចំនួន២ ដែល​មាន​ទីតាំង​ក្នុង​រាជធានីភ្នំពេញ ក្លាយ​ជា​សមា​ជិក​ក្លឹប​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិកកម្ពុជា (EFC)។

ក្លិបចំនួន២ នេះមាន​ដូចជា D-Roar Cybercafe, The Origin និង D-Roar Cybercafe, The Mansion ក្លឹប​ជា​សមាជិករបស់សហព័ន្ធ ត្រូវគោរពតាមលក្ខន្តិកៈ និងបទបញ្ជាសហព័ន្ធ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន តាម លក្ខ​ខណ្ឌ​ដូចខាងក្រោម៖

  • ធានាថាកីឡាករដែលចូលហ្វឹកហាត់ក្នុងក្លឹប ត្រូវមានអាយុចាប់ពី ១៣ឆ្នាំឡើងទៅ និងអាចចូលរួមការប្រកួតផ្លូវការនានាបាន ចាប់ពីអាយុ១៦ឆ្នាំឡើងទៅ
  • មិនបង្កឲ្យមានការប្រមូលផ្តុំ ក្មេងទំនើង ដែលមិនចូលរៀន
  • មិនលេងល្បែងភ្នាល់ ឬស៊ីសង ក្នុងមូលដ្ឋាន
  • ធានារក្សាការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ
  • មិនធ្វើការជួញដូរផ្លូវភេទ មិនប្រើប្រាស់ និងជួញដូរគ្រឿងញៀន
  • មិនបង្កសំលេង រំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ដែលនៅជិតខ្លួន
  • មិនអនុញ្ញាតឲ្យជក់បារីក្នុងបរិវេណទីតាំងប្រកួត
  • សហការ និងរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចនូវ បាតុភាពអសកម្ម ដែលបណ្តាលឲ្យប៉ះ ពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ:
  • ចូលរួមគ្រប់សកម្មភាពរបស់សហព័ន្ធ (ប្រជុំ និងការប្រកួត)
  • ចូលរួមប្រជុំជាមួយអគ្គលេខាធិការរយៈពេល៣ខែម្តង និង​ជួបប្រជុំ​ជាមួយ​ប្រធាន​សហព័ន្ធ​រយៈពេល៦ខែ ម្តង
  • ប្លុក (Block) វេបសាយល្បែងភ្នាល់ស៊ីសងតាមអនឡាញ និងវេបសាយអាសអាភាសផ្សេងៗ

គួរបញ្ជាក់ថា ចំពោះបណ្តាហាងអ៊ិនធើណែត និងអ្នកដែលប្រកប អាជីវកម្ម ពាក់​ព័ន្ធ​នឹង​កីឡា​អេឡិច​ត្រូនិក​កម្ពុជា មានបំណងចង់ចូលរួម ជាសមាជិកក្លឹបរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បី​ចូល​រួម​អភិវឌ្ឍវិស័យ Esports នៅកម្ពុជាឲ្យមានការរីកចម្រើនឆ្ពោះទៅ Sea Games 2025 នៅ​ប្រទេស​ថៃ និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖០៩៥ ៧២២ ២៩៧ ដើម្បីទទួលបានព័ត៌មានលម្អិត។
សូមបញ្ជាក់សហព័ន្ធមិនតម្រូវឲ្យបង់ថវិកាឡើយ៕

Share.