ការបំផ្ទុះមួយបានផ្ទុះឡើងតាមដងផ្លូវមួយ នៅជិតតំបន់អាជីវកម្ម ឡាទីន ជាតំបន់ប្រវត្តិសាស្ត្ររបស់ទីក្រុងប៉ារីស កាលពីថ្ងៃពុធ សប្ដាហ៍នេះ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួន២នាក់ ដែលគេបារម្ភថា ស្ថិតនៅក្រោមគំនរបាក់បែកនៃអគារដែលបានដួលរលំដោយសារការផ្ទុះនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣។​​​​​

ការផ្ទុះបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៣៧នាក់រងរបួស ដែលក្នុងនោះមនុស្ស ៤នាក់រងរបួសធ្ងន់នឹងបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ។

រដ្ឋមន្ត្រីមហាផ្ទៃលោក Gerald Darmanin បាននិយាយថា សត្វសុនខ sniffer បានបញ្ជូនទៅកន្លែងកើតហេតុដើម្បីស្វែងរក និងជួយសង្រ្គោះមនុស្ស។ លោក Darmanin បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បំផ្ទុះ​នោះ​ថា​៖ «អាច​នៅ​យប់​នេះ​ យើង​នឹង​រក​ឃើញ​សាកសព ឬ ​ប្រហែល​ជា​មានអ្នក​នៅ​រស់​រាន​មាន​ជីវិត»។

ចំពោះមូលហេតុនេះការផ្ទុះ ត្រូវបានគេសន្និដ្ឋានថា អាចមកពីការផ្ទុះហ្គាស ហើយតំបន់ដែលត្រូវបានឆេះនេះ គឺភាគច្រើនជាអគារសាលារៀនឯកជន។ ប៉ុន្ដែ ប៉ូលីសនឹងបើកការស៊ើបអង្កេតបន្ថែមជុំវិញហេតុការណ៍ដ៏រ​ន្ធត់នេះ។

អាជ្ញាធរ ក្រុមមន្រ្តីពន្លត់អគ្គីភ័យចំនួន ២៧០នាក់ បានចុះអន្តរាគមន៍ភ្លាមៗ ដោយបានជួយជម្លៀសប្រជាជនពីកន្លែងកើតហេតុ ព្រមទាំងប្រើឡានទឹកអស់រហូតដល់ ៧០គ្រឿងឯណោះ ដើម្បីគ្រប់គ្រងស្ថានការណ៍ឆាបឆេះ និង បានពន្លត់ដោយជោគជ័យ។

យ៉ាងណាម៉ិញ មហាជន រួមទាំងអាជ្ញាធរពាក់ព័ន្ធរបស់បារាំង បានចូលរួមបង្ហាញការសោកស្ដាយយ៉ាងខ្លាំង ចំពោះឧប្បទ្ទវហេតុនេះ ហើយសង្ឃឹមថា អ្នកដែលរងរបួសនឹងឆាប់ជាសះស្បើយ និង ឆាប់រកឃើញអ្នកបាត់ខ្លួនផងដែរ៕

ប្រភព៖ CNA

Share.