សិល្បៈ​ជាតិ​៖ តាម​ការ​រៀបរាប់​របស់​លោក​ វ៉ន សិលា​ បាន​ឱ្យ​ដឹង​ថា ​លោក ​និង​កញ្ញា ​ជីលី ​ទេវី​ កំពុង​ត្រៀម​ចេញ​ដំណើរ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ Mister​ And​ Miss​ Supranational​ នៅ​ប្រទេស​ ប៉ូឡូញ ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​ចំពោះ​ការ​ស្នើសុំ​ទិដ្ឋាការ​ឆ្លងដែន​ពី​​ប្រទេស ថៃ​។

បុរស​ឯក​ Mister ​Supranational​ Cambodia ​2023​ រូប​នេះ​បាន​បង្ហោះ​សារ​ប្រាប់​ទៅ​កាន់​ហ្វេន​អ្នកគាំទ្រ​ថា​ ៖ «​អរុណ​សួស្ដី​ពុក​ម៉ែ​បងប្អូន​ទាំង​អស់​គ្នា​!​ ! សូម​ជម្រាប​ជូន​ដំណឹង​ដល់​ពុក​ម៉ែ​បងប្អូន​​ឱ្យ​បាន​ជ្រាប​ថា​ ខ្ញុំ​បាទ​ សិលា​ និង​ ជីលី​ ពួក​ខ្ញុំ​ទាំង​ពីរ​នាក់​ បាន​ទទួល​ Visa Poland ​បាន​ដោយ​ជោគជ័យ​ហើយ​ កាល​ពី​ម្សិលមិញ​នៅ​ប្រទេស​ថៃ​។ អាស្រ័យ​ហេតុ​ដូច្នេះ​ ពួក​ខ្ញុំ​ទាំងពីរ​នឹង​ចេញ​ដំណើរ​ទៅ​ Poland ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​»​។

យ៉ាងណាមិញ​ មុន​ពេល​ចេញ​ទៅ​ប្រកួត​ជា​ផ្លូវការ​នៅ​ប្រទេស​ប៉ូឡូញ​ បេក្ខភាព​ Mister​ And ​Miss​ Supranational​ Cambodia​ ទាំង​ពីរ​រូប​នេះ​ក៏​កំពុង​ធ្វើការ​ហ្វឹកហាត់​ត្រៀម​ខ្លួន​យ៉ាង​មោះមុត​ជឿជាក់​ ក្នុង​ការ​ដុត​ខាត់​ទាំង​ភាសា​ ហ្វឹក​ហាត់​ដំណើរ ​និង​សមត្ថភាព​ផ្សេង​ៗ​ទៀត​ ជា​ពិសេស​ពួក​គេ​ក៏​បាន​ហាត់​និយាយ​ភាសា​ប៉ូឡូញ​យ៉ាង​ស្វាហាប់​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់ទំនង​អំឡុង​ពេល​ប្រកួត​លើ​ឆាក​អន្តរជាតិ​ដែល​ប្រទេស​ប៉ូឡូញ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​នេះ​ផង​ដែរ​។

សូម​ជម្រាប​ថា ​ការ​ប្រកួត​ Mister ​And ​Miss ​Supranational ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ​ឆ្នាំ​២០២៣​ នៅ​ Strzelecki ​Park ​Amphitheatre​ ក្នុង​ទី​ក្រុង ​Nowy​ Sacz ​ប្រទេស​ប៉ូឡូញ​ ដែល​មាន​គូ​បេក្ខភាព​មក​ពី​ ៣៩​ ប្រទេស​បាន​ចូល​រួម​។ ដូច្នោះ​ហើយ​អ្នក​គាំទ្រ​ទាំងអស់​គ្នា​កុំភ្លេច​រង់ចាំ​គាំទ្រ​បេក្ខភាព​កម្ពុជា​យើង​ឱ្យ​ទទួល​បាន​ជ័យជម្នះ​៕

Share.