រាជរដ្ឋាភិបាលកម្បុជាបានដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បី បង្កើត ភាពស៊ាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការ បើក សាលារៀន ឡើងវិញ។

ផែនការនេះត្រូវបានប្រកាសឲ្យដឹងដោយសម្តេចតេជោ ហ៊ុន សែន តាមសារជាសំឡេងពិសេសមួយនាព្រឹកថ្ងៃសុក្រ ទី១៦ ខែ កក្កដា ឆ្នាំ២០២១នេះ។

បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការ បើក ដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាម សាលារៀនដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យ ឡើង។

សម្តេចបានបញ្ជាក់ដែរថា ក្មេងអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ មានចំនួនប្រមាណ ១លាន ៩សែន ឬនិយាយជាលេខមូលស្មើនឹង ២លាន នាក់។ តាមរយៈចំនួននេះ កម្ពុជាត្រូវការវ៉ាក់សាំងប្រមាណ ៤លានដូសបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតា និងអាណាព្យាបាល ឱ្យនាំកូនៗទៅចាក់វ៉ាក់សាំង ដើម្បី ទទួលបានកងការពារការវាយប្រហារពីជំងឺកូវីដ១៩។

ផែនការចាក់វ៉ាក់សាំងនេះដល់កុមារនិងយុវវ័យនេះ នឹងចាប់ផ្តើមពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងឈានទៅខេត្តព្រះសីហនុ ព្រមទាំងខេត្តជាបន្តបន្ទាប់ទៀត។

យ៉ាងណាក៏ដោយសម្តេចបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅ ទទួលវ៉ាក់សាំង៕

Share.