ជាថ្មីម្ដងទៀត រាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ត្រៀមចាក់វ៉ាក់សាំងជូនកុមារអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ដែលតំបន់ខាងលើនេះជាតំបន់ឆ្លងជំងឺកូវីដ១៩ ដូច្នេះត្រូវផ្ដល់អាទិភាព សម្រាប់ការចាក់វ៉ាក់សាំង ដូចយុទ្ធនាការចាក់វ៉ាក់សាំង លើមនុស្សអាយុ ១៨ឆ្នាំឡើង កាលពីពេលកន្លងមក។ ការលើកឡើងនេះ ធ្វើឡើងតាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានចែកចាយតាមបណ្ដាញសង្គម នៅព្រឹកថ្ងៃទី ១៦ កក្កដា ២០២១។

យោងតាមរបាយការណ៍បានឲ្យដឹងថា កុមារអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ មានរង្វង់ ២លាននាក់ ដូច្នេះ កម្ពុជាត្រូវការវ៉ាក់សាំងប្រមាណជាជាង ៤លានដូស ដើម្បីត្រៀមចាក់ជូនកុមារ នៅពេលខាងមុខនេះ។ 

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនេះ  គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងត្រូវរៀបចំធ្វើការជាមួយនឹងបណ្ដាខេត្ដគោលដៅសម្រាប់ការចាក់វ៉ាក់សាំងនេះ ហើយគណៈកម្មការចំពោះកិច្ច ត្រូវខិតខំចរចាជាមួយនឹងបណ្ដាប្រទេសជាពិសេសសាធារណរដ្ឋប្រជាមានិតចិនទៅលើវ៉ាក់សាំងសម្រាប់ការចាក់ចំពោះកុមារ និងយុវវ័យដែលមានប្រមាណជាពីរលាននាក់ ម៉្លោះហើយយើងត្រូវការវ៉ាក់សាំងបួនលានដូសបន្ថែមទៀត។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់ជាទស្សនទានផងដែរថា សម្រាប់ការចាក់ឲ្យកុមារជូនកុមារ យើងក៏មិនត្រូវភ្លេចថា នៅពេលដែលយើង ឲ្យកុមារអាយុដប់ពីរឆ្នាំរួចហើយ ច្បាស់ណាស់ថាក្នុងតែប៉ុន្មានខែក្រោយយើងនឹងមានកុមារអាយុដប់ពីរឆ្នាំបន្ថែមទៀតដោយអាយុដប់មួយឆ្នាំ និងឡើងចូលម៉ោងដប់ពីរឆ្នាំ ដូច្នេះយើងត្រូវបម្រុងទុកសម្រាប់ការចាក់ជូនពួកជាបន្ដ។ យ៉ាងណាមិញ ការចាក់វ៉ាក់សាំងជូនកុមារ គឺធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្តដោយគ្មានការបង្ខិតបង្ខំ។

ទោះជាការចាក់វ៉ាក់សាំងដល់កុមារដោយមិនបង្ខិតបង្ខំ សម្ដេចសម្ដែងការជឿជាក់ថា កន្លងមក ប្រជាពលរដ្ឋរបស់យើងយ៉ាងច្រើនកុះករភ្លូកទឹកភ្លូកដីមករកវ៉ាក់សាំង រាប់ទាំងអ្នកដែលមានវ័យចំណាស់អាយុជាង៩០ឆ្នាំ ដល់ជាង១០០ឆ្នាំ បានមកឆ្នាំចាក់វ៉ាក់សាំងរួចហើយ ដែលមានអាយុ៩០-១០០ឆ្នាំជាង មាន៨នាក់រួចមកហើយ បានមកទទួលសេវាចាក់វ៉ាក់សាំង។ ម៉្លោះហើយ សម្ដេចជឿជាក់ថា មាតាបិតារបស់កុមារ និងយុវវ័យ នឹងនាំកូនៗមកចាក់វ៉ាក់សាំង ក៏ប៉ុន្តែយើងក៏មិនត្រូវបង្ខំក្មេងដែលខ្លាចម្ជុលចាក់វ៉ាក់សាំងនោះដែរ យើងក៏ត្រូវរកគ្រប់វិធីដើម្បីការពារ។

បើទោះបីមានការចាក់វ៉ាក់សាំង ឬមិនចាក់វ៉ាក់សាំងក្ដី សម្ដេចក៏នៅតែក្រើនរំលឹកថា គ្រប់គ្នាត្រូវអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការបីកុំ ៣ការពារ ត្រូវទៅធ្វើជាបន្តដើម្បីចៀសវាងនូវការឆ្លងណាមួយជាយថាហេតុ។

«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាវ៉ាក់សាំងនៅក្នុងប្រទេសរបស់យើងបន្ទាប់ពីការចាក់១០លាននាក់រួចមកហើយសម្រាប់អាយុ១៨ឆ្នាំឡើងលើ យើងនៅចក្រប្រមាណពីរលាននាក់បន្ថែមទៀត សម្រាប់អាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ ដូច្នេះភាពសាមញ្ញនៅក្នុងសង្គមរបស់យើង គឺដែលកាន់តែមានភាពងាយស្រួលផ្តល់ឱកាសឲ្យយើងបើកឡើងវិញនូវសេដ្ឋកិច្ចសង្គមជាពិសេសការបើកឡើងវិញសម្រាប់សាលារៀន ចំណេះទូទៅចាប់ពីអនុវិទ្យាល័យវិទ្យាល័យរហូតទៅដល់មហាវិទ្យាល័យ»។ សម្ដេចតេជោ ហ៊ុន សែន បន្ថែម។

សម្ដេចក៏បានសម្ដែងការជឿជាក់ដែរថា «ប្រជាពលរដ្ឋរបស់យើងនឹងចូលរួមជាបន្តទៀតដើម្បី សុខភាពរបស់បុគ្គលម្នាក់ដែលដឹកសុខភាពនៅក្នុងគ្រួសារនីមួយៗ ក៏ដូចជាសុខភាពដែលតាមសហគមន៍ក៏ដូចជាប្រទេសជាតិរបស់យើងប្រឆាំងនឹងជំងឺកូវីដ១៩ ហើយជាពិសេសវាកាន់តែសាហាវទៅ ទៅ មិនថាតែប្រទេសយើងនោះទេ គឺប្រទេសដែលក្រុមទូទាំងពិភពលោកមិនទាន់មានប្រទេសណាមួយដែលបំបាត់ចោលទាំងស្រុងនូវ ជំងឺកូវីដ១៩នេះទេ គ្រាន់តែនៅឆ្លងតិច និងស្លាប់តិច និងស្លាប់ច្រើនតែប៉ុណ្ណោះ ខ្ញុំសង្ឃឹមថា ខ្មែរយើងធ្វើបានចំពោះអ្វីដែលយើងបានធ្វើជោគជ័យរួចមកហើយ ហើយយើងនៅបន្ដជោគជ័យទៅលើកិច្ចការ ដែលទាក់ទងនឹងការការពារសុខភាពរបស់ប្រជាជនយើង តាមរយៈការស្វះស្វែងរកវ៉ាក់សាំងការខិតខំចាក់វ៉ាក់សាំងការចូលរួមពីប្រជាពលរដ្ឋរបស់យើងដើម្បីទទួលវ៉ាក់សាំងសម្រាប់ការពារខ្លួន ការពារក្រុមគ្រួសារ និងសហគមន៍»។ 

Share.