ជំនន់ទឹកភ្លៀងដែលបន្តធ្លាក់ជាប់ៗគ្នានៅក្នុងតំបន់ព្រំដែនស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានវិលទៅរកសភាពធម្មតាវិញហើយ ជាមួយគ្នាប្រជាពលរដ្ឋដែលភៀសខ្លួនរកទីទួលមានសុងត្ថិភាពក៏បានវិលត្រឡប់ទៅកាន់លំនៅស្ថានរបស់ខ្លួនរៀងៗខ្លួនវិញដែរមកដល់ពេលនេះ។

លោក យ៉ាន ឧត្តម មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលធ្លាក់ជាប់ៗគ្នាជាច្រើនពិសេសនៅថ្ងៃទី ១៤ កក្កដា បានបណ្តាលឲ្យជំនន់ទឹកភ្លៀងហក់ឡើងខ្លាំងជោរជន់លិចលំនៅស្ថាន និងដំណាំរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ និងហិកតា។ 

ជំនន់រយៈពេលខ្លីនេះ បានស្រកស្រុងទៅវិញជាបណ្តើរៗទៅវិញ មកដល់ពីថ្ងៃទី ១៥ -១៦ ខែកក្កដានេះ ទឹកដែលជន់បានបន្តស្រកចុះអស់ទាំងស្រុងវិលទៅរកសភាពធម្មតាវិញហើយ ចំណែកប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលអាជ្ញាធរបង្ខំចិត្តជន្លៀសដឹកជញ្ជូនចេញទាំងយប់នោះ បច្ចុប្បន្ននេះអាជ្ញាធរ ក៏ដូចជាពលរដ្ឋខ្លួនឯងបានរៀបចំវិលត្រឡប់ទៅកាន់លំនៅស្ថានរបស់ខ្លួនរៀងៗខ្លួនវិញដែរ។

ជំនន់ទឹកភ្លៀងដែលធំហើយធ្លាក់គ្របដណ្តប់លើមូលដ្ឋានស្រុកភ្នំព្រឹក កាលពីថ្ងៃទី ១៤ ខែកក្កដាកន្លងទៅនេះ បានបង្កការប៉ះពាល់ដល់ឃុំចំនួន ៤ ក្នុងនោះបានធ្វើឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៦៥៦ខ្នងរងការជន់លិច និង ៧៤គ្រួសារត្រូវជន្លៀសខ្លួនចាកចេញទៅរកទីទួលមានសុវត្ថិភាព ក្រៅពីនេះថែមទាំងបានបណ្តាលអោយដាច់លូរប្រអប់អស់ចំនួន ២កន្លែង ដាច់ខូចផ្លូវគ្រួសក្រហមចំនួន ២កន្លែង នៅចំណុចស្រែ ១០០ ក្នុងភូមិបួរ ឃុំបួរ ប្រវែងប្រមាណ ៣០០ម៉ែត្រ និងនៅតំបន់ភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ប៉ះពាល់ផ្លូវប្រវែង ១៥០ម៉ែត្រផងដែរ៕

អត្ថបទ៖ ដំបងក្រញូង

Share.