ក្នុងចំណោមរឿងនិទានទាំងអស់នៃអបិយជំនឿ រឿងនេះប្រហែលជាឯកសារល្អបំផុត រំខានបំផុត និង ពិបាកពន្យល់បំផុត។

ព្រះនាង Amen-Ra (នៅក្នុងវប្បធម៌អេហ្ស៊ីបអាទិទេព ឬ ព្រះនាង Amen-Ra គឺជាទេពព្រះអាទិត្យដែលធំលើសទេពទាំងពួក ហើយគ្រប់គ្រងនៅឋានទាំង៣ នៃដែនដីអេហ្ស៊ីប)។ ព្រះនាងរស់នៅប្រហែល ១,៥០០ឆ្នាំមុនគ្រិស្ដសករាជ ព្រះនាងត្រូវបានគេដាក់ក្នុងមឈូសឈើដ៏ប្រណិតមួយ ហើយកប់យ៉ាងជ្រៅនៅទីក្រុង Luxor តាមច្រាំងទន្លេនីល។

កាលពីចុងទសវត្សរ៍ឆ្នាំ១៨៨០ ក្រុមបុរសអ្នកមានជនជាតិអង់គ្លេសវ័យក្មេង ដែលទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអុកហ្វតចំនួន៤នាក់ បានធ្វើដំណើរទស្សនាចរប្រទេសអេហ្សីបតាមដងទន្លេនីល (Nile) ដើម្បីជាអនុស្សាវរីយ៍ ដោយមានការចាប់អារម្មណ៍នឹងប្រវត្តិសាស្រ្តរបស់អេហ្ស៊ីបផង ពួកគេក៏បានទិញមឈូសខ្មោចម៉ាំមីដែលទើបជីកបានថ្មីៗ ពីប្រាសាទមួយកន្លែងដែលឧទ្ទិសទៅដល់អាទិទេពកំពូលរបស់ពួកគេហៅថា Amen Ra។

មឈូសម៉ាំមីដែលក្រុមអង់គ្លេសទិញបាននោះ គឺជារបស់ស្រ្តីដែលមានឋានៈខ្ពង់ខ្ពស់មួយរូបនៅក្នុងសម័យនោះ ហើយប្រកបដោយក្បូរក្បាច់រចនាយ៉ាងប្រណិត ព្រមទាំងមានសញ្ញាចារិកនៅលើមឈូសនោះផងដែរ។

សញ្ញាចារិកត្រូវបានបកប្រែពីអ្នកជំនាញប្រវត្តិសាស្រ្តអេហ្សីបថា ជាបណ្តាសារ ឬ ការដាក់ទំនាយឲ្យវិនាសដល់អ្នកទាំងឡាយណាដែលមករំខាន ឬ យាយីដល់សេចក្តីសុខស្ងប់របស់ខ្លួន។
ហើយពួកទេសចរអង់គ្លេសបានក្លាយជាជនរងគ្រោះនៃបណ្តាសារបស់ម៉ាំមី។

នៅពេលដែលត្រឡប់មកដល់សណ្ឋាគារវិញ បុរសម្នាក់ដែលជាអ្នកចេញមុខចេញមាត់ក្នុងការចរចាទិញមឈូស បានដើរឆ្លងកាត់វាលខ្សាច់ ទៅរកកន្លែងដើមរបស់មឈូសម៉ាំមីវិញ ហើយបាត់ខ្លួនរហូតមក។ អ្នកដែលនៅសល់ក៏សម្រេចត្រឡប់មករដ្ឋធានីក្រុង Cairo វិញជាមួយនឹងមឈូសបុរាណនោះ។

នៅតាមផ្លូវមនុស្ស ២នាក់ទៀតស្លាប់ដោយអាថ៏កំបាំង ហើយពេលមកដល់ក្រុងគែរ ម្នាក់ទៀតត្រូវបានគេបាញ់ដោយអចេតនារហូតត្រូវកាត់ដៃចេញ។ សមាជិក ២នាក់ទៀតមានសុវត្ថិភាពអាចមកដល់អង់គ្លេសវិញជាមួយនឹងមឈូស ប៉ុន្តែមានម្នាក់បានធ្លាក់ខ្លួនឈឺរហូតដល់ពិការមិនអាចធ្វើការងារកើត នៅសល់តែសមាជិក១នាក់ទៀតប៉ុណ្ណោះ ឈ្មោះ Arthur Wheeler គឺជាអ្នកគ្រប់គ្រងមឈូសនេះ។ ប៉ុន្តែតែមួយពព្រិចភ្នែក ទ្រព្យសម្បត្តិរបស់លោក Wheeler ត្រូវបានរលាយបាត់អស់ ហើយក្លាយខ្លួនជាអ្នកសុំទាន។ ក្រោយមកគេបានចាត់ទុកមឈូសនោះថា «មឈូសបណ្ដាសារ»។

មឈូសបណ្តាសារ ត្រូវបានផ្ញើទុកនៅផ្ទះប្អូនស្រីរបស់លោក Wheeler ហើយនៅឆ្នាំ១៨៨៧ ប្អូនស្រីរបស់លោកបានជួលគេឲ្យមកថតរូបមឈូសនេះ និង បកប្រែបន្ថែមពីសញ្ញាចារឹកនៅលើមឈូសក្នុងគោលបំណងដើម្បីលក់ចេញ។ ប៉ុន្ដែរូបថតចេញមក ហាក់ដូចមានមនុស្សស្រីសើចដាក់ពីក្នុងមឈូស ហើយអ្នកថតបានស្លាប់ ដូចគ្នានឹងអ្នកកាន់មឈូសផងដែរ។ រីឯបុរសដែលមានជំនាញក្នុងការបកប្រែសញ្ញាចារិក បានរវើរវាយ ចាក់សោទ្វារបន្ទប់គេងហើយបាញ់សម្លាប់ខ្លួនឯង។

មឈូសបណ្តាសារត្រូវបានអ្នកមានម្នាក់ទិញយកទៅរក្សាទុក ប៉ុន្តែមិនអាចរក្សាទុកបានយូរនោះទេ នៅពេលយកទៅដល់ផ្ទះរក្សាទុក ផ្ទះបានឆេះស្ទើរតែទាំងស្រុង ហើយសមាជិកគ្រួសាររបស់អ្នកមានម្នាក់នោះបានរងរបួសធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍។

ទីបំផុតមឈូសបណ្តាសារត្រូវបានបរិច្ចាគទៅឲ្យសារមន្ទីរជាតិអង់គ្លេស។ នៅពេលដឹកមឈូសមកដល់សារមន្ទីរ កម្មករម្នាក់ត្រូវបានមឈូសសង្កត់់លើរហូតដល់បាក់ជើង ហើយម្នាក់ទៀតបានស្លាប់យ៉ាងអាថ៏កំបាំងក្នុងយប់បន្ទាប់មក រីឯឡានដែលដឹកមឈូសមក បានត្រឡប់ទៅវិញជួបគ្រោះថ្នាក់ចរាចរណ៍ទៀត។

នៅពេលមឈូសបណ្តាសារត្រូវបានដាក់តាំងបង្ហាញ ឆ្មាំសារមន្ទីរតែងរាយការណ៍អំពីហេតុការណ៍ខ្មោចលងនានាដូចជា សម្លេងគោះមឈូស សម្លេងស្រែកយំចេញពីមឈូសជាដើម។ល។ ហើយឆ្មាំម្នាក់បានស្លាប់ ហើយម្នាក់ទៀតបានសុំលាឈប់ ហើយអ្នកផ្សេងៗទៀត មិនហ៊ានមកក្បែរទីតាំងមឈូសនោះទេ។

ហេតុការណ៍ខ្មោចលងក្នុងសារមន្ទីរបានល្បីល្បាញយ៉ាងខ្លាំងនៅក្នុងសង្គមអង់គ្លេស រហូតដល់ឆ្នាំ១៩០៤ មានអ្នកកាសែតល្បីឈ្មោះម្នាក់ឈ្មោះ Bertram Robinson បានសរសេររាយការណ៍នៅលើទំព័រមុខនៃកាសែត Daily Express អំពីខ្មោចលងដែលចេញពីមឈូសបណ្តាសារ ប៉ុន្ដែ ៣ឆ្នាំក្រោយមក អ្នកកាសែតរូបនេះបានស្លាប់ដោយសារជំងឺ។

ទាក់ទិននឹងបញ្ហានេះ លោក Sir Arthur Doyle ជាអ្នកនិពន្ធរឿង Sherlock Holmes បាននិយាយថា លោកធ្លាប់បានព្រមានអ្នកកាសែតឈ្មោះ Robinson ជាច្រើនដងមិនឲ្យទៅខ្វល់ខ្វាយជាមួយនឹងមឈូសមុំាមីនោះ ព្រោះវាអាចធ្វើឲ្យលោកជួបគ្រោះថ្នាក់ដល់បាត់បង់ជីវិត។

ក្រោយមក មឈូសបណ្តាសារត្រូវបានលក់ទៅបុរាណវិទូមានទ្រព្យសម្បត្តិជនជាតិអាមេរិក១រូប ដែលមិនជឿសោះឡើយនូវរឿងនេះ ហើយអះអាងថា រឿងហេតុកន្លងមកនោះសុទ្ធតែជារឿងចៃដន្យប៉ុណ្ណោះ។

បុរាណវិទូម្នាក់នោះ បានបញ្ជាទិញមឈូសនេះ ក្នុងតម្លៃដ៏ថ្លៃប្រមាណ៥០ម៉ឺនដុល្លារ (បើគិតតម្លៃបច្ចុប្បន្ននេះប្រមាណជាង១៨លានដុល្លារ) ហើយរៀបចំដឹកពីចក្រភពអង់គ្លេស ទៅកាន់អាមេរិកតាមកប៉ាលទីតានិកដែលមានឈ្មោះថា «H.M.S TITANIC ឬ White Star»។

(Original Caption) Illustration entitled "THE DOOMED TITANIC," depicting the moment of the huge ship's final plunge on April 14th, 1912. Boatloads of survivors leave the sinking vessel. Undated drawing. (Getty Images)

កប៉ាលទីតានិក H.M.S TITANIC ឬ White Star នេះហើយ ជាកប៉ាលដែលបានលិចនៅមហាសមុទ្រអាត្លង់ទិកខាងជើង កាលពីយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ ដែលឆក់យកជីវិតមនុស្សនៅលើកប៉ាលប្រមាណជាង ១,៥០០នាក់។

បើតាមរបាយការណ៍ នៅលើកប៉ាល់ទីតានិកនោះ មានមនុស្សសរុបប្រមាណជា ២,២០០នាក់ ដំឡូងបារាំង៤០តោន ទឹករ៉ែ១២,០០០ដប កាហ្វេ៧,០០០បាវ ស៊ុតចំនួន៣៥,០០០គ្រាប់ និង មឈូសម៉ាំមីអេហ្ស៊ីបចំនួនមួយ ហើយមឈូសនោះគឺជា មឈូសបណ្ដាសារដែលគេបញ្ជូនទៅកាន់ប្រទេសអាមេរិក តាមការបញ្ជាទិញរបស់បុរាណវិទូអ្នកមានទ្រព្យនោះហើយ។

ដោយសារមានតម្លៃមហាសាល មឈូសនេះត្រូវបានរៀបចំដាក់នៅក្បែរបន្ទប់របស់កាពីតែនស្មីត ដែលជាមេបញ្ជាការកប៉ាល់ទីតានិកនាវេលានោះ។

នៅលើកប៉ាល់ទីតានិក មានអ្នកកាសែតអង់គ្លេសល្បីឈ្មោះម្នាក់ឈ្មោះ William T. Stead បាននិយាយរឿងខ្មោចម៉ាំមីលងនៅសារមន្ទីរអង់គ្លេស ប្រាប់អ្នកដំណើរនៅកប៉ាល។ ក្រោយនិយាយបានតែ២ថ្ងៃ កប៉ាល់ទីតានិក បានជួបគ្រោះថ្នាក់ ហើយអ្នកកាសែតរូបនោះ ព្រមទាំងអ្នកដំណើរជាង១,៥០០នាក់ផ្សេងទៀត បានបាត់បង់ជីវិត។

មានរឿងមួយទៀតនិយាយថា មុនពេលហេតុការណ៍កប៉ាល់ទីតានិកបុកភ្នំទឹកកក លោកកាពីតែនស្មីត បានចូលទៅមើលមឈូសបណ្តាសារ ហើយពេលចេញមកវិញកែវភ្នែករបស់លោកមានលក្ខណៈកាចសាហាវប្រៀបបានដូចជាបីសាច ហើយបញ្ជាឲ្យកប៉ាលបន្ថែមល្បឿនទោះបីកូនចៅឃើញភ្នំទឹកកក និង មានកប៉ាលផ្សេងៗបានឲ្យសញ្ញាថា មានភ្នំទឹកកកនៅខាងមុខ ហើយប្រាប់កាពីតែនពីបញ្ហានេះក៏ដោយ ក៏លោកកាពីតែនមិនបានស្តាប់ ហើយលទ្ធផល គឺសោកនាដកម្មនៃកប៉ាល់ទីតានិក ដែលត្រូវលិចក្រោមមហាសមុទ្រអាត្លង់ទិកក្នុងជម្រៅ ៣,៨១០ម៉ែត្រ ឬ មានចម្ងាយប្រមាណ៤គ.ម ហើយគេជឿថា មឈូសម៉ាំមីក៏នៅក្រោមបាតសមុទ្រជាមួយទីតានិកផងដែរ។

រឿងរ៉ាវមឈូសម៉ាំមីអេហ្សីបនៅលើកប៉ាល់ទីតានិចត្រូវបានផ្សព្វផ្សាយនៅលើកាសែតល្បីៗ របស់អាមេរិក និង អង់គ្លេសដូចជា កាសែត Washington Post, New York Times, Daily Mail ជាដើម។

ក្រោយៗមកទៀត ក៏មានពាក្យចចាមអារ៉ាមថា ពួកកប៉ាល់មុជទឹកនានាដែលទៅស្រាវជ្រាវពីទីតានិកបានថតជាប់វិញ្ញាណខ្មោច ឬ ជួបរឿងចម្លែកៗផងដែរ។ អ្នកខ្លះនៅតែមានជំនឿថា វិញ្ញាណម៉ាំមី និង អ្នកស្លាប់ផ្សេងៗទៀតកំពុងសម្រាកស្ងប់នៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង ដោយមិនត្រូវការរំខាននានានោះឡើយ។

មនុស្សមួយចំនួនបានលើកឡើងទាក់ទងរឿងកប៉ាល់មុជទឹកខ្នាតតូច Titan របស់ក្រុមហ៊ុន Ocean Gate ដែលទៅទស្សនាកប៉ាលទីតានិកនៅបាតសមុទ្រនេះថា អាចមិនមែនជារឿងបច្ចេកទេសតែមួយមុខក៏ថាបាន ព្រោះវាប្រៀបបានជាការចុះទៅរំខានសេចក្តីស្ងប់របស់គេ ហើយម៉្យាងវិញទៀត មានអ្នកខ្លះគេនិយាយថា សំឡេងដែលឧបករណ៍សូណា ឬ យន្ដហោះស្រូបសំឡេងរបស់កាណាដាចាប់បានមុនពេលរកឃើញបំណែកនាវាមុជទឹកTitan នោះ គឺដូចជា សម្លេងគោះចេញពីមឈូសដែលធ្លាប់ឮនៅក្នុងសារមន្ទីរនៅអង់គ្លេសដូច្នោះដែរ។

ក្នុងករណីដែលអ្នកចង់ដឹង ចង់ឃើញ និងមានពេលសម្រាកលំហែកាយ អាចទៅទស្សនា គម្របមឈូសបណ្ដាសារនេះបាន បច្ចុបន្នគេនៅដាក់តាំងបង្ហាញនៅសារមន្ទីរអង់គ្លេស ក្នុងបន្ទប់អេហ្ស៊ីបទី២ ដោយមានអត្ថលេខ 22542 នៅក្នុងបន្ទប់អេហ្ស៊ីបទីពីរ ហើយមានឈ្មោះថា Unlucky Mummy៕

ប្រភព៖ Snopes

Share.