យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian បានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងរៀបចំពិធីបុណ្យធម្មយាត្រាហាជ្ជ (Haj) រយៈពេល ៥ថ្ងៃគឺ ចាប់ពីថ្ងៃទី ១៧ ខែ កក្កដាខាងមុខនេះ ក្រោមការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ១៩ ដោយអនុញ្ញាតឲ្យប្រជាជននៅក្នុងស្រុកដែលចាក់វ៉ាក់សាំងរួចរាល់តែប៉ុណ្ណោះអាចចូលរួមក្នុងពិធីបាន ខណៈដែលប្រទេសនេះនៅបន្ដហាមឃាត់ជនបរទេសចូលក្នុងប្រទេសរបស់ខ្លួនជាលើកទី២ ក្នុងរយៈពេល ២ឆ្នាំមកនេះ។

ពិធីបុណ្យហាជ្ជ គឺជាសក្ការៈបូជាមួយក្នុងចំណោមសក្ការៈបូជាទាំង៥ នៃសាសនាឥស្លាមចំពោះព្រះអល់ឡោះជាម្ចាស់ ដែលទ្រង់បានបង្គាប់បញ្ជា មកលើជនជាតិមូស្លីមគ្រប់រូប។

ជនជាតិមូស្លីមគ្រប់រូបត្រូវអនុវត្ត ពិធីបុណ្យសាសនាធំៗចំនួន ៥ ដែលតម្រូវឲ្យពួកគេអនុវត្តយ៉ាងហោចណាស់១ដងក្នុងមួយឆាកជីវិត ដោយមានការទទួលស្គាល់អល់ឡោះជាម្ចាស់ និងមហាម៉ាត់ ជាអ្នកនាំសាសនារបស់ព្រះ, ការថ្វាយបង្គំព្រះមួយថ្ងៃ១យប់៥ដង, ការតមអាហារក្នុងខែរ៉ាម៉ាដន, ការផ្ដល់វិភាគទាន និងពិធីបុណ្យហាជ្ជនេះផងដែរ។ 

តាមរបាយការណ៍បង្ហាញថា ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនេះបានកើនឡើងចំនួនជាង ៥០ម៉ឺននាក់ និងអ្នកស្លាប់មានចំនួនជាង ៨ពាន់នាក់៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.