ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានចោទប្រកាន់អ៊ុយក្រែន និង សម្ព័ន្ធមិត្តលោកខាងលិចថា ចង់ឲ្យរុស្ស៊ី «សម្លាប់គ្នាទៅវិញទៅមក» អំឡុងពេលការបះបោរដោយទាហានស៊ីឈ្នួលរបស់ក្រុម Wagner ដែលបានធ្វើឲ្យប្រទេសនេះ មានភាពច្របូកច្របល់កាលពីចុងសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាដំបូងទៅកាន់ប្រទេសជាតិ ចាប់តាំងពីក្រុមបះបោរបានដកថយមក លោក ពូទីន បាននិយាយថា លោកបានចេញបញ្ជាឲ្យបញ្ចៀសការបង្ហូរឈាម និងបានផ្តល់ការលើកលែងទោសដល់ទាហានស៊ីឈ្នូល Wagner រួមទាំងមេក្រុមនេះ ដែលការបះបោរទាំងនេះ បានផ្ដល់ការប្រឈមដ៏ធំបំផុតសម្រាប់ការគ្រប់គ្រងរយៈពេល២ទសវត្សរ៍ របស់លោក។

លោកពូទីន បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា «ចាប់តាំងពីការចាប់ផ្តើមនៃព្រឹត្តិការណ៍នេះ ជំហានតាមបញ្ជារបស់ខ្ញុំត្រូវបានចាត់វិធានការដើម្បីជៀសវាងការបង្ហូរឈាមទ្រង់ទ្រាយធំ» លោក ពូទីន ក៏បានថ្លែងអំណរគុណដល់ប្រជាជនរុស្ស៊ីចំពោះការ «ស្នេហាជាតិ» របស់ពួកគេ។

លោក ពូទីន បាននិយាយថា «វាច្បាស់ណាស់ថា ជម្លោះនេះជាជម្លោះដែលសត្រូវរបស់រុស្ស៊ីចង់បាន៖ មានទាំងពួក neo-Nazis នៅទីក្រុង Kyiv និង ចៅហ្វាយលោកខាងលិចរបស់ពួកគេ រួមទាំងជនក្បត់ជាតិ សុទ្ធតែចង់ឃើញបងប្អូនរួមឈាមរបស់យើងកាប់សម្លាប់គ្នា។ ពួកគេចង់ឲ្យទាហានរុស្ស៊ីសម្លាប់គ្នាទៅវិញទៅមក»។

លោកពូទីនក៏បានថ្លែងអំណរគុណដល់មន្ត្រីសន្តិសុខរបស់គាត់សម្រាប់ការងាររបស់ពួកគេក្នុងអំឡុងពេលការបះបោរប្រដាប់អាវុធនៅក្នុងកិច្ចប្រជុំមួយដែលមានរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ដែលជាគោលដៅសំខាន់នៃការបះបោរ។

លោក ពូទីន បាននិយាយថា «សាមគ្គីភាពស៊ីវិលបានបង្ហាញថា ការចោទប្រកាន់ណាមួយ ការប៉ុនប៉ងណាមួយក្នុងការរៀបចំភាពចលាចលផ្ទៃក្នុង នឹងត្រូវបរាជ័យ»។ លោកបានបន្ថែមថា ក្រុមទាហានស៊ីឈ្នួល Wagner អាចជ្រើសរើសថា តើត្រូវចូលរួមជាមួយកងទ័ពរុស្ស៊ី ឬ ចាកចេញទៅកាន់ប្រទេសបេឡារុស្ស។

លោក ពូទីនបន្ថែមថា «ថ្ងៃនេះអ្នកមានលទ្ធភាពបន្តបម្រើរុស្ស៊ីដោយចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ ឬភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត ឬត្រឡប់ទៅរកគ្រួសារ និងមនុស្សជិតស្និទ្ធរបស់អ្នក… ហើយប្រសិនបើអ្នកណាចាកចេញអាចទៅប្រទេសបេឡារុស»។

ទាក់ទិននឹងបញ្ហានេះ ប្រធានក្រុម Wagner លោក Yevgeny Prigozhin បាននិយាយការពារការបះបោររបស់លោកថា ជាការដេញថ្លៃដើម្បីជួយសង្គ្រោះក្រុមទាហានស៊ីឈ្នួលរបស់គាត់ និងលាតត្រដាងការបរាជ័យនៃការដឹកនាំយោធារបស់រុស្ស៊ី ប៉ុន្តែមិនមែនដើម្បីប្រជែងនឹងវិមានក្រឹមឡាំងនោះទេ៕

ប្រភព៖ CNA

Share.