ក្លិបបាល់ទាត់ Next Step FC សមាជិកលីគលំដាប់ទី២កម្ពុជា Cambodian League 2 ដែលមានមូលដ្ឋាននៅទឹកដីអង្គរ ក្នុងខេត្តសៀមរាប បានប្រកាសផ្លាស់ប្តូរឈ្មោះថ្មីជា Angkor City FC ចាប់ពីរដូវកាល ២០២៣-២៤ តទៅ។

ជុំវិញការប្តូរឈ្មោះ Next Step FC ទៅជា Angkor City FC ស្ថាបនិក និងជាអ្នកគ្រប់គ្រងក្លិបលោក Charlie Pomroy បានលើកឡើងថា៖«យើងបានចាប់ផ្តើម Next Step FC ដើម្បីជាផ្នែកអភិវឌ្ឍន៍កីឡាបាល់ទាត់ ប៉ុន្តែចាប់តាំងពីពេលនោះមក ក៏បានផ្លាស់ប្តូរទៅជាក្រុមអាជីពដែលចូលរួមក្នុងប្រព័ន្ធ League កម្ពុជា។ ទន្ទឹមនឹងនេះ គំនិតដែលយើងចង់ផ្លាស់ប្តូរឈ្មោះរបស់យើងគឺក្នុងគោលបំណងដោយនេះជាគម្រោងថ្មីមួយ, ក៏ដូចជាការបង្កើតបន្ថែមទៀតនូវបរិយាកាសថ្មី រួមនឹងការពង្រឹងក្រុមប្រកបដោយវិជ្ជាជីវៈមួយ»។

លោកបន្តទៀតថា៖«ហើយតើអ្វីជាហេតុផលឲ្យយើងប្តូរឈ្មោះទៅAngkor City FC វិញ? ឈ្មោះនេះតំណាងឱ្យអ្វីៗជាច្រើន ប៉ុន្តែអ្វីដែលសំខាន់បំផុត ក្នុងចំណោមនោះគឺថា ក្លឹបរបស់យើងមានគម្រោងចាក់ឬសមូលដ្ឋាន ទាំងនៅខេត្តសៀមរាប និងកម្ពុជាផងដែរ ហើយឈ្មោះនេះក៏ជាឈ្មោះក្លឹបបាល់ទាត់ដ៏ល្អមួយដូចគ្នាដែរ»។

បុរសជនជាតិអង់គ្លេសខាងលើបន្ថែមទៀតថា៖«ជាការពិតណាស់ នៅក្នុងឈ្មោះថ្មីក៏មានពាក្យ “City” ផងដែរ ដោយលោក Pomroy មានគំនិតបន្ថែមដែលប្រៀបដូចក្រុម City Group នៃក្លិបដែលដឹកនាំដោយ Manchester City យើងកំពុងមានគោលបំណងដើម្បីនាំយកភាពជោគជ័យដោយឥឡូវនេះ ពួកយើងយក City Group និង Manchester City គឺជាគោល»។

លោក Pomroy បន្តទៀតថា៖«ការប្តូរឈ្មោះនេះ ក៏មានន័យផងដែរ ចំពោះនិមិត្តសញ្ញាថ្មី ក៏ដូចជាឈុតកីឡាបាល់ទាត់ ដែលភាគច្រើនត្រូវនឹងបានចេញផ្សាយជាផ្នែកនៃការប្តូរ Brand ថ្មីឡើងវិញ»។

យ៉ាងណាមិញក្រមសីលធម៌ទូទៅរបស់ក្លិបនឹងមិនផ្លាស់ប្តូរទេដោយលោក Pomroy បានចង្អុលបង្ហាញម្តងទៀតថាវាជាការបង្កើត Brand ថ្មីឡើងវិញ ជាជាងគ្រាន់តែការនិយាយឡើងវិញ ដោយលោកបានលើកឡើងថា៖« យើងជាក្លិបបាល់ទាត់ដូចគ្នា ហើយសីលធម៌របស់យើងនៅតែដូចមុនដដែល ប៉ុន្តែយើងធ្វើនេះដើម្បីអភិវឌ្ឍកីឡាករ និងវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា ហើយយើងក៏កំពុងតែរៀបចំខ្លួនយើងសម្រាប់ភាពជោគជ័យដែរ»។

លោក Charlie Pomroy លើកឡើងដូច្នេះថា៖«រហូតមកដល់ពេលនេះ ដំណឹងនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ ក៏ដូចជាអ្នកឧបត្ថម្ភ ដែលរួមមាន BPVE, Desportol, Young Pioneer Tours, Forte Insurance និង WeWatch។ ជំនាន់ថ្មីនេះត្រូវបាននាំមកជាមួយការប្រកាសរបស់ក្លិបជាមួយចក្ខុវិស័យថ្មីគឺ (Next Step យើងជាអ្នកបង្កើតប្រវត្តិសាស្ត្រ រីឯ Angkor City យើងនឹងកសាងកេរ្តិ៍ដំណែល)»៕

Share.