ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងខណ្ឌសែនសុខ ប្រដេញតាមចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ កំពុងធ្វើដំណើរតាមម៉ូតូកង់បី កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវ១៩៦៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៤នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ វង់ វិឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកបើកម៉ូតូធ្វើសកម្មភាព ។ ទី២ ឈ្មោះ រុន ដេវិត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលនៅភូមិចំការឪឡឹក២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកធ្វើសកម្មភាពឆក់ ។ ទី៣ ឈ្មោះ យុទ្ធ លីម៉េង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅ ផ្ទះជួលភូមិចំការឪឡឹក២ សង្កាត់កាកាប១ ខណ្ឌពោធិសែន រាជធានីភ្នំពេញ ជាអ្នកតាមពីក្រោយ ។ ទី៤ ឈ្មោះ រិទ្ធី សាក់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅស្នាក់នៅផ្ទះជួល ភូមិចំការឪឡឹក២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបបានសម្រេចពីនារីម្នាក់ កំពុងធ្វើដំណើរតាមម៉ូតូកង់បី ត្រូវបានកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងខណ្ឌសែនសុខ ប្រដេញតាមចាប់ខ្លួនបាន៣នាក់ នាំទៅសាកសួរ និងបន្តទៅចាប់ខ្លួនបានជនសង្ស័យម្នាក់ទៀត នៅតាមផ្លូវលំក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Share.